គ.ជ.ប លើកយកប្រធានបទធំៗចំនួនប្រាំមកពិភាក្សាក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញៈ ប្រធានបទធំៗចំនួនប្រាំត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លើកយកមកពិភាក្សាក្នុង“សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះនាខេត្តព្រះសីហនុ។
លោក នុត សុខុម អនុប្រធានគ.ជ.ប បានថ្លែងថា សន្និបាតនាពេលនេះ មានគោលបំណងសំខាន់គឺធ្វើការបូកសរុប និងវាយតម្លៃលើលទ្ធផលការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ។
អនុប្រធាន គ.ជ.ប បានបន្តទៀតថា ទោះបីជាគ.ជ.ប បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបាននូវលទ្ធផលជោគជ័យយ៉ាងណាក្ដី ក៏យើងនៅតែសង្កេតឃើញថានៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកដោះស្រាយតាមរយៈអង្គសន្និបាតនេះ។
នៅពេលពិភាក្សាលើប្រធានបទក្នុងនាមគ.ជ.បនិងខ្លួនលោកផ្ទាល់ លោកស្នើសូមឱ្យផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមពិភាក្សាលើប្រធានបទឱ្យបានផុលផុស ដោយលើកយកបញ្ហាប្រឈមសំខាន់ៗ ផ្ដល់ជាយោបល់ ឬលើកជាសំណូមពរ ឬអនុសាសន៍ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានសេចក្ដីថ្លៃថ្នូរ លើប្រធានបទធំៗចំនួនប្រាំ គឺ៖ ទី១- ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ទី២- ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ ទី៣- ការឃោសនាបោះឆ្នោត។ ទី៤- ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត។ ទី៥- ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។
លោកសង្ឃឹម និងជំនឿយ៉ាងមុតមាំថា តាមរយៈសន្និបាតនេះ រាល់មតិយោបល់ ឬសំណូមពរ និងអនុសាសន៍របស់ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលលើកឡើងក្នុងកិច្ចពិភាក្សាដែលស្របទៅនឹងច្បាប់ បទបញ្ជា និងឧត្ដមានុវត្តន៍ ជាធាតុចូលគន្លឹះ និងវិភាគទានដ៏ថ្លៃថ្លាក្នុងការរួមចំណែកកែលម្អការបោះឆ្នោតខាងមុខ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ ដោយ៖ពលជ័យ