ឆេះផ្ទះប្រជាពលរដ្ឋ ៦ខ្នង បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង នៅខណ្ឌទួលគោក
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានឆេះផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុដំបូង គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី បង្កជាអគ្គិភ័យឆាបឆេះឡើង ខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រ គុណ ១៦ម៉ែត្រ ចំនួន១ខ្នង និងបានឆេះរាលដាលផ្ទះអ្នកជិតខាងអស់ចំនួន ៥ខ្នងទៀត អស់ទាំងស្រុង។ តែសំណាងល្អ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន១៩គ្រឿង ប្រេីប្រាស់ទឹកអស់ ៥៧ឡាន ស្មើនឹង ២២៨ម៉ែត្រគូប រថយន្តក្រសួងមហាផៃ្ទ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន សើ្មនឹង ៨ម៉ែត្រគូប រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១២ម៉ែត្រគូប ដោយប្រើប្រាសរយៈពេល៣៥នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ ឆៃហួត