តុលាការប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំ-សមាជិក និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ រឿងញុះញង់ប្រឆាំងនឹងរដ្ឋាភិបាល និងការប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសអតីតថ្នាក់ដឹកនាំ សមាជិក និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧នាក់ ដាក់ពន្ធនាគារពី១៨ខែ រហូតដល់៣ឆ្នាំ ពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រតាមរយៈបណ្តាញសង្គមប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ការប្រកាសផ្តន្ទាទោសនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ជនជាប់ចោទទាំង៧នាក់ មានដូចជា ទី១.ឈ្មោះ ឡុង រី, ទី២.ម៉ែន សុថាវរិន្ទ , ទី៣.ឈ្មោះ ម៉ន ផល្លា, ទី៤. ឈ្មោះ ម៉ោញ សារ៉ាត់ , ទី៥.ឈ្មោះ គឹម តុលា , ទី៦.ឈ្មោះ ឡាញ់ ថាវរី, និងទី៧.ឈ្មោះ ម៉ិច ហ៊ាង។ នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់នេះ គឺឈ្មោះ ឡុង រី ឈ្មោះ ម៉ែន សុថាវរិន្ទ ឈ្មោះ ម៉ន ផល្លា ឈ្មោះ ម៉ោញ សារ៉ាត់ ឈ្មោះ គឹម តុលា និងឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ រីឯជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ក្រោមការចោទប្រកាន់ពីប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងចំណោម ជនជាប់ចោទទាំង៧នាក់ ជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង និង ឈ្មោះ ឡាញ់ ថាវរី (ជាអតីតមេឃុំឬស្សីក្រោក នៃ អតីតគណបក្សសង្គ្រោះជាតិ) ត្រូវបានចាប់ឃាត់ និងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ហើយជនជាប់ចោទ៥នាក់ទៀត ដូចមានខាងលើ ត្រូវបានរត់គេចខ្លួន និងអ្នកខ្លះគេចខ្លួនទៅរស់នៅឯក្រៅប្រទេស៕
ដោយ៖ពលជ័យ

ads banner