កុំខ្លាច ហ៊ុន ម៉ាណែត ឡើង​ប្រកួតមក ប្រជាធិបតេយ្យ​គេធ្វើអញ្ជឹង!

បើមិនខ្លាច ហ៊ុន ម៉ាណែត ទេ គួរអោយម៉ាណែតធ្វើ…និងឡើងប្រកួតយក​តំណែងជានាយករដ្ឋមន្ត្រី ព្រោះជាប្រទេសប្រជាធិបតេយ្យ ត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ចង់អ្នកណាថាអីថាទៅ។ អ្នក​ឯងព្រុសតាមចិត្តចុះ។ ពាក្យថាព្រុសហើយគេមិនដែលហៅថាមនុស្សទេ។ ព្រុសកាន់តែខ្លាំង ដំណើរការកាន់តែលឿនប្រាប់អ្នក​ឯងឲ្យច្បាស់។ អ្នកឯងរអ៊ូថា ហ៊ុន សែន កាន់អំណាចយូរណាស់។ ចុះបើ ហ៊ុន សែន ដើរចេញហើយប្រគល់ឲ្យកូនធ្វើ វាមានទាស់ក្បាលអ្នក​​​​ឯងអី។ ប្រជាជនអ្នកបោះឆ្នោតទេតើ»

សម្តេចតេជោ បានទទួលការបោះឆ្នោតគាំទ្រ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កាលពីអាយុ ២៧ឆ្នាំផងដែរ​។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ គឺសម្តេចនៅតែស្ថិតក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះការផ្លាស់ប្តូរមេដឹកនាំនៅពេលណានោះ គឺជារឿងក្រោយការបោះឆ្នោត។ ចំពោះតំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចធ្វើរហូតដល់លែងចង់ធ្វើ ហើយចំពោះការត្រៀមមនុស្សបន្តវេន ជារឿងធម្មតាសម្រាប់ជំនាន់ក្រោយ។

ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលអ្នកដឹកនាំប្រទេសត្រូវកើតចេញពីការបោះឆ្នោតរបស់ប្រជាជន។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដែរថា ការរៀបចំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា គឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «កូនរបស់ខ្ញុំក៏ជាប្រជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិ (ឈរឈ្មោះឲ្យគេបោះឆ្នោត) ដែរ»

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។ ការជាប់ឆ្នោតក្នុងបក្សនេះ បានធ្វើឱ្យមានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ២ដំណាក់ ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រី ដោយក្នុងនោះត្រូវការសន្លឹកឆ្នោតពីពលរដ្ឋដើម្បីក្លាយទៅជាតំណាងរាស្រ្ត ហើយដំណាក់កាលមួយទៀត បើសិនជា ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ធ្វើជានាយករដ្ឋមន្ត្រី គឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីទៅសុំការទុកចិត្តពីរដ្ឋសភា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner