ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងសាធារណៈ ទូទាំងប្រទេស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងសាធារណៈទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ តទៅ ដោយទុកឲ្យពលរដ្ឋមានសិទ្ធិសម្រេចដោយខ្លួនឯងថា ពាក់ ឬមិនពាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដូចនេះ តាមរយៈសារសំឡេងពិសេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះ នៅតែរក្សានៅក្នុងទីតាំងបិទចិត្ត ដែលមានដូចជា៖ អគារ ទីតាំងរោងភាពយន្ត សាលប្រជុំជាដើម។ សម្ដេចបានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ទៅលើការទិញម៉ាស់ ដែលជាបន្ទុកចំណាយដ៏ធំមួយ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីបងប្អូនទទួលបានសារសំឡេងនេះ បងប្អូនអាចរើសដោយខ្លួនឯង បន្តពាក់ម៉ាស់តទៅទៀត ឬក៏ឈប់ពាក់ម៉ាស់នៅកន្លែងចំហរ ក្រៅពីកន្លែងបិទជិត។
សម្ដេចបញ្ជាក់ថា កន្លែងបិទជិតសំដៅទៅលើបន្ទប់ប្រជុំដែលមានការបិទជិតដោយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះច្រើន ហើយមានការបិទជិត ដោយប្រើម៉ាស៊ីនត្រជាក់។ ប៉ុន្តែក្នុងករណីដែលមានលំហខ្យល់ចេញចូលពីខាងក្រៅអាចដោះចេញបាន នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ និងកន្លែងផ្សេងដែលមិនមានការបិទទេបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងអាចពាក់ម៉ាស់ ឬក៏មិនពាក់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ចំពោះទីតាំងមួយចំនួនដែរថា រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់ ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ តែរាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញប្រមូលផ្ដុំ និងនៅទីកន្លែងដែលមានការសង្ស័យថាអាចមានករណីកូវីដនៅទីនោះ។ សម្ដេចថា នេះគឺជាជម្រើសដ៏ល្អបំផុតដើម្បីចូលរួមជាមួយបងប្អូនជនរួមជាតិបន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ។ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋដកខ្លួនចេញពីការចំណាយដោយយកវ៉ាក់សាំងជំនួស ដោយការមិនពាក់ម៉ាស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានា នូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពមិនពាក់ម៉ាស់ និងមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំអំពាវនាវសូមប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំងដុំទី៣ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារសុខមាលភាពខ្លួនយើង និងក្រុមគ្រួសារយើង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា យើងនឹងខិតខំចាក់វ៉ាក់សាំងដូសទី៤ឱ្យប្រជាពលរដ្ឋ និងបន្តជំរុញឲ្យបានដូសទី៥ សម្រាប់មន្ត្រីជួរមុខ ដោយមិនខ្វះវ៉ាក់សាំងចាក់នោះទេ។

ជាមួយគ្នានេះ សម្តេច ក៏បន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ ប្រសិនបើមានករណីសង្ស័យណាមួយ និងបានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លួនឯងទាក់ទងទៅនឹងជំងឺកូវីដ១៩ ហើយមន្ត្រីសុខាភិបាលត្រូវតាមដានការប្រែប្រួលទាំងអស់នេះ ដើម្បីយើងធ្វើវិធានការទាន់ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានន្ថែមថា ជំងឺកូវីដនៅលើពិភពលោក មិនទាន់អស់នៅឡើយទេ ដែលមានករណីថ្មីៗបន្តទៀត ប្រសិនបើមានករណីថ្មី ហើយសាហាវ រាជរដ្ឋាភិបាល នឹងមានវិធានការផ្សេងៗទៀត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner