សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ

វិចារណកថា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាក់ ដែលនេះគឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាព របស់ស្ថាបនិកនៃពានរង្វាន់នេះ ។ ប្រធានមូលនិធិស៊ុនហាក់ បានលើកឡើងអំពីគុណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ គឺអាស្រ័យដោយការដឹកនាំ ប្រកបដោយភាពត្រឹមត្រូវ ម៉ឺងម៉ាត់ម៉ត់ចត់ និងខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ​ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការដឹកនាំរបស់សម្តេចបានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ។

ការវាយតម្លៃរបស់មូលនិធិស៊ុនហាក់គឺពិតជាត្រឹមត្រូវ ។​សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនកំពូលមួយរូបរបស់ជាតិ និងជាវីរកុលបុត្រ ជារដ្ឋបុរសដ៏ឆ្នើមរបស់កម្ពុជា ដែលក្នុងមួយជីវិតនេះ សម្តេចបានបូជា និងឧទ្ទិសជីវិតរបស់ខ្លួនទាំងស្រុង តាំងពីយុវវ័យរហូតមកដល់បច្ចុប្បន្ន ដើម្បីបុព្វហេតុនៃឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ វឌ្ឍនភាពរបស់មាតុភូមិកម្ពុជា និងសុភមង្គលរបស់ប្រជាជនកម្ពុជា ។ នៅក្នុងដំណាក់កាលដែលប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះនៃប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនស្នេហាជាតិ ដ៏ឆ្នើមដទៃទៀត បានដឹកនាំចលនាសង្គ្រោះជាតិវាយផ្តួលរំលំរបបដ៏ឃោរឃៅនេះ និងបន្តដឹកនាំប្រទេស ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនប្រកបដោយជោគជ័យក្នុងរយៈជាង ៤៣ ឆ្នាំកន្លងមក ។ សម្តេចតេជោ ហ៊ុន សែន ជាប្រតិបត្តិករផង ជាស្ថាបត្យករផង នៅក្នុងដំណើរការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ។ នៅក្នុងអំឡុងដើមឆ្នាំ ១៩៨០ អាស្រ័យដោយ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមកអតីតរដ្ឋកម្ពុជា អាស្រ័យដោយប្រទេសយើងបង្កើតបាននូវបុព្វបទ និងលក្ខណៈសម្បត្តិចាំបាច់ជាមូលដ្ឋានសម្រាប់ការបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជា  សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការចរចាជាមួយភាគីបក្ខដិបក្ខ និងបណ្តាភាគីពាក់ព័ន្ធដទៃទៀត ឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយតាមរយៈនេះ ការបោះឆ្នោតសកលលើកទី១ ត្រូវបានចាត់ចែងឡើង និងការកសាងបាននូវរដ្ឋធម្មនុញ្ញថ្មី ដោយបានស្តារឡើងវិញនូវរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញនៅកម្ពុជា ។ ប៉ុន្តែកិច្ចព្រមព្រៀងក្រុងប៉ារីស មិនអាចបញ្ចប់សង្គ្រាមបានឡើយ បានន័យថា កម្ពុជា នៅតែជាប្រទេសដែលមានសន្តិភាពផង និងមានសង្គ្រាមផង ដដែល ។ ប៉ុន្តែមហាជ័យជម្នះដ៏ត្រចះត្រចង់មួយទៀត ដែលត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺតាមរយៈនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា បានបញ្ចប់ដោយជោគជ័យនូវសង្គ្រាមរ៉ាំរ៉ៃទទួលបានសុខសន្តិភាពពេញលេញ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បង្កើតបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ប្រកបដោយសុភមង្គល ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់ ជាទីទុកចិត្តដ៏កក់ក្តៅបំផុត ជាទីបង្អែករបស់ប្រជាជនកម្ពុជា ដែលក្នុងអាណត្តិដឹកនាំរបស់សម្តេច ប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ឯកភាព ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ ។ ប្រទេសកម្ពុជា កំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធមនុស្សយ៉ាងខ្ជាប់ខ្ជួន និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អប្រសើរ ជាមួយបណ្តាប្រទេសជាមិត្តភក្តិទាំងអស់នៅលើពិភពលោក ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងទូទាំងប្រទេស​ រួមទាំងការបញ្ជូនកងទ័ពទៅចូលរួមក្នុងក្របខណ្ឌនៃបេសកកម្មសន្តិភាពពិភពលោក តាមរយៈអង្គការសន្តិភាពពិភពលោក ។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គស្នូលនៃសន្តិភាព​នៅកម្ពុជា ជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ។

អាស្រ័យស្នាដៃដ៏វិសេសវិសាលទាំងនេះ​ សម្តេចតេជោ ធ្លាប់បានទទួលនូវមេដាយជាច្រើនរបស់អង្គការអន្តរជាតិធំៗដែលឧទ្ទិសដល់សម្តេចដែលបានដឹកនាំ ការបញ្ចប់សង្គ្រាម ការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ។ សម្តេចតេជោ ហ៊ុន សែន ក៏ទទួល​បាននូវគោរមងា និងសញ្ញាបត្រកិតិ្តយសថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យធំៗជាច្រើនទៀត ចំពោះបុព្វហេតុដ៏ឧត្តុងឧត្តមរបស់សម្តេចក្នុងនាមជារដ្ឋបុរស ជាអ្នកនយោបាយ និងជាអ្នកបម្រើមនុស្សជាតិ ជាអ្នកដែលបានរួមវិភាគទានដ៏ធំធេងចំពោះសន្តិភាពរបស់កម្ពុជា និងតំបន់ ព្រមទាំងពិភពលោក។

ជាថ្មីម្តងទៀត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ត្រូវទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាក់ ប្រជាជនកម្ពុជាទូទាំងប្រទេស​ បានសម្តែងនូវក្តីអំណរសាទរយ៉ាងក្រៃលែង ចំពោះវីរៈបុរសជាតិរបស់ខ្លួន ដែលសកិ្តសមក្នុងការទទួលនូវពានរង្វាន់នេះ ។ ជាមួយគ្នានេះ ប្រជាជនកម្ពុជា សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្តេចក្នុងការដឹកនាំការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាតទៅអនាគត៕

                                                                                          (អត្ថបទ៖ វិទ្យុជាតិកម្ពុជា)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner