ឯកឧត្តម សាយ សំអាល់៖ សម្តេចតេជោ បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំង

«សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំងចំពោះប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមា ព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាពិសេស ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបន្តឱ្យដឹងទៀតថា ដោយសារតែគោលនយោបាយនេះ ទទួលបានជោគជ័យ ទើបយើងបានឃើញមានអ្នកមកចូលរួមនឹងជោគជ័យរបស់យើង ដោយបានផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់មកឱ្យយើង ព្រោះយើងបានធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ប្រសិនបើសម្តេចតេជោ មិនបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើនលើសលប់ពីអ្វីដែលបានកើតឡើង។ ឥឡូវនេះ យើងបានឈានទៅដល់ការចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីឱ្យគ្រប់ និងជួយបង្កើននូវភាពស៊ាំ បន្ថយការឈឺធ្ងន់ និងបន្ថយការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់យើង។ ចំណុចពិសេសរបស់រាជរដ្ឋាភិបាលយើង គឺប្រកាន់យកគោលនយោបាយចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យទៅចាក់វ៉ាក់សាំង ក៏ដូចជាដូសជំរុញលើកទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានក្រើនរម្លឹកថា ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ ក៏យើងត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនូវវិធាន «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ទើបអាចការពារយើងបានទាំងអស់គ្នា ជាពិសេសនៅអំឡុងពេលដែលមេរោគបម្លែងថ្មី អូមីក្រុង ដែលកំពុងរាតត្បាតនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា យើងមិនចង់ឃើញការបាត់បង់ជីវិតទេ ព្រោះប្រទេសយើងធ្លាប់ងើបពីសង្គ្រាម ហេតុនេះរាល់ជីវិតយើងជាកូនខ្មែរ យើងត្រូវតែថែរក្សា ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner