Cambodia2050 Ep42: ស្ថានភាពនៃវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឈានចូលទៅចុងឆ្នាំនៃអាណត្តិកម្ពុជាជាប្រធានអាស៊ាន

ក្រោយការបញ្ចប់ទៅដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ាននាដើមខែកក្កដា យើងឃើញថាស្ថានភាពនៅមីយ៉ាន់ម៉ានៅតែមានភាពតានតឹង ដោយមិនរំពឹងថានឹងធូរស្បើយនាពេលឆាប់ៗនោះទេ។ ដោយការខិតខំប្រឹងប្រែងយ៉ាងសកម្ម ពីកម្ពុជាជាប្រធានអាស៊ានឆ្នាំនោះ ក្នុងការពន្លឿនការអនុវត្តឱ្យបាននូវចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន ជាពិសេសក្រោយដំណើរទស្សនកិច្ចទាំងពីរលើក។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានរៀបរាប់ ស្ថានភាពនៅមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ព្រមទាំងរំលេចនូវជំហានទៅមុខផ្សេងៗរបស់អាស៊ាន និងធ្វើការរំពឹងទុកពីមាគ៌ាទៅមុខនៃដំណើរទស្សនៈកិច្ចរបស់ប្រេសិតពិសេសឈានចូលទៅចុងអាណត្តិរបស់កម្ពុជានេះ។

សំណួរទី១៖ នៅក្នុងសេចក្តីថ្លែងការរួមរបស់អាស៊ាន ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន យើងឃើញមានការថ្លែងពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សំណាក់កម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ។ ដូចនេះ បើយើងគិតពី ក្រោយពីដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ានមកដល់ពេលនេះ តើស្ថានភាពនៃវិបត្តិមីយ៉ាន់ម៉ាឈានដល់កម្រិតណាហើយ? តើយើងមានជាព័ត៌មានវិជ្ជមានអ្វីខ្លះ ក្នុងការឈានទៅការសម្រេចនៃកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន?

ស្ថានការណ៍ជាក់ស្ដែងនៅប្រទេសភូមា គឺពុំទាន់មានភាពល្អប្រសើរ ដូចរំពឹងទុកឡើយទេ។ ជាពិសេសទាក់ទងទៅនឹងការអនុវត្តចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន។ នេះគឺជាបញ្ហា ដែលកំពុងតែជួបប្រទះនៅក្នុងក្របខ័ណ្ឌអាស៊ាន ថាតើយើងត្រូវជំរុញនូវការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ឱ្យមានប្រសិទ្ធភាពតាមរបៀបណា? ប្រសិនបើរដ្ឋាភិបាលរបបសឹកភូមា គាត់អត់មានឆន្ទៈនយោបាយពិតប្រាកដ អត់មានភាពស្មោះត្រង់ពិតប្រាកដក្នុងការអនុវត្ត។ ដូច្នេះក៏យើងពុំអាចជំរុញបញ្ហានេះទៅមុខជាវិជ្ជមានដែរ។ ហើយយើងត្រូវយល់ថាបញ្ហាភូមានេះជាបញ្ហាស្មុគស្មាញ ចាក់ស្រេះ ហើយជាបញ្ហាដែលកើតមានយូរមកហើយ តាំងតែពីភូមាបានទទួលឯករាជ្យពីចក្រភពអង់គ្លេស យើងឃើញថាមានជម្លោះរវាងជាតិសាសន៍ និងជនជាតិភាគតិចជាមួយរដ្ឋាភិបាលយូរយារណាស់មកហើយ។ ហើយនៅក្នុងនោះក៏មានជនជាតិភាគតិចប្រហែលជា២០ក្រុមមានប្រដាប់អាវុធ។ ស្ថានការណ៍កាន់តែស្មុគស្មាញបន្ថែមទៀត បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់របបដឹកនាំដោយគណៈបក្សNLD (National League for Democracy) ដែលមានអ្នកស្រីអង់សានស៊ូជីជាអ្នកដឹកនាំ។ ដូច្នេះស្ថានការណ៍នេះ បើយើងមើលទៅ គឺជាបញ្ហាយូរអង្វែង ស្មុគស្មាញ ហើយតួនាទីរបស់អាស៊ានហាក់ដូចជាមានកម្រិតនៅក្នុងការដាក់សម្ពាធ ឬក៏ជំរុញឱ្យរបបសឹកភូមាអនុវត្តគោលការណ៍៥ចំណុច។

តួនាទីរបស់កម្ពុជា យើងកន្លងទៅគឺខំប្រឹងអស់ពីលទ្ធភាពហើយនៅក្នុងក្របខ័ណ្ឌអាស៊ានជាប្រេសិតពិសេសរបស់អាស៊ាន គឺធ្វើយ៉ាងណាបង្កឱ្យមានលក្ខណៈល្អប្រសើរ បង្កនូវបរិយាកាសនយោបាយប្រសើរ ដើម្បីអនុវត្តគោលការណ៍ទាំង៥នេះ។ យើងឃើញថាមានចំណុចវិជ្ជមានមួយចំនួនទាក់ទងទៅនឹងជំនួយមនុស្សធម៌ទៅប្រទេសភូមា ទាំងការផ្តល់វ៉ាក់សាំង ហើយនិងជំនួយមនុស្សធម៌ផ្សេងៗទៅដល់ប្រជាជនភូមាដោយពុំមានការរើសអើង។ ដូច្នេះនេះគឺជាចំណុចវិជ្ជមានមួយ ដែលយើងជាប្រធានអាស៊ានបានជំរុញទាក់ទងទៅនឹងជំនួយមនុស្សធម៌។

ទាក់ទងទៅនឹងកិច្ចចរចានយោបាយ  សម្របសម្រួលនយោបាយ ដូចពុំទាន់ឃើញមានសញ្ញាវិជ្ជមានណាមួយនៅឡើយទេ។ ហើយអំពើហិង្សានៅតែបន្ត ជាពិសេសថ្មីៗនេះ គឺការកាត់ទោសប្រហារជីវិតទៅសកម្មជននយោបាយ៤នាក់ នេះគឺជាចំណុចថយក្រោយមួយ នៅក្នុងការអនុវត្តនូវគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន ហើយកម្ពុជាក៏ដូចជាបណ្ដាប្រទេសដែលជាសមាជិកអាស៊ានមានការខកចិត្តជាខ្លាំង ចំពោះការកាត់ទោសប្រហារជីវិតដល់សកម្មជនទាំង៤នេះ។ ហើយសង្ឃឹមថារដ្ឋាភិបាលរបបសឹកភូមានឹងបញ្ចប់នូវអំពើហិង្សានយោបាយ ហើយជំរុញនូវបរិយាកាសឱ្យបានល្អជាពិសេសការដោះលែងនូវទោសនយោបាយទាំងឡើយ រួមទាំងជនជាតិបរទេសផង ដើម្បីបន្ធូរបន្ថយនូវស្ថានការណ៍ហើយឆ្លុះបញ្ចាំងពីសុឆន្ទៈពិតប្រាកដមួយក្នុងការអនុវត្តចំណុចឯកច្ឆន្ទទាំង៥។ 

សំណួរទី២៖ យើងឃើញថា កម្ពុជាជាប្រធានឆ្នាំនេះ បានផ្តោតទៅលើចំណុចទី៤នៃ កិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច គឺការនាំយកជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ដូចនេះ ថាតើ ខាងផ្នែកជំនួយមនុស្សធម៌អាស៊ានមកដល់ពេលនេះ បានជាផ្លែផ្កាអ្វីខ្លះ? ហើយតើកម្ពុជាជាប្រធាន នឹងបន្តការខិតខំផ្តល់ជំនួយនេះឬទេ បើសំណាក់យោធាមីយ៉ាន់ម៉ានៅតែបន្តការប្រងើយកន្តើយទៅលើចំណុចទាំង៤ទៀតនៃចំណុចឯកច្ឆន្ទទាំង៥នោះ?

យើងឃើញថា ជំនួយមនុស្សធម៌គឺមានដំណើរការវិជ្ជមានល្អ ជាពិសេសគឺជំនួយផ្នែកវ៉ាក់សាំង ហើយនិងជំនួយមនុស្សធម៌ផ្សេងៗទៀត ទាក់ទងទៅនឹងវិស័យសុខាភិបាល ទាក់ទងទៅនឹងស្បៀងអាហារឬសន្តិសុខស្បៀង គឺមានដំណើរការល្អ ក៏ប៉ុន្តែចំណុចផ្សេងៗទៀតនៃចំណុចឯកច្ឆន្ទហ្នឹងពុំទាន់អនុវត្តដូចបានគ្រោងទុកនោះទេ។

ក្នុងស្ថានការណ៍បែបនេះអាស៊ាន គឺមិនអាចឱ្យតំណាងនយោបាយរបស់ប្រទេសភូមាចូលប្រជុំនោះទេ ពីព្រោះនោះគឺជាលក្ខខណ្ឌមួយដែលអាស៊ានបានដាក់ ហើយបានអនុវត្តកន្លងមកគឺ លុះត្រាតែរបបសឹកភូមាហ្នឹងបានអនុវត្តល្អប្រសើរ មានប្រសិទ្ធភាពទាក់ទងទៅនឹងចំណុចឯកច្ឆន្ទទាំង៥ ទើបតំណាងនយោបាយរបស់ភូមាអាចចូលរួមប្រជុំនៅក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីការប្រជុំថ្នាក់រដ្ឋមន្ត្រីឡើងទៅ។

យើងឃើញថាកន្លងទៅនេះ តំណាងមិនមែននយោបាយ គាត់បានប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ក៏ប៉ុន្តែនៅពេលដែលប្រជុំថ្នាក់រដ្ឋមន្ត្រីឡើងទៅ គឺមិនអាចមានវត្តមានរបស់តំណាងនយោបាយពីភូមាបានទេ។ ដូច្នេះវាអាចធ្វើឱ្យគ្រួសារអាស៊ានមានភាពរង្គោះរង្គើដែរ ដោយសារអាស៊ានត្រូវទាមទារឱ្យមាន១០ប្រទេសជាសមាជិកចូលរួម ហើយយើងឃើញថាវត្តមានរបស់ភូមាតាំងពីឆ្នាំទៅកន្លងមក រហូតមកដល់ឆ្នាំនេះ។ ដូចច្នេះ វាអាចប៉ះពាល់ទៅដល់ប្រសិទ្ធភាពរបស់អាស៊ាន ក៏ដូចជាសមាជិកភាពរបស់ភូមានៅក្នុងអាស៊ាននេះដែរ។ 

សំណួរទី៣៖ ដូចដែលយើងដឹង សំណាក់របបយោធារបស់មីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលទើបបញ្ចប់ទៅនោះទេ។ អញ្ចឹងថាតើ យើងអាចរំពឹងថាសំណាក់របបយោធារបស់មីយ៉ានម៉ា នឹងអាចមានវត្តមាននៅកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាឬទេ បើសិនជាគ្មានការប្តេជ្ញាចិត្តក្នុងការគោរពតាមចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន? ហើយតើសំណាក់អាស៊ានអាចបន្ថែមសំពាធដូចម្តេចខ្លះ ទៅលើរបបយោធាមីយ៉ានម៉ាដើម្បីឱ្យកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចបានដើរទៅមុខ?

មកដល់ពេលនេះ យើងអាចសន្និដ្ឋានបានថាប្រហែលជាពុំមានវត្តមានថ្នាក់នយោបាយរបស់ភូមាចូលរួមកិច្ចប្រជុំរបស់អាស៊ាននោះទេ រួមទាំងកិច្ចប្រជុំកំពូលរបស់អាស៊ានដែលនឹងប្រព្រឹត្តទៅនៅខែ១១ឆ្នាំនេះ។ ដូច្នេះ លទ្ធភាពខ្ពស់គឺមិនមានវត្តមានអ្នកតំណាងនយោបាយរបស់ភូមាទេ។ ចំពោះយន្តការ ឬក៏ជម្រើសផ្សេងទៀត អាស៊ានកំពុងតែពិចារណា ដើម្បីធ្វើយ៉ាងណាគឺជំរុញឱ្យរបបសឹកភូមានិងអនុវត្ត៥ចំណុច។

ដូច្នេះរដ្ឋាភិបាលដែលជាសមាជិកអាស៊ានមួយចំនួន គឺគាត់ចង់មានទំនាក់ទំនងជាមួយនឹងរដ្ឋបាលស្រមោល ដែលហៅថា NUG (National Unity Government) រដ្ឋាភិបាលបង្រួបបង្រួមជាតិភូមាដែលជារដ្ឋាភិបាលស្រមោល។ រដ្ឋាភិបាលនេះកើតមានបន្ទាប់ពីរដ្ឋប្រហារនៅភូមា ហើយសមាជិករបស់អាស៊ានមួយចំនួន ជាពិសេសប្រទេសម៉ាឡេស៊ី គឺបានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលស្រមោលនេះ ហើយនឹងអាចមានបណ្ដាប្រទេសនៅអាស៊ានមួយចំនួនទៀត អាចនឹងមានទំនាក់ទំនងជាមួយនឹងក្រុមរដ្ឋាភិបាលស្រមោលនេះ។ ដូច្នេះនេះគឺជាជម្រើសមួយទៀត ដែលបណ្ដាប្រទេសអាស៊ានមួយចំនួនកំពុងតែពិចារណា ហើយប្រទេសអាស៊ានមួយចំនួន ក៏កំពុងតែគិតគូរអំពីព្យួរនូវសមាជិកភាពរបស់ភូមានៅក្នុងគ្រួសារអាស៊ានផងដែរ។ យើងឃើញថាពុំទាន់មានការឯកច្ឆន្ទភាពនៅឡើយទេនៅក្នុងគ្រួសារអាស៊ាន។ គោលជំហររបស់កម្ពុជា គឺមានភាពទន់ភ្លន់ និងបត់បែន គឺយើងធ្វើយ៉ាងណាសម្របសម្រួលរក្សានូវសាមគ្គីភាពអាស៊ាន ហើយនិងបម្រើផលប្រយោជន៍ដល់ប្រជាជនភូមា។

ដូច្នេះយុទ្ធសាស្ត្ររបស់កម្ពុជាដែលជាប្រធាន គឺជួយប្រទេសភូមាមកភាពប្រក្រតីឡើងវិញ។ ទន្ទឹមហ្នឹងនេះ គឺរក្សានូវឯកច្ឆន្ទភាព សាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន កុំឱ្យបញ្ហាភូមានេះជាបញ្ហាមួយដែលធ្វើឱ្យអាស៊ានបែកបាក់ ពីព្រោះថានៅពេលដែលអាស៊ានបែកបាក់ វាមានផលប៉ះពាល់ច្រើនទៅដល់ ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងតំបន់យើងនេះ។ ដូច្នេះ អាស៊ានត្រូវរួមគ្នាជាធ្លុងមួយក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងត្រូវធ្វើការរួមគ្នាជាធ្លុងមួយ ដោយសារវិបត្តិនៅក្នុងសកលលោកនេះ និងតំបន់ វាមានកាន់តែច្រើន ដែលចេញមកពីការប្រកួតប្រជែងអំណាច។ ប្រសិនបើ អាស៊ានមិនមានការសាមគ្គីផ្ទៃក្នុងឱ្យបានស៊ីជម្រៅ ឱ្យបានរឹងមាំទេ គឺវាគ្រោះថ្នាក់ទាំងអស់គ្នា។ ដូច្នេះបញ្ហាភូមានេះ វាជាបញ្ហាផុយស្រួយមួយ ដែលអាចធ្វើឱ្យអាស៊ានមានការខ្វែងគំនិតគ្នា និងបែកបាក់គ្នា ក៏ប៉ុន្តែកម្ពុជាយើងខំប្រឹងធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់នៅក្នុងក្របខ័ណ្ឌអាស៊ាន។

សំណួរទី៤៖ វាគឺជាក់ច្បាស់ថា ទាំងអាស៊ាន និងបណ្តាដៃគូអាស៊ានគឺចង់ឱ្យមានការគោរពតាមចំណុចឯកច្ឆន្ទទាំង៥ពីសំណាក់យោធាមីយ៉ានម៉ា ដើម្បីឱ្យបញ្ហាវិបត្តិមីយ៉ាន់ម៉ាមានដំណើរទៅមុខដោយវិជ្ជមាន ប៉ុន្តែ បើបញ្ហានេះនៅតែបន្ត តើវាអាចប៉ះពាល់មជ្ឈិមភាពរបស់អាស៊ានដូចម្តេចខ្លះ? ហើយតើដៃគូរបស់អាស៊ាននឹងអាចបន្ថែមអ្វីខ្វះបាន ដើម្បីឱ្យបញ្ហានេះមានដំណើរទៅមុខ?

ពិតហើយ មជ្ឈិមភាពអាស៊ាន គឺបាននឹងកំពុងប៉ះពាល់ដោយសារតែបញ្ហាភូមានេះ។ ដូច្នេះយើងត្រូវខំប្រឹងរកដំណោះស្រាយ ដែលអាចទទួលបានទាំងអស់គ្នា ហើយមានប្រសិទ្ធភាពទាក់ទងនឹងបញ្ហាភូមានេះ។ ហើយធ្វើយ៉ាងណាកុំឱ្យបញ្ហាភូមានេះ វាទៅជាឧបករណ៍ភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាច បានន័យថាប្រទេសមហាអំណាចអាចយកបញ្ហាភូមាជាទីតាំងសម្រាប់ការប្រកួតប្រជែងអំណាច ឬក៏ដោយឡែកដូចជាបញ្ហាអ៊ុយក្រែន ដោយយកបញ្ហាភូមាទៅជាបញ្ហាអ៊ុយក្រែននៅក្នុងតំបន់អាស៊ី។

យើងត្រូវប្រយ័ត្នទាក់ទងទៅនឹងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ការជ្រៀតជ្រែកចូលពីប្រទេសមហាអំណាចទៅលើបញ្ហាភូមា ហើយប្រែក្លាយប្រទេសភូមាទៅជាតំបន់ក្តៅនៅក្នុងការប្រកួតប្រជែងអំណាច ដែលហៅថា Proxy Conflict។ នេះគឺជាអ្វីមួយដែលជាកង្វល់រួមរបស់អាស៊ាន។ តើយើងធ្វើយ៉ាងណាដើម្បីបញ្ចៀសនូវហានិភ័យភូមិសាស្ដ្រនយោបាយនេះ? ពីព្រោះថាអស្ថិរភាព ឬក៏សង្គ្រាមស៊ីវិលនៅភូមា ឬក៏រដ្ឋបរាជ័យ (Failed State) នៅភូមា វាអាចប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់មេគង្គទាំងមូលតែម្ដង។ ដូច្នេះនេះ វាជាហានិភ័យមួយខ្ពស់ហើយអាស៊ាន គឺមានការបារម្ភ និងខំប្រឹងទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យភូមាក្លាយទៅជាអ៊ុយក្រែននៅអាស៊ី។

សំណួរទី៥៖ នៅសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន យើងឃើញថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខន ដែលជាប្រេសិតពិសេសអាស៊ាន បានរំពឹងថានឹងមានដំណើរទស្សនកិច្ចពិសេសពីប្រេសិតទៅមីយ៉ានម៉ាលើកទី៣នាឆ្នាំនេះ។ ថាតើ យើងអាចរំពឹងថាដំណើរទស្សនកិច្ចនេះ នឹងមានរបៀបវារៈអ្វីខ្លះ? ហើយតើយើងអាចរំពឹងថានឹងមានលទ្ធផលដូចម្តេចខ្លះ?

វាអាស្រ័យទៅលើឆន្ទៈពិតប្រាកដ និងភាពស្មោះត្រង់របស់របបសឹកយោធានៅក្នុងការសហការជាមួយនឹងប្រេសិតពិសេសរបស់អាស៊ាន ដែលតំណាងដោយប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ដូច្នេះដំណើរទស្សនកិច្ចលើកទី៣ប្រព្រឹត្តទៅដោយរបៀបណា យើងពុំទាន់ដឹងនៅឡើយទេ ហើយអាចធ្វើទៅបានដល់កម្រិតណាក៏យើងពុំទាន់ដឹងដែរ ពីព្រោះថាកន្លងទៅនេះ របបសឹកភូមាហាក់ដូចជាមិនសប្បាយចិត្តជាមួយកម្ពុជា នៅក្នុងការចេញសេចក្ដីថ្លែងការណ៍រិះគន់រដ្ឋាភិបាលរបបសឹកភូមាទាក់ទងទៅនឹងការកាត់ទោសប្រហារជីវិតសកម្មជននយោបាយ៤នាក់។ នេះគឺជាអ្វីមួយដែលកម្ពុជាយើងធ្វើស្របតាមគោលការណ៍នីតិវិធីផ្សេងៗទៀតរបស់អាស៊ាន គឺធ្វើយ៉ាងណាកុំឱ្យមានអំពើហិង្សានយោបាយ។ ការកាត់ទោសសកម្មជន៤នាក់នេះ គឺវាបង្ហាញពីការត្រឡប់ថយក្រោយរបស់ភូមានៅក្នុងការអនុវត្តចំណុចទាំង៥របស់អាស៊ាន។

កម្ពុជាបានបញ្ចុះបញ្ចូល ខំប្រឹងពន្យល់របបសឹកភូមា កុំឱ្យមានការប្រហារជីវិតហ្នឹង ប៉ុន្តែរបបសឹកភូមាពុំបានទទួលយកនូវសំណើរបស់កម្ពុជា។ នេះគឺជាអ្វីមួយដែលមានការសោកស្ដាយមែនទែន ដែលរបស់ភូមាមិនបានយកសំណើហ្នឹងទៅពិចារណា ហើយបានអនុវត្តនូវការកាត់ទោសប្រហារជីវិតសកម្មជន។ ដូច្នេះ ដំណើរទស្សនកិច្ចនៅពេលក្រោយ បើអាចធ្វើទៅបានគឺ (១) ធ្វើយ៉ាងណាអាចជួបនូវអ្នកនយោបាយមកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកស្រីអង់សានស៊ូជី និងអ្នកនយោបាយកំពូលៗមកពីគណបក្សNLD​ថែមទៀត ហើយទី(២) ធ្វើយ៉ាងណាកុំឱ្យមានការអំពើហិង្សានយោបាយ ជាពិសេសការកាត់ទោសប្រហារជីវិតលើសកម្មជនយោបាយ ទី(៣)គឺបង្កឱ្យមានភាពល្អប្រសើរសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយឬយ៉ាងណានោះ ឱ្យមានសេរី និងយុត្តិធម៌ ដើម្បីអាចទទួលយកបាន ដើម្បីឱ្យមានរបបរដ្ឋាភិបាលមួយ ដែលវាស្របច្បាប់ចេញមកពីការបោះឆ្នោត ហើយមិនមែនចេញមកពីការធ្វើរដ្ឋប្រហារទេ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner