ការបន្សល់ទុកភស្ដុតាងប្រវត្ដិសាស្រ្ដនៅ ស-២១

មេដឹកនាំនៃរបបយង់ឃ្នង «កម្ពុជាប្រជាធិបតេយ្យ ឬត្រូវបានហៅជាទូទៅថា របបខ្មែរក្រហម» បានបង្កើតមន្ទីរសន្តិសុខ និងមន្ទីរឃុំឃាំងជាច្រើនកន្លែងទូទាំងប្រទេស ដើម្បីបម្រើដល់អំពើឧក្រិដ្ឋកម្មរបស់ខ្លួនក្រោមគោលនយោបាយដ៏ឆ្កួតលេលា និងព្រៃផ្សៃបំផុតដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់ម៉ឺននាក់ ត្រូវបានស្លាប់ដោយគ្មានកំហុសនៅក្នុងមន្ទីរពេជ្ឈឃាតទាំងអស់នោះ។

ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យនេះ បានដួលរលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មន្ទីរសន្តិសុខដែលធំជាងគេ និងល្បីរន្ទឺខាងចូលហើយមិនដែលចេញ ហៅថា មន្ទីរសន្តិបាល២១ ឬស-២១ ដឹកដោយមេឃាតករបាតដៃប្រឡាក់ឈាម ឌុច ត្រូវបានរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃអំពើព្រៃផ្សៃរបស់របបអាវខ្មៅខ្មែរក្រហម។ នៅក្នុងមណ្ឌលសម្លាប់មនុស្សយ៉ាងសកម្ម ស-២១ នេះ មានដូចជា អគារឃុំឃាំង អគារសួរចម្លើយនិងធ្វើទារុណកម្ម ឧបករណ៍ធ្វើទារុណកម្ម បន្ទប់ឃុំឃាំងតូចៗជាច្រើន ហើយនឹងឯកសារពាក់ព័ន្ធជាមួយការឃាត់ខ្លួន និងឯកសារសួរចម្លើយរបស់ជនរងគ្រោះរាប់សែនទំព័រទៀត។

បច្ចុប្បន្នពីទីដែលសកម្មក្នុងការធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់មនុស្សដោយឥតញញើតដៃ និងគ្មានការលើកលែងមួយនេះ បានប្រែក្លាយជាទីតាំងប្រវត្តិសាស្ត្រនៃរបបយង់ឃ្នងខ្មែរក្រហម និងជាសារមន្ទីរប្រវត្តិសាស្ត្រ ដែលដាស់ស្មារតីដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹង និងសិក្សាស្វែងយល់ពីរបបតិរច្ឆានខ្មែរក្រហម ដើម្បីជាការចងចាំ រួមគ្នាបង្ការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍ឯងនេះ កើតមានឡើងម្តងទៀត៕

#មេដឹកនាំនៃរបបយង់ឃ្នង #កម្ពុជាប្រជាធិបតេយ្យ #របបខ្មែរក្រហម #មន្ទីរសន្តិសុខ #មន្ទីរឃុំឃាំង #រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា #ទីតាំងប្រវត្តិសាស្ត្រ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #S21

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner