សភារុស្សីគ្រោងពិភាក្សាសេចក្ដីសម្រេចទទួលស្គាល់ឯករាជ្យភាពតំបន់ដុនបាស់ពីប្រទេសអ៊ុយក្រែន
សភាដូម៉ារបស់រុស្សីគឺកំពុងគ្រោងបោះឆ្នោតលើសេចក្ដីសម្រេច ដែលនឹងស្នើឱ្យលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនទទួលស្គាល់ឯករាជ្យភាពរបស់រដ្ឋផ្ដាច់ខ្លួនចំនួនពីរនៅតំបន់ដុនបាស នៅខាងកើតនៃប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើងរបស់ប្រធានសភាដូម៉ា។
លោកវីយ៉ាឆេស្លាវ វ៉ុលូឌីនបាននិយាយថាសមាជិកសភានឹងធ្វើការពិចារណាលើសេចក្ដីសម្រេចព្រាងចំនួនពីរ ដើម្បីទទួលស្គាល់ឯករាជ្យភាពនៃរដ្ឋផ្ដាច់ខ្លួនដូណេតស្ក៍ និងលូហានស្ក ដែលបានប្រកាសខ្លួនជាសាធារណរដ្ឋប្រជាមានិត។ សេចក្ដីសម្រេចព្រាងមួយគឺនឹងស្នើលោកពូទីនដោយផ្ទាល់ឱ្យធ្វើបែបនេះ ហើយមួយទៀតគឺនឹងស្នើយោបល់របស់រដ្ឋមន្ត្រីការបរទេសរុស្សី និងរដ្ឋមន្ត្រីដទៃទៀតលើបញ្ហានេះមុនធ្វើការស្នើទៅកាន់លោកពូទីន។
តំបន់ដុនបាស បានឆ្លងកាត់សង្គ្រាមផ្ដាច់ខ្លួនចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដែលបានធ្វើឱ្យមានមនុស្សជាង ១៤.០០០ នាក់ស្លាប់។ ការទទួលស្គាល់រដ្ឋផ្ដាច់ខ្លួនទាំងពីរនេះ និងបំផ្លាញដំណើរសន្តិភាពក្រោមកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ដែលរដ្ឋាភិបាលលោកពូទីនបានប្ដេជ្ញាគោរព។ បន្ថែមពីលើនេះ វានឹងបន្ថែមលើភាពតានតឹងដែលមានស្រាប់ជុំវិញការប្រមូលផ្ដុំទាហានរុស្សីជាង ១០០.០០០ នាក់នៅជិតព្រំដែនអ៊ុយក្រែន។
ហេតុនេះហើយ ទើបអ្នកវិភាគមួយចំនួនគិតថាលោកពូទីននឹងមិនទំនងចាត់វិធានការតាមសំណើរបស់សភាដូម៉ាទេ។ ផ្លូវទីពីរ ដែលត្រូវស្នើយោបល់រដ្ឋមន្ត្រីការបរទេស ត្រូវបានគេមើលថាជាការពន្យារពេលកុំឱ្យបញ្ហានេះកើតឡើងនៅចំពេលដែលភាពតានតឹងកើនឡើងដ៏ដល់កម្រិតខ្ពស់បំផុត។
គំនិតនៃការទទួលស្គាល់រដ្ឋផ្ដាច់ខ្លួនទាំងពីរនេះ ត្រូវបានលើកឡើងជាលើកដំបូងនៅសភាដូម៉ាតាំងពីថ្ងៃទី ១៩ មករាម្ល៉េះ។ វិមានក្រឹមឡាំងបានបដិសេធមិនអត្ថាធិប្បាយថាខ្លួនគាំទ្រសេចក្ដីសម្រេចទាំងនេះដែរ ឬទេ៕