ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកា ១៥៣លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១៨គ្រួសារ

ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងថ្នាក់ដឹកនាំនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រង សង្គមជាង ១៥៣លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលី ១៨គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។

បន្ទាប់ពីលោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ធំ ធ្វើការជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សព អតីតយុទ្ធជននីមួយៗ រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនអតីតយុទ្ធជន ចំណែកថវិកាធានារ៉ាប់រងសង្គម ដែលបានប្រគល់ជូនបងប្អូនអតីតយុទ្ធជន គឺជាការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រុមគ្រួសារសពអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ៕
ដោយ ប៊ុន រដ្ឋា

ads banner