កម្ពុជាសម្រេចជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល

រាជធានីភ្នំពេញ៖ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា។ នេះគឺជាមោទកភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ។នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

បើយោងតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា កត្តាសម្រេចបានជោគជ័យនេះដែរដោយសារកម្ពុជាមានផ្ទៃដីអភិរក្សធំជាង ៣ ដងនៃការកំណត់ផែនការយុទ្ធសាស្ត្រនៃការអភិរក្សជីវៈចម្រុះសកល ដែលបានកំណត់ថាត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗត្រូវកំណត់តំបន់អភិរក្សដីគោករបស់ខ្លួនឱ្យបាន ១៧ភាគរយ នៃផ្ទៃដី។ នៅឆ្នាំ ២០២២ នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣ លានហិកតានៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជាមាន ៨,៥លនហិកតា ស្មើនឹង ៤៦,៨៦ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។

ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ការលក់ឥណទានកាបូនចំនួន ២ គម្រោងបានធ្វើឡើងនៅ ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner