ប្រមុខការទូតកម្ពុជា-ចិន បន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-ចិន បន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ នេះបើតាមមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិកម្ពុជា បានប្រាប់អ្នកយកព័ត៌មាននៅយប់ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២២ ។
បើតាមមន្ត្រីនៃក្រសួងការបរទេស បានបញ្ជាក់ថា នៅថ្ងៃទី៣ខែកក្កដានេះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញមានជំនួបទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ សមភាគីទាំងពីរ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។
ប្រមុខការទូតទាំង២ កម្ពុជា-ចិន ក៏បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ ៕ ដោយ :សួង ពិសិដ្ឋ