អបអរសាទរខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration)

ស្វាយរៀង ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រីក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២២ របានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration)។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងថា ការងារលើកកម្ពស់អនាម័យខេត្តទទួលបានភាពជោគជ័យនាពេលនេះ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) និងមានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំងប្រាំបី អមដោយលេខាធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញក្នុងនោះបានបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍រីកម្រើន នៃផ្នត់គំនិត ការផ្លាស់ប្ដូរឥរិយាបថ និងចំណេះដឹងរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ផងដែរ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀងដែលបានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration)ទាំងនេះ ជាមោទនភាព ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសនៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្តនីមួយៗដែលឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ម៉ត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ជាផ្លូវការ ខេត្តស្វាយរៀង ជាខេត្តទី១ ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដែលបានសម្រេចការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ខេត្តស្វាយរៀងបានវាយតំលៃ និងប្រកាសផ្ទៃក្នុងរបស់ខេត្ត ពិតជាសម្រេចបាន ODF ១០០ភាគរយ ហើយបានស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២២ ហើយបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

នៅក្នុងខេត្តស្វាយរៀងបច្ចុប្បន្ន គឺបានសម្រេចនូវអត្រាអនាម័យគ្របដណ្ដប់ ១០០%នៅទូទាំងខេត្ត ហើយអត្រាប្រជាពលរដ្ឋមានទឹកសុវត្ថិភាពប្រើប្រាស់មានរហូតដល់ ៨៨,៦% និងអត្រាគ្រួសារដែលប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់លាងដៃនៅក្នុងបរិវេណផ្ទះសម្រេចបាន ១០០%ផងដែរ ។

បេីតាមរបាយការណ៍របស់គណៈកម្មការថ្នាក់ជាតិ និងប្រកាសនីយប័ត្រ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានប្រកាសលទ្ធផលថា ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ដោយជោគជ័យ ទទួលបានជ័យលាភី «ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)» និងជាខេត្តទីមួយ ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា៕ ដោយ ៖ នុត នាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner