សមាជិកព្រឹទ្ធសភារៀបចំពិធីកាន់បិណ្ឌវេនទី៥ នៅវត្តក្តីចារុ៍ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និង លោកឧកញ៉ា គុយ លាងគី រួមទាំងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥នៅវត្តតាលវ័ន្តក្តីចារុ៍ ហៅវត្តក្តីចារុ៍ តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក។ ម៉្យាងទៀត ពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤ រោជ ខែភទ្របទ រហូតដល់ថ្ងៃបុណ្យភ្ជំធំត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ជិតឆ្ងាយបានមកជួបជុំគ្នានាំយកចង្ហាន់ចំណីអាហារទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សាតាមទីវត្តអារាមនានានៅកម្ពុជា។

លោកជំទាវបានបន្តថាបេសកកម្មនៃការថែរក្សាសន្តិភាពនិងបន្តឲ្យមាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជាគឺការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជាតាមរយៈនៃការផ្តល់ជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាពនៅកម្ពុជា។

លោកជំទាវក៏បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។

ក្នុងពិធីកាន់បិណ្ឌវេនទី៥ នេះដែរលោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី បាននាំយកថវិកាមួយចំនួននិងសម្ភារៈប្រគេនដល់ព្រះសង្ឃចែកជូនដល់លោកយាយ លោកតាចំនួន២០០នាក់ ក្នុងម្នាក់ៗក្រមា១ និងថវិកា ១ម៉ឺនរៀល ៕ ដោយ ប៊ុន រដ្ឋា

ads banner