យុវជនកម្ពុជា បានបង្ហាញស្នាដៃឆ្នើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចការពារបរិស្ថាន

លោក លាន សុខលាភ ទទួលបានជ័យលាភីលេខ២ នៅក្នុងការប្រកួតគំនូរ តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាស (Ozone2Climate) នាឆ្នាំ២០២២។ ជ័យលាភី នឹងប្រកាសនៅថ្ងៃទី១៦ កញ្ញានេះ ដោយគណៈកម្មការនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។

លោក លាន សុខលាភ អាយុ២១ ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបានក្លាយជាយុវជនតំណាងកម្ពុជា ចូលរួមប្រកួតស្នាដៃគំនូរយុវជន តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាសឆ្នាំ២០២២ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការជ្រើសរើសថ្នាក់ជាតិ កាលពីខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រឡងនៅតាមប្រទេសនីមួយៗក្នុងតំបន់ ក្រុមការងារអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានទទួលស្នាដៃសិល្បៈជាង៥០០០ ស្នាដៃ ក្នុងនោះគេបានធ្វើការបែងចែកជា៣ប្រភេទ រួមមានដូចជា៖ រូបគំនូរ ការថតរូប និង ការរចនាក្រាហ្វិច តាមរយៈអនឡាញ។ ក្នុងចំណោមស្នាដៃ ដែលត្រូវ ជ្រើសរើស សម្រាប់យកទៅប្រកួត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះ មានស្នាដៃសិល្បៈគំនូរចំនួន ៩៨ ផ្ទាំង ដែលជាស្នាដៃយុវជនមកពី ២៧ ប្រទេស។

ស្នាដៃគំនូររបស់យុវជនកម្ពុជា លាន សុខលាភ កើតចេញពីទេពកោសល្យធម្មជាតិ គួរជាទីចាប់អារម្មណ៍ និងព្រមទាំងបង្កប់ទៅដោយ អត្ថន័យអប់រំ ឲ្យសាធារណជនចូលរួម ក្នុងសកម្មភាពមេត្រីបរិស្ថាន ដើម្បីភពផែនដីស្រស់ស្អាត។

លោក លាន សុខលាភ បានឱ្យដឹងថាគំនូររបស់លោក បានរំលេចពីសារៈសំខាន់ នៃស្រទាប់អូហ្សូន មូលហេតុផលប៉ះពាល់ ដល់ស្រទាប់អូហ្សូន ព្រមទាំងបានលើកទឹកចិត្ត ប្រជាពលរដ្ឋ ចូលរួមថែរក្សាស្រទាប់អូហ្សូន តាមវិធីសាស្រ្តងាយប្រចាំថ្ងៃ ដូចជា ជិះកង់ ដើរហាត់ប្រាណ និងកាត់បន្ថយការប្រើប្រាស់ ឥន្ធនៈផូសីល ដោយប្រើប្រាស់ ខ្យល់ធម្មជាតិ សន្សំសំចៃថាមពល ដើម្បីកាត់បន្ថយ ការបំពុលបរិស្ថាន។

អបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ឆ្នាំ២០២២ ដែលបានរៀបចំឡើង ក្រោមប្រធានបទ «ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើផែនដី» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុសប្រជាជន គ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូនសម្រាប់ជីវិត លើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀត សំដៅថែរក្សាការពារ ស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅ ភពផែនដី៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner