មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក អញ្ជើញចុះពិនិត្យពីវឌ្ឍនភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តរតនគិរី

រតនគិរី ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ អមដំណើរដោយឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី និងលោកស្រីវេជ្ជបណ្ឌិត ហ្វូរូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា មន្ត្រីអ្នកមុខអ្នកការមួយចំនួន បានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី។

ក្នុងដំណើរបំពេញបេសកម្មនេះគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យជាក់ស្តែង នូវសកម្មភាពរបស់ក្រុមគ្រូពេទ្យ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វ៉ាក់សាំងនៅឃុំភ្នំកុកស្រុកវើនសៃ និងឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

ថ្លែងក្នុងឱកាសនេះលោកជំទាវ ឱ វណ្ណឌីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេន ត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ១៩។ លោកជំទាវបានបន្តថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាចាំបាច់ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ។

បន្ទាប់ពីបានពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំង នៅមណ្ឌលទាំងពីររួចមក ក្នុងថ្ងៃដដែលនោះដែរ គណៈប្រតិភូដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្ត។

នៅក្នុងជំនួបនេះឯកឧត្តម ញ៉ែម សំអឿន បានជម្រាបជូនលោកជំទាវ ឱ វណ្ណឌីន អំពីវឌ្ឍនភាពការងារចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះរដ្ឋបាលខេត្តបានខិតខំណែនាំ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យស្វែងយល់ និងទទួលនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសគឺដូសទី៣ ឬដូសជំរុញ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា តបតាមការសំណូមពររបស់លោកជំទាវ ឱ វណ្ណឌីន អាជ្ញាធរមូលដ្ឋាននឹងរៀបចំគ្រូពេទ្យចល័ត ដើម្បីទៅចាក់វ៉ាក់សាំងសម្រាប់ភូមិ ឃុំណា ដែលពិបាកក្នុងការធ្វើដំណើរទៅទទួលវ៉ាក់សាំង។ មួយវិញទៀត ឯកឧត្តម បានបញ្ជាក់ផងដែរថា នៅត្រង់ចំណុចកន្លែងណាមានការប្រមូលផ្តុំគា្នដូចជា ភោជនីយដ្ឋាន តំបន់ទេសចរណ៍ តំបន់សាធារណៈនានា ពោលអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តបានធ្វើការផ្សព្វផ្សាយ យ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ពីវិធីការពារខ្លួន ពីការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវនេះផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តក៏ដូចជាអជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោកជំទាវបានស្នើ ឲ្យអាជ្ញាធរខេត្តធ្វើយ៉ាងណាជំរុញឲ្យមូលដ្ឋានសុខាភិបាលសាធារណៈខេត្តរតនគិរី នៅតាមមណ្ឌលសុខភាព ឬតាមមន្ទីរពេទ្យបង្អែកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើន និងលឿន ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះលោកជំទាវ បានសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងខេត្តជាច្រើន បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយអាជ្ញាធរមូលដ្ឋានបានខិតខំបន្តជំរុញ និងការងារថែរក្សាសុខភាព ពិសេសការពារខ្លួនពីជំងឺកូវីដ-១៩ ព្រមទាំងគុណសម្បត្តិនៃការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner