អ្វីខ្លះដែលយើងត្រូវយល់ដឹងពីរលកទីប្រាំរបស់ដែនកោះហុងកុង
ហុងកុង កំពុងប្រយុទ្ធនឹងវ៉ារ្យ៉ង់ចំនួន២ ក្នុងពេលតែមួយ គឺវ៉ារ៉្យង់ដែលតា និងអូមីក្រុង ដែលថ្មីៗនេះ ទីក្រុងនេះត្រូវប្រឈមនឹងរលកទី ៥ និងកំពុងដាក់យុទ្ធសាស្រ្តគ្រប់គ្រងជំងឺរាតត្បាត។
វ៉ារ្យ៉ង់អូមីក្រុង ដែលអាចឆ្លងបានកាន់តែច្រើន ក៏បានបង្កឱ្យមានការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការបិទបាំងផងដែរ។ អ្នកជំនាញ បានរកឃើញការចម្លងតាមអាកាសក្នុងរយៈចម្ងាយខ្លីជាច្រើនលើក រួមទាំងឆ្លងមេរោគនៅក្នុងសណ្ឋាគារ និងក្នុងកន្លែងប្រឡងនៅក្នុងសាលា ដែលសិស្សានុសិស្ស និងគ្រូតម្រូវឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។
ការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន នឹងអនុញ្ញាត្តឱ្យបើកដំណើរការមិនឱ្យលើសម៉ោង ៦ ល្ងាច។ កន្លែងកម្សាន្ត និងកីឡា ក៏ត្រូវបានបិទ សាលារៀន ត្រូវបានផ្អាក ជើងហោះហើរមកពីប្រទេសចំនួន ៨ អូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានហាមឃាត់។
ច្បាប់នេះ នឹងត្រូវបានពិនិត្យឡើងវិញម្តងទៀតនៅថ្ងៃទី ៤ ខែកុម្ភៈ។ ប៉ុន្តែមេដឹកនាំទីក្រុង Carrie Lam Cheng Yuet-ngor បានព្រមានថា ឱកាសនៃការបន្ធូរបន្ថយវិធានការគឺ តិចតួច ដោយសារការរីករាលដាលកាន់តែខ្លាំងឡើង។
ការរៀបចំតំបន់ចាក់វ៉ាក់សាំង ដោយធ្វើការហាមឃាត់ការចូលទៅកាន់កន្លែង ដែលមានប្រជាជនមិនទាន់ចាក់វ៉ាក់សាំង ក៏នឹងត្រូវបានពង្រីកផងដែរ ដើម្បីគ្របដណ្តប់កន្លែងជាច្រើនទៀតដូចជា ភោជនីយដ្ឋាន និងសាលារៀន។
ចំពេលរលកបច្ចុប្បន្ន អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដបន្តសង្កត់ធ្ងន់ទៅកាន់សាធារណជន អំពីតម្រូវការនៃការសម្រេចបាននូវអត្រាការចាក់វ៉ាក់សាំងពេញលេញខ្ពស់ជាងនេះ ដែលអត្រាការចាក់វ៉ាក់សាំងពេញលេញរបស់ហុងកុងគឺ ៦៣ ភាគរយគឺ ស្មើនឹងសហរដ្ឋអាមេរិក ប៉ុន្តែគឺទាបជាងដៃគូក្នុងតំបន់ដូចជា តៃវ៉ាន់ (៧២ ភាគរយ) ជប៉ុន (៧៩ ភាគរយ) កូរ៉េខាងត្បូង (៨៥ ភាគរយ) និងសិង្ហបុរី (៨៧ ភាគរយ)។
ទោះបីជា អត្រានៃការឆ្លងមេរោគធ្ងន់ធ្ងរ ដោយសារវ៉ារ្យ៉ង់អូមីក្រុងស្ថិតក្នុងកម្រិតទាប ក៏ដោយ ក៏ ឥទ្ធិពលវាលើមនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ អាចនៅតែធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាក៏ដោយ វាមានការខ្វះខាតនូវផែនការទំនាក់ទំនង និងសកម្មភាពប្រកប ដោយប្រសិទ្ធភាពណាមួយ ដើម្បីទាក់ទងការព្រួយបារម្ភបែបនេះ ក្នុងវិធីមួយ ដែលនឹងបញ្ចុះបញ្ចូលអ្នក ដែលមានការខ្វះខាតកាន់តែច្រើនក្នុងការទទួលវ៉ាក់សាំង។
ជាងនេះទៅទៀត ទោះបីជាមនុស្សភាគច្រើនយល់ស្របថា ការចាក់វ៉ាក់សាំងនៅហុងកុងកាន់តែច្រើនគឺជារឿងល្អក៏ដោយ ក៏នៅតែមានការយល់ច្រឡំក្នុងការសន្និដ្ឋានថា អត្រានៃការចាក់វ៉ាក់សាំងខ្ពស់ នឹងមានន័យថា គ្មានការឆ្លងមេរោគ ដោយស្វ័យប្រវត្តិ។ តួរយ៉ាង យើងអាចមើលឃើញពីការកើនឡើងនៃករណីថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត។
ដើម្បីជាការការពារជនងាយរងគ្រោះបំផុត តើរដ្ឋាភិបាលហុងកុងបានធ្វើអ្វីខ្លះ ដើម្បីផ្តល់អាទិភាពដល់ការការពារជនចាស់ជរា និងជួយដោយផ្ទាល់ដល់អ្នកដែលត្រូវការការថែទាំសុខភាពច្រើនបំផុត? ដើម្បីរក្សាគម្លាតសង្គម ជាជាង ឬបន្ថែមលើការផ្អាកការជួបជុំហ្វូងមនុស្ស ដូចជាផ្សារផ្កា តើអាជ្ញាធរបានធ្វើអ្វីខ្លះ ដើម្បីលើកទឹកចិត្តឱ្យមានប្រសិទ្ធភាព ឬសូម្បីតែវិធានការណ៍អាណត្តិ ដូចជាធ្វើការពីផ្ទះ? ចម្លើយគឺតិចតួចណាស់។
ខណៈដែលប្រទេសផ្សេងទៀតកាន់តែសង្កត់ធ្ងន់ទៅលើការផ្តល់ការធ្វើតេស្តជាទ្រង់ទ្រាយ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃនៅផ្ទះសម្រាប់ទាំងអស់គ្នា ហុងកុងនៅតែបន្តពឹងផ្អែកលើការធ្វើតេស្តលក្ខណៈបណ្ដុំ ដោយឱ្យប៉ូលីសប្រមូលផ្តុំអ្នករស់នៅក្នុងអគារទាំងមូលពេញមួយយប់ ដើម្បីធ្វើតេស្ត។ វិធានការទាំងនេះ បង្កឱ្យប្រជាជនមានការមិនពេញចិត្ត និងបង្កើតជាការមាក់ងាយ ដល់វិធានការពារដ៏មានប្រសិទ្ធភាព និងជាមូលដ្ឋានប្រឆាំងនឹងការឆ្លងមេរោគ។
ប៉ុន្តែ ចូលចិត្តវា ឬអត់ ប្រសិនបើពិភពលោកទាំងមូល បានសម្រេចចិត្ត “រស់នៅជាមួយ COVID” នោះវានឹងកាន់តែគ្មានប្រសិទ្ធភាពសម្រាប់រដ្ឋាភិបាលណាមួយក្នុងការទទូចលើជំហរហ្សេរ៉ូកូវីដ។
នៅក្នុងការស្ទង់មតិថ្មីៗនេះ ដោយសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងហុងកុង អ្នកឆ្លើយសំណួរចំនួន ៤៤ ភាគរយ បានបង្ហាញថា ពួកគេអាចចាកចេញពីទីក្រុងហុងកុង ដោយសារតែការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង និងការរឹតបន្តឹងសង្គម។ បច្ចុប្បន្ននេះជើងហោះហើរពីបញ្ជីប្រទេស “ក្រុម A” ត្រូវបានផ្អាក ហើយគ្មានបុគ្គលណា ដែលបានស្នាក់នៅលើសពី ២ ម៉ោងនៅក្នុងប្រទេសទាំងនេះក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយនេះ នឹងត្រូវបានអនុញ្ញាតឱ្យចូលហុងកុង ទោះបីជាពួកគេជា ពលរដ្ឋហុងកុងក៏ដោយ។ ប្រទេសទាំងនេះរួមមាន អូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ប្រភព៖ SCMP