យុទ្ធនាការទេសចរណ៍បរិស្ថាន ប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប នារដូវទឹកសម្រកឆ្នាំ២០២២ ដើម្បីបរិស្ថានស្អាត លើកកំពស់ជីវភាពសហគមន៍ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក

សៀមរាប ៖ យុទ្ធនាការទេសចរណ៏បរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាបនារដូវទឹកសម្រកឆ្នាំ២០២២ ដើម្បីបរិស្ថានស្អាត លើកកំពស់ជីវភាពសហគមន៍ បឹងទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលហៅកាត់ថា (CATA) មន្ទីរបរិស្ថានខេត្ត សហគ្រិនវ័យក្មេង អាជ្ញាធរស្រុក អង្គភាពពាក់ព័ន្ធនានាជាច្រើននាក់បានចូលរួមផងដែរ យើងចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត លើកកំពស់ជីវភាពសហគមន៍ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក។

លោក ជំទាវ ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA មានប្រសាសន៍ថា ជាការពិតណាស់កម្មវិធីយុទ្ធនាការទេសចរណ៍បរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាបនារដូវទឹកសម្រកឆ្នាំ២០២២ វាបានឆ្លុះបញ្ចាំងអំពីកិច្ចសហការ និងការយល់ដឹងដូចគ្នាពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូ សហគមន៍ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹង ឲ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ ការប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចកាងាររទាំងនេះ វាជាកត្តាដ៏សំខាន់មួយ ដែលត្រូវបានចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយផ្សេងៗទៀត។

កម្មវិធីបើកយុទ្ធនាការនាពេលនេះ រៀបចំឡើងនៅសហគមន៍មេជ្រៃ ស្ថិតនៅភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ។

ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល បានបង្ហាញថា យុទ្ធនាការនៅឆ្នាំនេះ នឹងបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាប។ យុទ្ធនាការនេះនឹងបំផុតស្មារតីក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ នឹងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ដោយយើងប្រើប្រាស់ទូកអ៊ុតូចៗ សម្រាប់ជូនភ្ញៀវទស្សនាកំសាន្តស្វែងយល់ពីការរស់នៅរបស់បងប្អូននៅទីនោះ។

លោក បានបន្តទៀតថា អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា (TONLE SAP WARRIORS) បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ដើម្បីគាំទ្រដល់គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់រួចមកហើយ ឥឡូវយើងនៅតែបន្តជាមួយបងប្អូនប្រជាពលរដ្ឋដដែល។

គួរំលឹកថា សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់ -ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន-នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន វាបានបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះនៅក្នុងទឹកជាពិសេសមច្ឆាជាតិអាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារតែពួកវាគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ-ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី-នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗ វាអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារតែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិកជាដើម ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner