អ្នកកសិកម្ម៖ រដ្ឋាភិបាលជំរុញការនាំចេញក្នុងស្រុកជារឿងល្អ តែត្រូវដោះស្រាយបញ្ហាកង្វះទុនរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា ទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញការផ្គត់ផ្គង់ក្នុងស្រុក ជំរុញការនាំចេញនៅនឹងកន្លែង គឺជាឱកាសលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ។ជាពិសេសគឺការបង្កើនមុខរបរប្រជាពលរដ្ឋ ដែលប្រឈមនឹងភាពគ្មានការងារធ្វើ និងតម្លៃកសិផលពលរដ្ឋកំពុងធ្លាក់ថ្លៃ។

លោកបានបញ្ជាក់ថា៖ «ប្រសិនជាយើងផលិត លើកកម្ពស់ផលិតភាពកសិកម្មយើងបែបអ៊ីចឹង យើងនឹងជួយជំរុញទាំងចំណូលសេដ្ឋកិច្ច ទាំងមុខរបរ រួមទាំងការលើកទឹកចិត្តបន្ថែមទៀតលើការផលិតក្នុងវិស័យកសិកម្ម»។លោកបានកត់សម្គាល់ថា ទិន្នផលកសិកម្មមួយចំនួន គឺកម្ពុជាតែងតែនាំចូលពីប្រទេសជិតខាង តួយ៉ាង ថៃ និងវៀតណាម។
តាមអ្នកជំនាញផ្នែកកសិកម្មរូបនេះ បើទស្សទានរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋនៅតំបន់រុនតាឯក ផលិតរួចផ្គត់ផ្គង់ក្នុងស្រុកខ្លួនឯង គឺរដ្ឋាភិបាលត្រូវតែជំរុញឲ្យអស់លទ្ធភាព។

ការលើកឡើងរបស់លោក ថេង សាវឿន បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហដែលបានថ្លែងនៅខេត្តសៀមរាប កាលពីថ្ងៃទី០១តុលា ដោយលើកទឹកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋនៅតំបន់រុនតាឯក ធ្វើការដាំដុះចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដែលប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថានេះគឺជា”ទស្សនទាននាំចេញនៅនឹងកន្លែង” ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «យើងត្រូវតែធ្វើការដាំដុះ ធ្វើការចិញ្ចឹមសត្វ។យើងធ្វើវិធីហ្នឹងដើម្បីធ្វើយ៉ាងណាទាញទេសចរ,បង្កើតការងារ បង្កើតប្រាក់ចំណូល។ ការដាំដុះ ការចិញ្ចឹមសត្វរបស់យើងបម្រើឱ្យវិស័យទេសចរណ៍ ដែលខ្ញុំប្រើទស្សនទានថានាំចេញនៅនឹងកន្លែង មិនបាច់នាំចេញទៅក្រៅប្រទេសទើបហៅថានាំចេញទេ!។ យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារឱ្យភ្ញៀវបរទេសបរិភោគ ចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែងដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា»។

ទោះយ៉ាងណា លោក ថេង សាវឿន កត់សម្គាល់ការជំរុញវិស័យកសិកម្មក្នុងស្រុក នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលរដ្ឋាភិបាលត្រូវគិតគូយកចិត្តទុកដាក់។ ក្នុងនោះកង្វះទុនរបស់ពលរដ្ឋ ជាមូលហេតុចម្បងមួយ។ លោកថា៖ «បញ្ហាប្រឈមដែលត្រូវដោះស្រាយ ក៏ប៉ុន្តែវាមិនប្រឈមខ្លាំងពេកទេ។ ទីមួយគឺ ទុនសម្រាប់បង្កបង្កើនទាំងបច្ចេកទេស ទាំងគ្រាប់ពូជ ទាំងថវិកា ធ្វើយ៉ាងណាឱ្យពលរដ្ឋអាចទិញ និងដាំដុះ។

ទីពីរគឺ ការកែច្នៃផលិតផល ដែលត្រូវមានវិធីសាស្រ្តក្នុងកែច្នៃកសិផលពលរដ្ឋ។
បើតាមលោក ថេង សាវឿន ប្រព័ន្ធនៃការចែកចាយផលិតផលក្នុងស្រុក ក៏នៅជាបញ្ហាប្រឈមផងដែរ។ លោកថា៖ «កន្លងមកអ្នកផលិតផ្គត់ផ្គង់ក្នុងស្រុក នៅមានចំនួនតិច ដែលកម្ពុជានៅពឹងពាក់ការផ្គត់ផ្គង់ពីក្រៅស្រុកនៅឡើយ។ លោកបញ្ជាក់ថា ទីផ្សារនៅក្នុងស្រុកមិនជាបញ្ហាទៀតទេសម្រាប់ពេលបច្ចុប្បន្ន ឱ្យតែមានផលិតផលនិងការវេចខ្ចប់ត្រឹមត្រូវ នោះពលរដ្ឋខ្មែរនឹងគាំទ្រផលិតផលកសិកម្មនៅក្នុងស្រុក៕
ដោយ៖សេក ប្រាក់

ads banner