កូរ៉េខាងជើងចង់​​បញ្ចូនកម្មករផ្នែកសំណង់ខ្លួននទៅបម្រើការងា​រ​​ឱ្យរុស្ស៊ី នៅតំបន់ Donbass

កូរ៉េខាងជើងចង់​​បញ្ចូនពលរដ្ឋខ្លួនដែលជាកម្មករផ្នែកសំណង់ ចេញទៅបម្រើការងារ​នៅ​តំបន់ Donbass ​ភាគ​ខាង​កើតប្រទេស​​អ៊ុយក្រែន ដែលកំពុង​កាន់​កាប់ដោយរុស្ស៊ី។ នេះបើតាមលទ្ធផលចេញពី​ជំនួប​មួយ កាលពីពេលថ្មីៗនេះ រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និង​​អ្នកតំណាងតំបន់​ Donbass។ កិច្ចសហការថ្មីក្នុងវិស័យចំណាកស្រុក រវាង​រុស្ស៊ីនិងកូរ៉េខាងត្បូងនេះ ត្រូវបានរំពឹងថា ជាការជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ច​កូរ៉េខាងជើង និងជាការចំណេញសម្រាប់រុស្ស៊ី ក្រោមការ​ចំណាយតម្លៃពលកម្មទាបលើ​កម្មករកូរ៉េខាងជើង។

វាជារឿងទៅរួចសម្រាប់កូរ៉េខាងជើង ក្នុងការបញ្ចូនកម្មករផ្នែកសំណង់ ទៅបម្រើការងារសាងសង់ស្ថាបនា​នៅលើដែនដី​ដ៏ចម្រូង​ក្នុង​តំបន់ ​​Donbass ប្រទេសអ៊ុយក្រែន ដែលកំពុង​គ្រប់គ្រងដោយរុស្ស៊ី។ ទៅរួចបើទោះបីជា នៅពេលនេះ រុស្ស៊ី​កំពុងរងការថ្កោលទោស​​​យ៉ាងខ្លាំង ចំពោះការបង្កសង្គ្រាមឈ្លានពានប្រទេស​​អ៊ុយក្រែន​ប្រមាណ​​ជា​ង៧ខែមកនេះក៏ដោយ។ នេះ​គឺ​ជា​សុទិដ្ឋនិយមស្របគ្នា រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និងអ្នកតំណាងតំបន់ Donbass នៅក្នុងជំនួប​កាលពីពេលថ្មីៗនេះ​។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Marat Khusnullin បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនសំណង់របស់កូរ៉េខាងជើងជាច្រើន បានស្នើមកជាហូរហែ នូវគម្រោង​សាងសង់ឡើង​វិញ អគារជាច្រើន ដែលត្រូវបាន​បំផ្លាញ​​ដោយ​សង្គ្រាម​ហែកហួរ រវាងអ៊ុយក្រែននិងរុស្ស៊ី ​នៅតំបន់ Donbass និងឱ្យដឹងទៀតថា កូរ៉េខាងជើង​ រង់ចាំស្វាគមន៍​​នូវ​សេចក្តីសម្រេចជាវិជ្ជមាន ​ពី​សំណាក់​ម្ចាស់ផ្ទះ ក្នុងការ​​ទទួលយកកម្មករ​កូរ៉េខាងជើងទៅបម្រើការ។

​អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ទំនាក់ទំនងលើក​កម្ពស់វិស័យចំណាកស្រុករវាងប្រទេសកម្មុយនីស្តទាំងពីរនេះ នឹងក្លាយជាផ្នែកមួយ​ជួយសម្រួលដល់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ សេដ្ឋកិច្ចកូរ៉េខាងជើង ដែលកំពុងដុនដាបដោយសារទណ្ឌកម្ម​​លោកខាងលិច និងដោយសារជំងឺកូវីដ​ ហើយវាក៏ជា​ផលចំណេញសម្រាប់រុស្ស៊ី ដោយសារតែតម្លៃពលកម្មរបស់កម្មករកូរ៉េខាងជើង មានតម្លៃទាប ប៉ុន្តែមានលទ្ធផលការងារខ្ពស់។

ពីជ្រុងអ្នកវិភាគមួយចំនួនទៀត ការបញ្ជូនពលករចំណាកស្រុក​កូរ៉េខាងជើង ​ស្របពេលនៅមានសង្គ្រាមឈ្លានពាន​របស់រុស្ស៊ី​ពេញផ្ទៃប្រទេសអ៊ុយក្រែន​នេះ នឹងអាច​ជំរុញអោយ​មាន​ការបន្ថែម​ជំនួយ​ពីលោកខាងលិច​ទៅឱ្យអ៊ុយក្រែន និងបន្ថែមការទណ្ឌកម្មលើរុស្ស៊ីដែរ។

គួរជម្រាបជូនដែរថា កិច្ចពិភាក្សាលើកកម្ពស់វិស័យចំណាកស្រុកនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ​ បានក្លាយជាប្រទេសតែមួយគត់ក្រៅពីរុស្ស៊ី និងស៊ីរី ដែលទទួលស្គាល់ឯករាជ្យនៃទឹកដីតំបន់ Donbass គឺ Donetsk និង Luhansk ដែលការណ៍នេះ បាន ដុតកម្តៅជម្លោះរវាងរុស្ស៊ីនិង​អ៊ុយក្រែន​អោយកាន់តែក្ដៅឡើងថែមមួយកម្រិតទៀត៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner