សម្តេចតេជោ ហ៊ុន សែន អញ្ជេីញសម្ពោធបេីកដំណេីរការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជេីញជាអធិបតីសម្ពោធបេីកដំណេីរការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: (មន្ទីរពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតនៅដីឡូត៍១៨៨-១៨៥ ផ្លូវ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបន្តថា អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៨ លើផ្ទៃដីទំហំ ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា ២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក ចំណាយពេលសាងសង់រយៈពេល ៤០ខែ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តទៀតថា អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន មានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ បំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗ មានគ្រែសំរាកព្យាបាលជំងឺ ៤០០គ្រែ ។ អគារនេះ ក៏មានសាងសង់ព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី ៣ ទៅ ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ, ផ្នែកជំងឺទូទៅ, ផ្នែកជំងឺវះកាត់ ព្រមទាំងសេវាជំនួយផ្សេងៗទៀត។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា សូមថ្លែងអំណរគុណដល់បុគ្គលិកបច្ចេកទេស នៃប្រទេសចិន និងកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបញ្ចប់គម្រោងដោយជោគជ័យ។ មន្ទីរពេទ្យព្រះកុសុមៈ ជាមន្ទីរពេទ្យព្យាបាលជំងឺទូទៅដ៏ល្បីនៅកម្ពុជា ចាប់តាំងពីបង្កើតឡើងមក និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសុខភាពប្រជាជនកម្ពុជា។ ឥឡូវនេះ បន្ទាប់ពីការពង្រីកដោយជំនួយរបស់ភាគីចិន មន្ទីរពេទ្យនេះ នាំមកនូវសម្ភារៈបរិក្ខាបច្ចេកទេសកម្រិតខ្ពស់ក្នុងការព្យាបាល និងថែទាំ ហើយនឹងក្លាយជាមន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅកម្ពុជា។ គួរឱ្យដឹងដែរថា មន្ទីរពេទ្យព្រះកុសុមៈ ដែលត្រូវបានពង្រីក ក៏បានបង្កើតផ្នែកពេទ្យចិនប្រពៃណី ដែលរៀបចំដោយក្រុមជំនាញ វេជ្ជសាស្ត្រចិនផ្នែកប្រពៃណី ។

ឆ្លៀតឱកាសនេះ ឯកឧត្តម សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការមកដល់របស់ក្រុមអ្នកជំនាញផ្នែកពេទ្យចិនប្រពៃណីទាំង ១២រូប ដែលបានជួយកម្ពុជាប្រយុទ្ធប្រឆាំងកូវីដ19។ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរពេទ្យព្រះកុសមៈ សម្រាប់ការគាំទ្រយ៉ាងខ្លាំង ចំពោះក្រុមអ្នកជំនាញវេជ្ជសាស្រ្តពេទ្យចិនប្រពៃណី ដើម្បីចាប់ផ្ដើមការងារឲ្យបានឆាប់។

ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែបគ្រប់រដូវកាល ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរ តែងតែរក្សាទំនាក់ទំនងយ៉ាងស្និទស្នាល។ កាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន និងសម្តេចតេជោ ហ៊ុន សែន ទើបតែបានជួបពិភាក្សាការងារតាមទូរសព្ទ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ បានរៀបចំផែនការបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ បានចង្អុលបង្ហាញទិសដៅ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីចិន និងកម្ពុជា ហើយបានឯកភាពថា ការអភិវឌ្ឍទំនាក់ទំនងចិន និងកម្ពុជា បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ននេះ។ ភាគីចិន និងកម្ពុជា គួរតែពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយអនុវត្តតាមគំនិត ដែលបានឯកភាពគ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែរនាំឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្ន ក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថា កន្លងមក យើងមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យ គឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀត នូវក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជា-ចិន សម្តេចតេជោ ហ៊ុណ សែន បានមានប្រសាសន៍ថា មិត្តចិន បានប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយ ៥លានដូស នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះតាមរយៈជំនួយវ៉ាក់សាំងបន្ថែមទៀតនេះ ធ្វើឱ្យកម្ពុជា ធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ បានគ្រប់គ្រាន់។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រូពេទ្យ ឱ្យចូលរួមទាំងអស់គ្នា ក្នុងថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ ដើម្បីធានាការប្រើប្រាស់បានគង់វង្សនិងយូរអង្វែង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា ខ្ញុំមិនចេញបញ្ជាណាមួយឱ្យប្រជាពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែន នោះទេ ។ សម្ដេចថា ពលរដ្ឋដែលនៅក្រៅប្រទេសគួរកុំរត់ចោលប្រទេសដែលខ្លួនកំពុងនៅពេលគេជួបទុក្ខ គួររួមសុខរួមទុក្ខជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចរបស់សម្ដេច គឺមិនចង់ឱ្យពលរដ្ឋរបស់កម្ពុជា ចាកចេញពីប្រទេស ដែលជួបការលំបាកនោះទេ ដោយថា ដើម្បីបង្ហាញនូវសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយប្រទេសទាំងនោះ។ ជាក់ស្តែង ស្ថានភាពសង្រ្គាមនៅអ៊ុយក្រែន មានពលរដ្ឋខ្មែរចំនួន ២៣គ្រួសារនៅទីនោះ ហើយសម្ដេច ពុំមានគោលការណ៍ណាមួយ ឱ្យជម្លៀសពួកគេចេញនោះទេ។

សម្ដេចបន្តថា៖ នៅពេលប្រទេសគេសុខ យើងនៅជាមួយគេ ក៏ប៉ុន្តែពេលគេមានការលំបាកបន្តិចបន្តួចយើងបែរជារត់ចេញពីគេ។ រឿងនេះគឺទៅមិនរួចទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា កាលពីមុនពេលផ្ទុះកូវីដ និស្សិតយើង បាននាំគ្នារត់ចេញពីប្រទេសចិន ហើយដល់ពេលឥឡូវ ចង់ទៅរៀនវិញ គឺមានការលំបាក ដូច្នោះយើងគួរកុំរត់ចោលគ្នា ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ហើយក៏បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ចាប់ពីពេលនេះតទៅ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner