ក្រសួងបរិស្ថាន នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីកិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដល់បណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួង បរិស្ថាននឹងរៀបចំសន្និសីទសារព័ត៌មាន កិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១:៣០នាទី រសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ ទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនត្រូវបានអនុម័ត និងដាក់ជូន លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ការដាក់ជូនយុទ្ធសាស្ត្រនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គ មហាសេនាំបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពី «មហិច្ឆតា អាកាសធាតុរបស់អង្គការសហប្រជាជាតិ» នៅក្នុងខែធ្នូឆ្នាំ២០២០ ដើម្បីដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រនេះ នៅដំណាច់ឆ្នាំ២០២១។ យុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងនាមជាប្រទេសគាំទ នូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោម អនុសញ្ញា UNFCCC។

អាស្រ័យហេតុនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន សូមអញ្ជើញបណ្ដាញ សារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមផ្តិតយកព័ត៌មានក្នុងកម្មវិធីខាងលើតាមការគួរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner