អ្នកជំនាញ៖ ការឆ្លើយតបយឺតយ៉ាវនៃស្ថាប័នសុខភាពសាធារណៈរបស់អាមេរិក ធ្វើឱ្យអូមីក្រុងឆ្លងអាក្រក់ជាងធម្មតា
រឿងដំបូងដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ធ្វើបន្ទាប់ពីជាប់ឆ្នោតគឺត្រូវដាក់ឈ្មោះក្រុមប្រឹក្សាភិបាលថ្មីនៃវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រ ដើម្បីដោះស្រាយការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយគ្រប់វិធានការនឹងត្រូវបានដឹកនាំដោយអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញ។
ក្នុងឆ្នាំដំបូងនៃអាណត្តិប្រធានាធិបតី លោក Biden មានការផ្លាស់ប្តូរជាច្រើនអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាត។ មកទល់ពេលនេះ មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកភាគច្រើនបានទទួលវ៉ាក់សាំង ហើយការព្យាបាលថ្មីដែលមានប្រសិទ្ធភាពជាងមុនក៏ត្រូវបានអនុម័ត។
ប៉ុន្តែប៉ុន្មានខែកន្លងទៅនេះ ស្របពេលដែលវ៉ារ្យ៉ង់ឆ្លងរហ័សអូមីក្រុងរាលដាល ការឆ្លើយតបផ្សេងៗក៏ត្រូវបានញាំញីដោយកំហុសឆ្គងមួយចំនួន និងការមិនដំណើរការផ្នែករដ្ឋបាល ដែលធ្លាប់កើតមានក្នុងអាណត្តិលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។
ករណីថ្មីនៃកូវីដ-១៩ ចាប់ផ្តើមធ្លាក់ចុះនៅទូទាំងប្រទេសគិតត្រឹមចុងខែមករានេះ។ ទោះបីយ៉ាងនេះក្ដី អ្នកជំនាញខាងជំងឺឆ្លងលោក Anthony S. Fauci ព្រមាននាពេលថ្មីៗនេះថា ការលុបបំបាត់ ឬការបញ្ចប់វីរុសនៅតែមិនទំនង ហើយការធ្លាក់ចុះក៏មិនបង្ហាញថា ប្រទេសអាចគ្រប់គ្រងស្ថានការណ៍នៃវីរុសបានដែរ។
គោលនយោបាយរបស់រដ្ឋបាលលោក Biden ស្តីពីការចាក់វ៉ាក់សាំងដូសជំរុញ ការធ្វើតេស្តនៅផ្ទះ ការពាក់ម៉ាស់ និងការធ្វើចត្តាឡីស័ក ស្ថិតក្នុងភាពមិនជាប់លាប់ ដែលអ្នករិះគន់និយាយថា ជាបញ្ហាធ្វើឱ្យរលករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុងរបស់ប្រទេសកាន់តែអាក្រក់ជាងធម្មតា។ អ្នកជំនាញផ្នែកសុខភាពសាធារណៈ និងមន្ត្រីរដ្ឋាភិបាលនិយាយថា ឫសគល់នៃបញ្ហាទាំងនេះ គឺជាជំងឺដែលបង្កទុក្ខដល់ស្ថាប័នសុខភាពសាធារណៈសំខាន់ៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំក្នុងនាមជាអ្នកដឹកនាំសកលលោកក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងគោលនយោបាយសុខភាពសាធារណៈ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) រដ្ឋបាលចំណីអាហារ និងឱសថ (FDA) និងវិទ្យាស្ថានជាតិសុខភាព មានដំណើរការយឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃជំងឺរាតត្បាត ហើយក៏គ្មានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងចំណោមនោះ។
លោកវេជ្ជបណ្ឌិត Ezekiel Emanuel សាស្ត្រាចារ្យផ្នែកគ្រប់គ្រងការថែទាំសុខភាពនៅសាកលវិទ្យាល័យ Pennsylvania និងជាអតីតទីប្រឹក្សារបស់លោក Biden អំពីកូវីដ-១៩ និយាយប្រាប់កាសែត Financial Times ថា៖ «យើងមានស្ថានភាពមួយដែលភ្នាក់ងារទាំងនេះមិនបានឆ្លើយតបដូចដែលពួកគេគួរ។ ប្រធានបទជាមូលដ្ឋាននោះគឺភាពមិនចេះបត់បែន ទាំងផ្នែកធនធាន និងមនោគមវិជ្ជា»។
បច្ចុប្បន្ននេះ មនុស្សជាច្រើនជឿថា សហរដ្ឋអាមេរិកនឹងបន្តទទួលរងនូវការឆ្លង និងអត្រាស្លាប់ខ្ពស់ជាងបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត ដោយលុះត្រាតែលោក Biden ផ្តល់អាទិភាពក្នុងការធ្វើកំណែទម្រង់ទីភ្នាក់ងារ ដែលផ្តល់ការងារដល់មនុស្សជិតកន្លះសែននាក់នេះ។
លោក James Capretta បុគ្គលិកជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិក និងជាអតីតមន្ត្រីសេតវិមាននិយាយថា៖ «រដ្ឋបាលលោក Biden ប្រហែលជាកំពុងស្វែងរកយ៉ាងឆាប់រហ័សថាបញ្ហាមួយចំនួនដែលរដ្ឋបាលលោក Trump មាន គឺជារចនាសម្ព័ន្ធ និងស្ថាប័ន។ ជាពិសេស CDC ជាមូលដ្ឋានហាក់ដូចជាមិនមែនជាភ្នាក់ងារប្រតិបត្តិការទេ ដោយពួកគេធ្វើការស៊ើកៗ»។
អ្នករិះគន់និយាយថា CDC ដែលមានតួនាទីវាយតម្លៃហានិភ័យនៃមេរោគ តាមដានការរីករាលដាលរបស់វា និងចេញគោលការណ៍ណែនាំសុខភាពសាធារណៈដល់រដ្ឋនោះ មានភាពយឺតយ៉ាវក្នុងការទទួលស្គាល់ការគំរាមកំហែងដែលបង្កឡើងដោយអូមីក្រុង មិនត្រឹមតែទាក់ទងនឹងកម្រិតនៃការឆ្លងប៉ុណ្ណោះទេ ប៉ុន្តែវាមានន័យផងដែរដើម្បីឱ្យមានមនុស្សច្រើននាក់ត្រូវធ្វើចត្តាឡីស័កក្នុងពេលតែមួយ។
ជាមួយគ្នានោះដែរ ការសម្រេចចិត្តយឺតយ៉ាវ និងកង្វះការសម្របសម្រួលក៏ញាំញីដល់ FDA ដែលជាអង្គការទទួលខុសត្រូវក្នុងការអនុម័តថ្នាំថ្មីនៅសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលអូមីក្រុងរាលដាល ឱសថស្ថាននៅសហរដ្ឋអាមេរិកចាប់ផ្តើមបន្ថយការផ្គត់ផ្គង់ប្រដាប់ធ្វើតេស្តរហ័សដោយសារការខ្វះខាត ហើយមូលហេតុនៃកង្វះការផ្គត់ផ្គង់នេះគឺដោយសារតែ FDA អនុម័តឧបករណ៍ធ្វើតេស្តរហ័សថ្មីយឺតយ៉ាវ។ អ្នកជំនាញជាច្រើនប្រកែកថា វាជាការប្រសើរជាងក្នុងការធ្វើឱ្យទីផ្សារមានឧបករណ៍ធ្វើតេស្តគ្រប់គ្រាន់ ហើយអនុញ្ញាតឱ្យមនុស្សធ្វើតេស្តជាទៀងទាត់។
យ៉ាងណាមិញ ខណៈដែលមានការរិះគន់ដែលថារដ្ឋបាលលោក Biden គួរតែធ្វើកំណែទម្រង់ស្ថានប័នសុខាភិបាលផ្សេងៗ មន្រ្តីរបស់លោកប្រធានាធិបតីរូបនេះនិយាយថា ពេលវេលាគឺមានសារៈសំខាន់ណាស់ចំពោះរឿងនេះ។
អ្នកស្រី Céline Gounder អ្នកឯកទេសខាងរោគរាតត្បាតដែលបម្រើការក្នុងក្រុមអន្តរកាលរបស់លោក Biden និយាយថា៖ «វាពិតជាលំបាកណាស់ក្នុងការធ្វើកំណែទម្រង់ទីភ្នាក់ងារទាំងនេះនៅកណ្តាលទីនៃជំងឺរាតត្បាត។ ពេលដែលអ្នកមានមនុស្សដែលធ្វើការ ១០០ ម៉ោងក្នុងមួយសប្តាហ៍រយៈពេល ២ ឆ្នាំ ប៉ុន្តែអ្វីដែលអ្នកចង់ធ្វើចុងក្រោយនោះគឺ កាន់តែធ្វើឱ្យបរិយាកាសមានអស្ថិរភាពបន្ថែមទៀត»។
ប្រភព៖ WASHINGTON POST