តួកគី៖ ការស្នើសុំចូលណាតូរបស់ស៊ុយអែត-ហ្វាំងឡង់មិនរីកចម្រើនទេ លុះត្រាតែការព្រួយបារម្ភរបស់ទីក្រុងអង់ការ៉ា ត្រូវបានដោះស្រាយ
អង់ការ៉ា៖ អ្នកនាំពាក្យប្រធានាធិបតីតួកគីលោក អ៊ីប្រាហ៊ីម ខាលីន នៅថ្ងៃពុធថ្លែងថា ប្រទេសរបស់លោកបានកំណត់លក្ខខណ្ឌសម្រាប់គណៈប្រតិភូស៊ុយអែត និងហ្វាំងឡង់ ដើម្បីទទួលបានការគាំទ្ររបស់ខ្លួន លើការស្នើសុំរបស់ប្រទេស Nordic ទាំងពីរនេះ សម្រាប់ការចូលរួមជាមួយអង្គការណាតូ។
លោក ខាលីន ដែលបានចូលរួមក្នុងកិច្ចចរចារបស់ប្រទេសតួកគីជាមួយប្រទេសអឺរ៉ុបទាំងពីរ បាននិយាយថា នីតិវិធីរបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងការចូលរួមសម្ព័ន្ធភាពយោធានឹងមិនដំណើរការទៅមុខទេ ប្រសិនបើជំហានជាក់ស្តែងមិនត្រូវបានធ្វើឡើង ដើម្បីដោះស្រាយក្តីកង្វល់របស់តួកគី។
មន្ត្រីមកពីស៊ុយអែត និងហ្វាំងឡង់បានជួបជាមួយសមភាគីតួកគីក្នុងរដ្ឋធានីអង់ការ៉ា នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងការប៉ុនប៉ងដោះស្រាយជម្លោះជាមួយតួកគី ដែលប្រឆាំងនឹងការស្នើសុំសមាជិកភាពអង្គការណាតូរបស់ប្រទេសទាំងពីរ។
លោក ខាលីន បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំខាងលើនេះថា ការរំពឹងទុករបស់យើង គឺអំពីការចាត់វិធានការជាក់ស្តែងដើម្បីដោះស្រាយវត្តមានរបស់អង្គការភេរវករ… យើងបានបញ្ជូនព័ត៌មាន និងឯកសារអំពីបញ្ហានេះ។
លោកថា នីតិវិធីនេះនឹងមិនអាចធ្វើទៅបានទេ រហូតទាល់តែការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសតួកគីត្រូវបានដោះស្រាយ និងថា មន្រ្តីហ្វាំងឡង់ និងស៊ុយអែតបានធ្វើកំណត់ចំណាំ ហើយនឹងបញ្ជូនឯកសារនេះទៅរដ្ឋាភិបាលរបស់ពួកគេ។
ទន្ទឹមគ្នា លោក ខាលីន បានអះអាងថា តួកគីនឹងបន្តការពិគ្រោះយោបល់ជាមួយហ្វាំងឡង់-ស៊ុយអែត រហូតទាល់តែប្រទេសទាំងពីរឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រទេសតួកគី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា