យុទ្ធនាការមួយជំហានទៅកាន់ភាពគ្មានសំណល់ប្លាស្ទិក នឹងរៀបចំ ធ្វើជាលើកទី៣ នៅខេត្តក្រចេះ ដើម្បីក្លាយខ្លួនជាផ្នែកមួយនៃ សហគមន៍ បៃតង

ភ្នំពេញ៖យុទ្ធនាការ ONE STEP NO PLASTIC ឬ មួយជំហានទៅ កាន់ភាព គ្មានសំណល់ប្លាស្ទិក នឹងរៀបចំធ្វើជាលើកទី៣ នៅខេត្ត ក្រចេះ នាថ្ងៃសៅរ៍ ទី ១៧ ខែកញ្ញាខាងមុខចាប់ពីម៉ោង ៧ ព្រឹក ដល់ ៣ រសៀល។ ONE STEP NO PLASTIC ជាយុទ្ធនាការមួយ បង្កើតឡើងដើម្បីបន្ដសម្អាតសម្រាមទូទៅ ជាពិសេសសំណល់ប្លាស្ទិចតាមទីសាធារណៈ នាទឹកដីនៃខេត្តក្រចេះ។

យុទ្ធនាការកម្ចាត់សំណល់ប្លាស្ទិចមួយនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតដោយ All Dream Cambodia រួមគ្នានឹង Tos Yerng នាខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ។ #ONESTEPNOPLASTIC គឺជាយុទ្ធនាការបរិស្ថានមួយ ដែលផ្ដោតសំខាន់លើការប្រឆាំងនឹងការបំពុលដោយសំណល់ប្លាស្ទិច ព្រមទាំងលើកតម្កើងពីភាពទាក់ទាញនៃតំបន់ទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។

គិតមកដល់ពេលនេះ ONE STEP NO PLASTIC បានបង្កើតយុទ្ធនាការប្រមូលសម្រាមចំនួនពីរដងរួចមកហើយ ដែលមានការចូលរួមពីសាធារណជនចំនួន ៣៥៥ នាក់ និងប្រមូលសម្រាមបានសរុបប្រហែល ៣ តោន។ អ្នកស្ម័គ្រចិត្តដែលបានចូលរួម ភាគច្រើនជាសិស្ស និស្សិត ទាំងខ្មែរ ទាំងបរទេស ដែលមានអាយុចាប់ពី ១៧ ឆ្នាំឡើង។ ចំណែកសម្រាមដែលប្រមូលបាន ត្រូវបែងចែកជាពីរ គឺប្រភេទសម្រាមដែលអាចកែច្នៃបាន និងមិនបាន ហើយសំណល់ដែលអាចកែបាន ត្រូវបានដៃគូសហការរបស់ ONESTEPNOPLASTIC យកទៅច្នៃឡើងវិញ។ ក្រៅពីការប្រមូលសម្រាម អ្នកស្ម័គ្រចិត្តក៏បានចូលរួមហូបអាហារថ្ងៃត្រង់ ទស្សនាការសម្ដែង និងចូលរួមលេងល្បែងផ្សេងដើម្បីបង្កឱ្យបរិយាកាសកាន់តែរីករាយនិងស្និតស្នាលផងដែរ។

នាយុទ្ធនាការទី៣នេះ ONESTEPNOPLASTIC រើសយកខេត្តក្រចេះ ដោយសារតែទឹកដីនេះជាគោលដៅទេសចរណ៍ ដែលទទួលបានប្រជាប្រិយភាពមួយក្នុងប្រទេស។ យ៉ាងណាមិញ ក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិចមួយនេះ សង្ឃឹមថា នឹងមានចំនួនអ្នកស្ម័គ្រចិត្តចូលរួមជាមួយពួកគេលើសពីគ្រាមុនៗ។

ដើម្បីចូលរួមនៅក្នុងយុទ្ធនការនេះ លោកអ្នកអាចចុះឈ្មោះតាមរយៈការផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ ONESTEPNOPLASTIC ផ្ទាល់ ឬតាមទូរស័ព្ទលេខ 092 300 849 ឬអាសយដ្ឋានអ៊ីម៉ែល onestepnoplastic@gmail.com ។

អ្នកស្ម័គ្រចិត្តចូលរួមនឹងមិនត្រឹមតែទទួលបានឱកាសក្លាយខ្លួនជាផ្នែកមួយនៃយុទ្ធនាការប្រកបដោយនិរន្តរភាពក្នុងការជួយវិស័យទេសចរណ៍ទេ តែក៏នឹងទទួលបានវត្ថុអនុស្សាវរីយ៍ដូចជា អាវយឺត និងដបទឹក ហើយថែមទាំងបានចូលរួមជាបណ្ដាញមួយនៃសហគមន៍បៃតងផងដែរ៕
ដោយ៖វ័ន្ត ច័ន្ទមករា

ads banner