មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា ទោះតេស្ត PCR បង្ហាញថា អ្នកឆ្លងកូវីដ១៩ មានការធ្លាក់ចុះ ក៏ជំងឺនេះនៅតែផ្តល់ភាពព្រួយបារម្ភខ្លាំង, សូមកុំធ្វេសប្រហែសឲ្យសោះ

ខេត្តកំពង់ស្ពឺ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៃការឆ្លងជំងឺកូវីដ១៩ នៅតែបន្តផ្តល់ភាពព្រួយបារម្ភ បើទោះបីជាលទ្ធផលតេស្ដដោយ PCR មានការធ្លាក់ចុះក្ដី។

លោកជំទាវ ថ្លែងបែបនេះ ក្នុងពិធីបើកយុទ្ធនាការជាតិ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន» អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ។

លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពបច្ចុប្បន្ន ការឆ្លងរាលដាលនៃកូវីដ១៩ វានៅតែជាការព្រួយបារម្ភរបស់យើងនៅឡើយទេ ថ្វីត្បិតតួលេខបង្ហាញថា មានការធ្លាក់ចុះជាបណ្តើរៗ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចខ្លួនឲ្យសោះ»។ ដោយសារកូវីដ១៩ នៅតែផ្តល់កង្វល់នោះ មន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសនោះទេ គឺ ត្រូវបន្តការពារខ្លួនពីជំងឺមួយនេះ ដោយអនុវត្តតាមវិធាន ៣កុំ និង៣ការពារ ក៏ដូចជាត្រូវទៅចាក់ថ្នាំបង្ការផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានច្រានចោលចំពោះការប្រឌិតថា ចាក់ថ្នាំបង្ការកូវីដ១៩ទៅ នាំឲ្យកើតជំងឺមហារីក ដោយលោកជំទាវ បានចាត់ទុកការញុះញង់ កុំឲ្យពលរដ្ឋទៅចាក់ថ្នាំបង្ការ ជាការបង្កមហន្ដរាយដល់សង្គម។ លោកជំទាវ អះអាងថា ថ្នាំបង្ការកូវីដ១៩ មានគុណតម្លៃធំធេងណាស់ ក្នុងការការពារពលរដ្ឋពីជំងឺនេះ។

សូមជម្រាបថា អត្រាអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាកាន់តែមានស្ថានភាពធូរស្រាលខ្លាំងឡើងជាបន្តបន្ទាប់ ដោយសារពលរដ្ឋទូទាំងប្រទេស បានទទួលការចាក់ថ្នាំបង្ការរួចរាល់ហើយ ខណៈការចាក់ដូសទី៤ ក៏កំពុងដំណើរការ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយសារការចាក់ថ្នាំបង្ការបែបផ្ការីក ៕ ប្រភព ៖ ខេត្តកំពង់ស្ពឺ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner