ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលដើម្បីសិក្សាពីជម្រកសត្វព្រៃ សត្វព្រៃមានដោយកម្រ និងជិតផុតពូជ

ភ្នំពេញ៖ យ៉ាងហោចណាស់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ជាង ៥០គ្រឿងត្រូវបានគេដាក់ចាំថតសត្វព្រៃនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលកាលពីដើមខែកុម្ភៈនេះប្រយោជន៍ដើម្បីសិក្សាពីជម្រកសត្វព្រៃដែលមានដោយកម្រ និងជិតផុតពូជ ហើយកំពុងរស់នៅកម្ពុជា។

គួរបញ្ជាក់ថា ការដាក់ ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីចាំថត សត្វព្រៃនេះ គឺជា គម្រោង «និរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយ នាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិមន្ទីរបរិស្ថានខេត្តពោធិ៍សាត់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងមន្ទីរបរិស្ថានខេត្តកោះកុង។

មន្រ្តីបានឱ្យដឹងថា ការចុះដាក់ម៉ាស៊ីនថតដោយ ស្វ័យប្រវត្តិ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះប្រយោជន៍ ដើម្បី បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យ ជីវៈចម្រុះ តាមរយៈ ម៉ាស៊ីនថតស្វ័យប្រវត្តិដល់ មន្ត្រី ឧទ្យានុរក្សក្នុងគោលបំណងសិក្សាពីប្រភេទទីជម្រកសត្វព្រៃសំខាន់ៗ ។បញ្ជាក់ពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ជិតផុតពូជទទួលរងគ្រោះថ្នាក់របាយនិងភាពសម្បូរបែបនៃប្រភេទសត្វព្រៃក្នុងតំបន់សិក្សា។ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុង ឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល។

ជាលទ្ធផលក្រោយការដាក់កាលពីអំឡុងថ្ងៃ ទី១០-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារទាំងបីខេត្ត បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃដូចជា៖ ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត នឹងបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ។

បន្ថែមលើនេះទៀត ក្រុមការងារ ទាំងបីខេត្តដាក់ម៉ាស៊ីន ថតស្វ័យប្រវត្តិសរុបចំនួន ៥៣គ្រឿង ក្នុង៥២ទីតាំងសិក្សា (Deployment) ក្នុងនោះភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន ២០គ្រឿង ខេត្តកោះកុង ២៣គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០គ្រឿង។ សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣គ្រឿង នេះគ្រោងនឹងប្រមូលត្រលប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕ដោយៈម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner