ប្រមុខការពារជាតិកម្ពុជាឆ្លើយចំពោះការចោទប្រកាន់ថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺគ្មានការពិត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់សាជាថ្មីថា ការចោទប្រកាន់របស់បរទេសមួយចំនួនថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺជាការចោទប្រកាន់គ្មានការពិតនោះទេ។ សម្តេចបានអះអាងថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា៥៣ គឺបាននិយាយច្បាស់ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិនៅក្នុងការទទួលយកជំនួយយោធាជាសម្ភារ ជាអាវុធ ការហ្វឹកហ្វឺនសព្វបែបយ៉ាងទាំងអស់។ កម្ពុជាមិនមានអ្វីដែលត្រូវបិទបាំងទេ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកនៅរាម។ កន្លងមកនេះ មានការចោទប្រកាន់ទៅតាមអ្វីដែលគេចង់និយាយ គឺគេចេះតែនិយាយទៅ។ ក៏ប៉ុន្តែរឿងពិតជាក់ស្តែង អ្នកខ្លះមានបំណងចង់ទៅមើលមូលដ្ឋានកងទ័ពជើងទឹកនៅរាម ហើយកម្ពុជាបើកចំហឱ្យទៅមើលដោយមិនមានការលាក់បាំងអ្វីទេ។

ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្រោយពិធីចេញផ្សាយជាផ្លូវការសៀវភៅសការពារជាតិឆ្នាំ២០២២ និងការផ្សព្វផ្សាយទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងធ្វើនៅក្នុងដែនសមត្ថកិច្ចរបស់យើង ហើយមិនមានអីដែលប្លែកទេ ការស្វះស្វែងដើម្បីបំពេញសមត្ថភាព ក៏ដូចជាបង្កើននូវសមត្ថភាពរបស់យើងខាងវិស័យការពារជាតិ រួមទាំងការបង្កើននៅសមត្ថភាពខាងកងនាវាចរណ៍របស់យើង គឺវាទាល់តែមានមូលដ្ឋាននាំទៅរកការអភិវឌ្ឍមួយកម្រិតផងដែរ។ ដូច្នេះការចោទប្រកាន់ថា ឱ្យទៅអ្នកនោះផ្តាច់មុខ គឺជាការចោទប្រកាន់គ្មានការពិត។ រដ្ឋធម្មនុញ្ញរបស់យើងនិយាយច្បាស់ណាស់អត់ឱ្យមានមូលដ្ឋានយោធាបរទេសតាំងនៅស្រុកយើងទេ។ ក៏ប៉ុន្តែគេក៏ទៅមើលឱ្យអស់ដែរ។ ក្នុងរដ្ឋធម្មនុញ្ញរបស់យើងមាត្រា៥៣ គឺបាននិយាយច្បាស់ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិនៅក្នុងការទទួលយកជំនួយយោធាជាសម្ភារ ជាអាវុធ ការហ្វឹកហ្វឺនសព្វបែបយ៉ាងទាំងអស់ ដើម្បីការពារ និងរក្សាសណ្តាប់ធ្នាប់របស់យើង”។

ប្រមុខការពារជាតិកម្ពុជាបានសង្កត់ធ្ងន់ថា “សិទ្ធិរបស់យើង គឺមានគ្រប់គ្រាន់ដែរ រដ្ឋធម្មនុញ្ញបានអនុញ្ញាតដែរ។ ដូច្នេះការស្វះស្វែងដើម្បីធ្វើការអភិវឌ្ឍ ធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមនេះ គឺមិនមារឿងអីដែលចម្លែកទេ ជាការលើកកម្រិតវិស័យការពារជាតិ។ ដូច្នេះបញ្ជាក់ហើយបញ្ជាក់ទៀត អ្នកណាចង់ថាម៉េច គឺថាទៅចុះ ស្រេចតែគេចុះ ព្រោះយើងក៏មិនអាចទៅឃាត់ទៅបិទមាត់ ឬក៏ហាមមិនឱ្យគេនិយាយបាននោះទេ។ តែអ្វីដែលយើងចាប់អារម្មណ៍គឺថា អ្នកខ្លះចង់ណាស់ឱ្យយើងធ្វើតាមចាត់ចែងរបៀបនេះរបៀបនោះតាមតែគេចង់បាន តែយើងមិនអាចទៅធ្វើរបៀបនឹងបានទេ គឺយើងធ្វើនៅក្នុងដែនអធិបតេយ្យរបស់យើង សិទ្ធិសម្រេចការប្រើប្រាស់ និងការសម្រេច គឺនៅតែព្រះរាជាណាចក្រកម្ពុជារបស់យើងជាម្ចាស់នៅអធិបតេយ្យរបស់ខ្លួនដដែលទេ”។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅក្នុងជំនួបរវាងលោកស្រី Wendy Sherman ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋន្ត្រីការបរទេសកម្ពុជា បានពិភាក្សាគ្នាពីការគាំទ្ររបស់អាមេរិក ចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។ ក្នុងនោះភាគីអាមេរិកបានសម្តែងកង្វល់ខ្លួនជាថ្មីប្រាប់ដល់រដ្ឋមន្ត្រីកម្ពុជាអំពីវត្តមានយោធាចិននៅតំបន់កំពង់ផែរាម។ លោកស្រី Wendy Sherman បានបញ្ជាក់ជាថ្មីអំពីក្តីបារម្ភរបស់អាមេរិក នៃវត្តមានកងទ័ពចិន និងការអភិវឌ្ឍកំពង់ផែរាមនាពេលបច្ចុប្បន្ន ដែលនឹងជះឥទ្ធិពលដល់សន្តិសុខក្នុងតំបន់៕
ដោយ៖ពលជ័យ
រូបភាព៖ពលជ័យ

ads banner