សម្តេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស្ហ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ចូលជួបសម្ដែង ការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពថ្ងៃទី១៥កក្កដានេះ ។ រដ្ឋមន្រ្តីការបរទេស បង់ក្លាដែស លោក អាប់ឌុល ម៉ូម៉ិន Abdul Momen កំពុងបំពេញទស្សនកិច្ច ៣ថ្ងៃក្នុងប្រ ទេសកម្ពុជា ដែលជាដំណើរទស្សនកិច្ចលើក កម្ពស់និងពង្រឹងកិច្ច សហប្រតិបត្តិការ រវាងប្រ ទេសទាំង២។

លោក អាប់ឌុល ម៉ូម៉ិន បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណង របស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅ ប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ច ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស្ហ បានជម្រាបជូន សម្ដេចតេជោ នូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម សម្តេចតេជោ បានស្នើរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស្ហ លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ក្នុងការមកបណ្តាក់ទុនបង្កើតជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់ តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ច​សន្យាក៏បាន ៕

ads banner