AVIVoice Ep92: ការចែករំលែកការកសាងសមត្ថភាពរបស់យុវជនដែលមានសក្តានុពល ក្នុងសតវត្សរ៍ទី២១

យុវជននាពេលបច្ចុប្បន្នសុទ្ធតែមានសក្តានុពល និងមានការប្រកួតប្រជែងខ្លាំងនៅក្នុងការធ្វើការងារដកបទពិសោធន៍ និងការកសាងសមត្ថភាពសម្រាប់មាគ៌ាអនាគតរបស់ខ្លួន។ វាពិតជាមានសារៈសំខាន់សម្រាប់យុវជនក្នុងសតវត្សទី២១នេះ ក្នុងការស្វះស្វែងរកបទពិសោធន៍និងឱកាសអំឡុងពេលដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុង សៀវវិន ក្នុងនាមជាអ្នកដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងការធ្វើការងារ បានរៀបរាប់យុទ្ធសាស្រ្តនិងវិធីសាស្រ្តក្នុងការគ្រប់គ្រងពេលវេលា ក៏ដូចជាធ្វើយ៉ាងណាដើម្បីឱ្យទទួលបានលទ្ធផលល្អ និងលើកឡើងពីផលប្រយោជន៍នានាសម្រាប់យុវជនក្នុងការចាប់យកឱកាសនានាសម្រាប់កសាងអនាគតរបស់ពួកគេ។

សំណួរទី១៖ ជាបឋម សូមកញ្ញារៀបរាប់បន្តិច លម្អិតអំពីបទពិសោធន៍ នៅក្នុងការចូលរួមរបស់កញ្ញា ក្នុងកិច្ចការងារផ្សេងៗកន្លងមកបន្តិចបានដែរឬទេ

ការងារស្ម័គ្រចិត្តរបស់ខ្ញុំ កាលពីរៀននៅវិទ្យាល័យមានដូចជា ការធ្វើការនៅមន្ទីរចាស់ជរា ដោយខ្ញុំបានជួយមើលថែមនុស្សចាស់ ដែលគាត់អត់មានសាច់ញាតិ។ បន្ថែមពីនោះ ខ្ញុំបានជួយចម្អិនម្ហូប ដើម្បីចែកទៅដល់អ្នកដែលមានជីវភាពលំបាក ក៏ដូចជាបង្រៀនក្មេងៗតូចៗទៅលើមុខវិជ្ជាភាសាអង់គ្លេស និងវិទ្យាសាស្ត្រផងដែរ។ ហើយនៅក្នុងឆ្នាំនេះផ្ទាល់ខ្ញុំ ក៏បានធ្វើការជាមួយក្រុមគ្រូពេទ្យ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដើម្បីបង្កើតជាសៀវភៅមួយទាក់ទងទៅនឹង ការបង្កើនការយល់ដឹងពីតំហែទាំសុខភាពសម្រាប់ប្រជាជនយើងនៅក្នុងតំបន់។ ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានធ្វើគម្រោងមួយចំនួនទៀត ទាក់ទងទៅនឹងការពង្រឹងជំនាញសម្រាប់ក្មេងៗនៅតាមខេត្ត គម្រោងទាក់ទងទៅនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការអប់រំផ្សេងៗទៀតជាដើម។ 

សំណួរទី២៖ យើងឃើញថា នៅក្នុងសតវត្សរ៍ទី២១នេះ យុវជន គឺសុទ្ធតែមានសក្ដានុពល ហើយបច្ចុប្បន្ននេះ គឺមានភាពប្រកួតប្រជែងខ្លាំងមែនទែន នៅក្នុងការកសាងសមត្ថភាពរៀងៗខ្លួន ហើយកញ្ញាក៏ជាយុវជនម្នាក់ ដែលបានឆ្លងកាត់នូវបទពិសោធន៍ការងារជាច្រើន បើទោះបីជាកញ្ញាកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រ។ ជាសំណួរថា តើអ្វីទៅដែលជាឧបសគ្គចំពោះមុខ នៅក្នុងការស្វែងរកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាឱកាសកសាងសមត្ថភាពបន្ថែមក្រៅពេលសិក្សា ហើយតើអ្វីដែលជាដំណោះស្រាយកញ្ញាបានប្រើប្រាស់ ដើម្បីជម្នះនូវរាល់ឧបសគ្គទាំងនោះ

ឧបសគ្គចម្បង គឺការស្វែងរកការងារមួយដែលត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់យើង ហើយយើងអាចបែងចែកពេលវេលា ដើម្បីធ្វើការងារនោះឱ្យបានល្អ។ ធម្មតាឱកាសការងារមានច្រើន ចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ មិនថាខ្ញុំ មិនថាគេផ្សេងៗទេ ក៏អាចមានច្រើនដូចគ្នាដែរ ប៉ុន្តែការប្ដេជ្ញាចិត្ត ក្នុងការធ្វើការងារមួយប្រកបដោយទំនួលខុសត្រូវខ្ពស់ ជារឿងសំខាន់ណាស់ មិនថាការងារណាក៏ដោយ។ នៅពេលយើងធ្វើការងារដំបូង យើងតែងតែជួបប្រទះការលំបាក ដោយសារតែយើងស្ថិតនៅក្នុងដំណាក់កាលរៀនសូត្រ ហើយសមត្ថភាពរបស់យើងនៅមានកម្រិតនៅឡើយដែរ។ នៅពេលដែលយើងធ្វើការងារណាមួយ ដែលយើងស្រឡាញ់ បើទោះបីជាពេលដំបូង យើងមានភាពលំបាក ហើយការងារហ្នឹងមានភាពតានតឹងធ្វើឱ្យយើងស្ត្រេស (stress)ក៏ដោយ ប៉ុន្តែជាចុងក្រោយក៏យើងនៅអាចឆ្លងកាត់ឧបសគ្គនោះបាន។ នេះដោយសារតែការងារហ្នឹង ជាការងារដែលយើងស្រឡាញ់ អ៊ីចឹងហើយយើងប្រាកដជាព្យាយាមពុះពារដើម្បីធ្វើវាបានល្អ។ អាហ្នឹងគឺជាដំណោះស្រាយរបស់ខ្ញុំក្នុងការជម្នះឧបសគ្គ ដែលខ្ញុំបានជួបប្រទះនៅក្នុងការធ្វើការងារផ្សេងៗ។ 

សំណួរទី៣៖ ចំពោះបទពិសោធន៍កន្លងមកដែលកញ្ញាទទួលបាន ទាក់ទងទៅនឹងលទ្ធផល តើវាបានចូលរួមផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ចំពោះកញ្ញា? ហើយបើយើងមើលទៅទិដ្ឋភាពទូទៅ ចំពោះបទពិសោធន៍នៃកិច្ចការសង្គម ក៏ដូចជាការងារស្ម័គ្រចិត្តនានា ដែលយុវជនទាំងអស់អាចចូលរួមបាននាពេលបច្ចុប្បន្នវានឹងផ្ដល់នូវជំនាញ និងចំណេះបន្ថែមអ្វីខ្លះដល់យុវជនរបស់យើង? 

សម្រាប់បទពិសោធន៍កន្លងមក បើនិយាយពីការងារស្ម័គ្រចិត្ត ខ្ញុំមិនសម្លឹងមើលទៅផលប្រយោជន៍ទេ។ដោយសារមូលហេតុចម្បងដែលខ្ញុំធ្វើការងារទាំងអស់ហ្នឹង គឺខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នក ដែលខ្ញុំបានជួយ ព្រមទាំងដូចថាចង់ឃើញគាត់រឹងមាំជាងមុន និងមានសមត្ថភាពខ្លាំងជាងមុន។ ចំពោះខ្ញុំ ការងារទាំងហ្នឹងហើយ គឺជាការងារដែលប្រកបដោយអត្ថន័យខ្លាំង។ ខ្ញុំយល់ថាការងារទាំងឡាយ ជាការងាររៀនសូត្រមួយបែបដែលជួយអភិវឌ្ឍខ្ញុំ។ ការងារដែលខ្ញុំបានឆ្លងកាត់ពីមុនមកបានពង្រឹងនូវជំនាញទន់(Soft Skill)របស់ខ្ញុំ ដូចជាការទាក់ទងជាមួយមនុស្សផ្សេងៗគ្នា ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ព្រមទាំងការសម្រេចចិត្តដោយពុំមានភាពរារែក ការដឹកនាំ និងជំនាញទន់ផ្សេងៗជាច្រើនទៀត។

បន្ថែមពីនេះ ខ្ញុំក៏បានជួបមនុស្សច្រើន ដែលមកពីប្រភពខុសៗគ្នា ដែលពួកគាត់សុទ្ធតែផ្ដល់នូវមេរៀនផ្សេងៗគ្នាមកឱ្យខ្ញុំ។ នៅពេលដែលខ្ញុំជួបមនុស្សកាន់តែច្រើន ខ្ញុំក៏យល់ពីទស្សនៈ ក៏ដូចជាបែបបទនៃការងាររបស់មនុស្សផ្សេងៗគ្នាដែរ។ ការងារទាំងអស់ហ្នឹងបានបង្រៀនឱ្យខ្ញុំចេះសម្របខ្លួនទៅតាមកាលៈទេសៈផ្សេងៗ និងមានទំនុកចិត្តលើខ្លួនឯង នៅក្នុងការបញ្ចេញមតិក៏ដូចជាការស្វែងរកដំណោះស្រាយនៅពេលដែលជួបបញ្ហា។ ខ្ញុំជឿថាបទពិសោធន៍ការងារផ្ដល់ឱ្យខ្ញុំ និងយុវជនទាំងឡាយដែលពួកគាត់បានឆ្លងកាត់ និងបានផ្តល់ចំណេះដឹងនៅខាងក្រៅសាលារៀន ដែលអាចឱ្យពួកគាត់ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ហើយថែមទាំងយល់ដឹងពីសង្គមខាងក្រៅឱ្យបានកាន់តែច្រើន និងស្វែងរកគោលដៅមួយដើម្បីឱ្យគាត់ដើរកាន់តែកៀកក្នុងការឈោងចាប់ក្ដីស្រមៃរបស់ខ្លួន។ 

សំណួរទី៤៖ ចំពោះកញ្ញាផ្ទាល់ ក្នុងនាមជាអ្នកចូលរួមច្រើន នៅក្នុងការងារផ្សេងៗ ទាំងក្នុងសង្គម និងតាមស្ថាប័ននានា អំឡុងពេលនៃការសិក្សានោះ។ តើអ្វីទៅដែលជាយុទ្ធសាស្ត្ររបស់កញ្ញាក្នុងការគ្រប់គ្រងពេលវេលាឱ្យសមស្រប និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ?

យុទ្ធសាស្ត្ររបស់ខ្ញុំ ក្នុងការគ្រប់គ្រងពេលវេលាឱ្យបានសមស្រប គឺការផ្ដោតទៅលើការងារទៅតាមកម្លាំង និងសមត្ថភាពរបស់ខ្លួន។ ធម្មតាយើងដឹងហើយថាកម្លាំងរបស់យើងមានប៉ុណ្ណា ហើយសមត្ថភាពរបស់យើងគឺត្រូវទៅនឹងការងារអ្វីខ្លះ។ អ៊ីចឹងហើយអ្វីដែលខ្ញុំព្យាយាមធ្វើ គឺបើសិនជាមានពេល ខ្ញុំនឹងព្យាយាមបញ្ចប់ការងារដែលខ្ញុំមាន មិនថាការងារសាលា មិនថាការងារនៅកន្លែងធ្វើការ ឬក៏ការងារស្ម័គ្រចិត្តអីឱ្យរួចរាល់មុនពេលកំណត់ដើម្បីឱ្យខ្ញុំមានពេលផ្សេងៗសម្រាប់ធ្វើការងារផ្សេងៗទៀត។ រឿងមួយទៀតដែលខ្ញុំធ្វើកន្លងមក គឺព្យាយាមធ្វើម៉េច មិនធ្វើការងារច្រើនក្នុងពេលតែមួយ។ ឱកាសការងារនៅខាងក្រៅ គឺមានច្រើនមែនទែន ប៉ុន្តែយើងក៏ត្រូវដឹងថា យើងត្រូវកំណត់ខ្លួនឯងរបៀបម៉េច ដើម្បីឱ្យយើងលូតលាស់ទៅតាមហ្នឹង។

ឧទាហរណ៍ ជាក់ស្តែងគឺ បើសិនជាខ្ញុំធ្វើការងារស្ម័គ្រចិត្តនៅស្ថាប័នមួយរយៈពេល៦ខែ ឬក៏៣ខែ គឺខ្ញុំផ្តោតទៅលើការងារហ្នឹង និងការងារសិក្សាតែប៉ុណ្ណោះ ហើយខ្ញុំចាំរហូតដល់ការងារនៅកន្លែងស្ម័គ្រចិត្តហ្នឹងចប់ ដើម្បីបន្តចាប់ការងារថ្មីផ្សេងទៀត។ អ៊ីចឹងហើយមានន័យថា ការសិក្សាបណ្ដើរ ការធ្វើការងារបណ្តើរ គឺមិនមែនជារឿងងាយស្រួលនោះទេ។  យើងត្រូវឧស្សាហ៍ធ្វើការតាមដានលើខ្លួនឯង (Self-Check) ដូចថាឥឡូវនេះ ខ្លួនខ្ញុំដើរដល់ចំណុចណាហើយ ឥឡូវនេះខ្លួនខ្ញុំមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការរៀនសូត្រ និងការធ្វើការងារស្ម័គ្រចិត្ត ហើយឬមួយការងារផ្សេងៗហ្នឹងអត់? សរុបមកការថ្លឹងថ្លែងពេលវេលាឱ្យបានត្រឹមត្រូវ សម្រាប់ការសិក្សា និងការងារនោះហើយ ហើយការងារលៃលកធ្វើយ៉ាងណាឱ្យខ្លួនឯងមានពេលសម្រាប់ខ្លួន គ្រួសារ និងមនុស្សដែលយើងស្រឡាញ់ គឺជាការងារចាំបាច់ ក្នុងការធ្វើការងារមួយ ហើយស្របពេលហ្នឹង គឺយើងអាចមានពេលគ្រប់គ្រាន់ សម្រាប់ធ្វើការងារផ្សេងៗទៀត។

សំណួរទី៥៖   ជាក់ស្ដែងកញ្ញាក៏ធ្លាប់មានបទពិសោធន៍ នៅក្នុងការធ្វើការ ក៏ដូចជាសិក្សា នៅឯក្រៅប្រទេសផងដែរ ហើយបច្ចុប្បន្នកញ្ញា ក៏កំពុងតែរៀនសូត្រ និងធ្វើការនៅប្រទេសកម្ពុជា។ ចំពោះសំណួរថា តើកញ្ញាអាចធ្វើការប្រៀបធៀបបន្តិចបានទេ រវាងបរិបទនៃការធ្វើការ និងរៀនសូត្រក្រៅប្រទេស និងស្រុកខ្មែរ ថាតើវាមានលក្ខណៈខុសគ្នា ឬក៏ដូចគ្នាដូចម្ដេចខ្លះ?

លក្ខណៈខុសគ្នាមួយរវាងបរិបទនៃការធ្វើការ ជាពិសេសការងារស្ម័គ្រចិត្តនៅខ្មែរយើង ក៏ដូចជានៅប្រទេសក្រៅដែលខ្ញុំសង្កេតឃើញហ្នឹង គឺទៅលើពេលវេលា។ នៅខ្មែរយើង ភាគច្រើននៅពេលដែលយើងធ្វើការងារស្ម័គ្រចិត្ត គឺយើងត្រូវ go through application process (ឆ្លងកាត់ដំណើរការដាក់ពាក្យ) ឬមួយក៏យើងត្រូវកំណត់ពេលដូចថា ឥឡូវការងារស្ម័គ្រចិត្ត គឺត្រូវធ្វើនៅក្នុងកំឡុងពេល៣ខែ ៦ខែ ឬក៏១ឆ្នាំ។ អ៊ីចឹងហើយតម្រូវឱ្យយើងCommit (ប្តេជ្ញាចិត្ត) ច្រើនទៅលើរឿងហ្នឹង ប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញនៅការងារស្ម័គ្រចិត្តនៅខាងប្រទេសក្រៅវិញ គឺដូចថា ឥឡូវបើសិនជាយើងទំនេរដើម្បីជួយទៅលើការងារសង្គមអ្វីផ្សេងៗ។

យើងអាចទៅចូលរួមកន្លែងហ្នឹងនៅពេលណាក៏បានដែរ។ ឧទាហរណ៍ជាក់ស្ដែងដូចថា កាលពេលខ្ញុំរៀននៅនោះ គឺខ្ញុំរៀនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រចប់ត្រឹមម៉ោង៣រសៀល ហើយនៅពេលដែលចប់ពីថ្ងៃហ្នឹង បើសិនជាខ្ញុំអត់មានកិច្ចការសាលាច្រើនទេ គឺខ្ញុំទៅវិហារ ឬក៏ទៅកន្លែងណាមួយដើម្បីជួយដូចថា ធ្វើម្ហូប ឬក៏មើលថែមនុស្សចាស់ជរានៅកន្លែងណាមួយអ៊ីចឹងទៅ។ បន្ថែមពីនេះ ដូចថាបើសិនជាខ្ញុំគិតថា អាទិត្យនេះអាចមានSchedule (ការវិភាគ)គ្រប់គ្រាន់នៅក្នុងការធ្វើការងារសង្គម។ អ៊ីចឹងហើយគឺខ្ញុំទាក់ទងទៅនឹងស្ថាប័ន ឬក៏កន្លែងណាដែលខ្ញុំចង់ធ្វើ ហើយប្រាប់គាត់ថា ខ្ញុំចង់ធ្វើការងារស្ម័គ្រចិត្តនេះ ហើយអាចមានកន្លែងដែលខ្ញុំអាចចូលជួយនៅលើរឿងហ្នឹងបានអត់ ហើយបើសិនជាគាត់អូខេហើយ គឺខ្ញុំproceed (នឹងបន្ត) ទៅធ្វើនៅពេលចុងសប្ដាហ៍។ បើទោះបីជាខ្ញុំមើលឃើញថា មានលក្ខណៈខុសគ្នានៅលើរឿងtime (ពេលវេលា)ក្តី។ សរុបមកវិញគឺថាទាំងការងារស្ម័គ្រចិត្តនៅខ្មែរយើង ឬក៏នៅប្រទេសផ្សេងៗក៏ដោយ Nature (ធម្មជាតិ)នៃការធ្វើការងារស្ម័គ្រចិត្ត គឺសុទ្ធតែដើម្បីជួយមនុស្សទាំងអស់។ 

សំណួរទី៦៖ ជាចុងក្រោយ តើកញ្ញាមានអ្វីជាការលើកទឹកចិត្ត ដល់យុវជនដទៃទៀត ដែលមានការតាំងចិត្ត និងសក្ដានុពលក្នុងការកសាងសមត្ថភាព ជាពិសេសអភិវឌ្ឍនូវជំនាញ តាមរយៈការចូលរួមនៅតាមកម្មវិធី ឬការធ្វើការនានាសម្រាប់មាគ៌ារបស់ពួកគេ។ 

បើទោះបីជា ការពង្រឹងសមត្ថភាព និងការអភិវឌ្ឍខ្លួន ពីវ័យក្មេងមានសារៈសំខាន់យ៉ាងណាក្ដី ខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាមតិ អ្នកស្ដាប់ទាំងអស់គ្នា ជាពិសេសប្អូនៗ គឺត្រូវព្យាយាមថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនឱ្យបានល្អ។ កុំព្យាយាមធ្វើការងារច្រើនក្នុងពេលតែមួយ ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការសិក្សា ឬក៏ប៉ះពាល់ទៅដល់រូបរាងកាយយើង។ យើងត្រូវចងចាំថា ពេលខ្លះធ្វើការងារតែមួយ វាប្រសើរជាងធ្វើការងារច្រើនក្នុងពេលតែមួយ ពីព្រោះនៅពេលដែលយើងធ្វើការងារតែមួយ យើងអាចផ្ដោតខ្លាំងទៅលើការងារហ្នឹង ហើយក៏យើងអាចពង្រឹងសមត្ថភាពយើង ក៏ដូចជាការបង្កើនចំណេះដឹងទៅតាមហ្នឹងដែរ។ ខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកស្ដាប់អាចស្វែងរកការងារដែលខ្លួនស្រឡាញ់ ហើយកុំខ្លាចក្នុងការសាកល្បងនូវការងារថ្មី ដែលយើងគិតថាល្អ ចំពោះខ្លួនឯង និងសង្គម។ 

**********

វាគ្មិនកិត្តិយស៖ កញ្ញា អ៊ុង សៀវវិន និស្សិតឆ្នាំទី៤ នៃបរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner