នាយករដ្ឋមន្រ្តីអង់គ្លេសសន្យាផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធា ចំនួន១.៣ពាន់លានផោន ឬប្រហែល ១.៦ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។ ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំតាមអនឡាញ នៃមេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រាប់មេដឹកនាំក្រុមប្រទេស G7 ថា អ៊ុយក្រែនចាំបាច់ត្រូវទទួលបានឧបករណ៍យោធា ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះ មិនត្រឹមតែការពារទឹកដីអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវដណ្តើមទឹកដីមកវិញផងដែរ។ រដ្ឋាភិបាលអង់គ្លេសបន្ថែមថា ការផ្តល់មូលនិធិនឹងសំដៅទៅលើឧបករណ៍យោធាដូចជាប្រព័ន្ធរ៉ាដាប្រឆាំងនឹងយន្តហោះផងដែរ។
រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ទៀតថា ការប្តេជ្ញាចិត្តចុងក្រោយ គឺបន្ថែមពីលើកញ្ចប់ជំនួយរបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែន ដែលមានតម្លៃ១.៥ពាន់លានផោន ឬប្រហែល១.៨ពាន់លានដុល្លារ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា