ការវាយប្រហាររបស់រុស្ស៊ី សម្លាប់ជនស៊ីវិល ២២ នាក់ក្នុងថ្ងៃបុណ្យឯករាជ្យជាតិអ៊ុយក្រែន
ជនស៊ីវិលយ៉ាងហោចណាស់ ២២ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី លើស្ថានីយ៍រថភ្លើងអ៊ុយក្រែនមួយកន្លែងកាលពីថ្ងៃពុធ ចំថ្ងៃដែលអ៊ុយក្រែនប្រារព្ធខួបទី ៣១ នៃបុណ្យឯករាជ្យជាតិរបស់ខ្លួន រួចផុតពីការគ្រប់គ្រងរបស់សហភាពសូវៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗដែលស្រង់សម្ដីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
លោក ហ្សេលេនស្គី និយាយក្នុងវិឌីអូទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធដូចគ្នាថា គ្រាប់រ៉ុក្កែតរុស្ស៊ីបានវាយប្រហារស្ថានីយ៍រថភ្លើងក្នុងទីក្រុងChaplyne ចម្ងាយប្រហែល ១៤៥ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងភាគខាងកើតដុនណិតស្ក៍ ដែលរុស្ស៊ីកាន់កាប់។
លោកហ្សេលេនស្គី ថា ជនស៊ីវិល ២២ នាក់ត្រូវបានសម្លាប់ ហើយរុស្ស៊ីនឹងត្រូវតែទទួលខុសត្រូវចំពោះការណ៍នេះ។ លោកបន្តថា៖ «យើងនឹងបណ្តេញពួកឈ្លានពានចេញពីទឹកដីរបស់យើងដោយគ្មានមន្ទិលសង្ស័យ។ ដាននៃអំពើអាក្រក់នេះ នឹងគ្មាននៅសេសសល់ក្នុងទឹកដីអ៊ុយក្រែន ដែលពេញសេរីភាពរបស់យើង»។
រុស្ស៊ី ដែលហៅការឈ្លានពានរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេស មិនបានចេញមុខប្រតិកម្មភ្លាមទេ ប៉ុន្តែកន្លងមកបានអះអាងទាំងគ្មានផ្ដល់ភស្តុតាងជាក់លាក់ថា កងទ័ពរបស់ខ្លួនវាយប្រហារតែលើគោលដៅយោធាប៉ុណ្ណោះ។
តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៊ីចាប់ផ្ដើមឡើង ជនស៊ីវិលអ៊ុយក្រែនយ៉ាងហោចណាស់ ៥ ៥៨៧ នាក់ ត្រូវបានសម្លាប់។ នេះបើយោងតាមទិន្នន័យពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គិតត្រឹមថ្ងៃទី ២១ ខែសីហានេះ។ ប្រភព៖ Reuters