ឯកឧត្តម សាយ សំអាល់ ៖ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត

ភ្នំពេញ ៖ «វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត» នេះ គឺជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជម្រាបជូនលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential Insurance Growth Market និងគណៈប្រតិភូ នៅក្នុងជំនួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន ជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន គុណភាពចំណីអាហារ និងការរស់នៅស្អាត ដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សនូវសមាសភាគប្រជាជនមានកម្រិតជីវភាពមធ្យម ដោយសារតែសុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំជាប់មិនដាច់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទាំងនេះ គឺជាកត្តាអំណោយផលមួយសម្រាប់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential បានកោតសរសើរចំពោះវឌ្ឍនភាពសង្គមកម្ពុជាលើគ្រប់វិស័យ រាប់ទាំងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពផង និងបានបញ្ជាក់ថា នឹងយកអនុសាសន៍ល្អៗរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅគិតគូរបញ្ចូលក្នុងគោលនយោបាយរបស់ក្រុមហ៊ុន សំដៅជំរុញលើកទឹកចិត្តឱ្យអតិថិជនដែលជាវផលិតផលធានារ៉ាប់រងផ្សេងៗរបស់ខ្លួន យកចិត្តទុកដាក់ទៅលើនិរន្តរភាពបរិស្ថាន សុខភាព និងការរស់នៅស្អាត ៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner