ក្រសួងបរិស្ថាន ពង្រឹងបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ លើការយល់ដឹង “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍”

ព្រះវិហារ ៖ ក្រសួងបរិស្ថានតាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ “ជម្រើសមុខរបរសម្រាប់បង្កើតជីវភាពសហគន៍” ដែលរៀចំឡើងដោយនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅសហគមន៍តំបន់ការពារធម្មជាតិ តាំងយូរ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិនេះ រៀបចំឡើងក្នុងគោលបំនងចែករំលែកព័ត៌មានបទពិសោធន៍ល្អ និងជម្រើសមុខរបរសម្រាប់ការបង្កើនប្រាក់ចំណូល សម្រាប់សហគមន៍មូលដ្ឋាន ពិនិត្យនិងកែសម្រួលសេចក្តីព្រៀងលក្ខន្តិកៈបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះ សហគមន៍នឹងបានរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍នៅតាមសហគមន៍របស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង ។

ឯកឧត្តម បានបន្ថែមថា ក្រៅពីការជួយរៀបចំបង្កើត និងផ្តល់ការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិឱ្យមានលក្ខណៈស្របច្បាប់ពេញលេញ ក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពួកគាត់ ទាំងជាទិសដៅរយៈពេលវែង តាមរយៈការជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការនានារបស់រដ្ឋ ជាអាទិ៍អេកូទេសចរណ៍ កសិកម្មបែបទំនើប សុខភាពសហគមន៍ ទឹកស្អាត និងអាហារូបត្ថម្ភ ទាំងជាលក្ខណៈជួយអន្តរាគមន៍បន្ទាន់ចំពោះមុខ ជាពិសេសក្នុងកំឡុងវិបត្តិកូវីដ១៩ និងការផ្តល់ជាបន្លែ សត្វចិញ្ចឹម មាន គោ ក្របី ជ្រូក មាន់ ពពែជាដើម-ល- ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណី ឱ្យបានគង់វង្ស និងដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងបរិស្ថាន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតមុខរបរឱ្យប្រជាសហគមន៍នៅតាមមូលដ្ឋាន ជំរុញឱ្យជីវភាព របស់ពួកគាត់កាន់តែមានភាពល្អប្រើសើរ កាត់បន្ថយការពឹងផ្អែកទៅលើផលអនុផលព្រៃឈើ ពិសេសក្នុងពេលបច្ចុប្បន្នប្រជាសហគមន៍បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមការពារអភិរក្សសម្បត្តិធនធានធម្មជាតិ ។

ការថែររក្សាព្រៃឈើមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយក្នុងការបម្រែបម្រួលអាកាសធាតុ ដែលបានផ្តល់ជាជម្រកសត្វព្រៃ ធនធានធម្មជាតិជាច្រើន ដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងការសិក្សាស្វែងយល់ផ្សេងៗទៀត ដែលជំរុញឲ្យការស់នៅដោយចីរភាព។

សូមបញ្ជាក់ថា ៖ ដើម្បីលើកកម្ពស់ការចូលរួមគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗជាមួយស្ថាប័នជំនាញ និងចូលរួមអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល គិតត្រឹមឆមាសទី២ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០សហគមន៍ គ្រប់គ្រងផ្ទៃដីទំហំ ៣២៤,២៣៨ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ចំនួន៣៤ ក្នុងខេត្តចំនួន១៦ និងមានសមាសភាពគណៈកម្មការសហគមន៍ចំនួន ១៨៦៣នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៥១នាក់ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner