ថៃទទួលបានភ្ញៀវបរទេស ៦លាននាក់ហើយ
បាងកក៖ យោងតាមមន្ត្រីថៃបានឱ្យដឹងថា ជនបរទេសជាង ៦លាននាក់ហើយ បានទៅលេងប្រទេសថៃ នៅឆ្នាំ២០២២នេះ ជាមួយនឹងការកើនឡើង ៩០%កាលពីខែមុន បើប្រៀបធៀបទៅនឹងតួលេខជាមធ្យម។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរថៃ (TAT) បាននិយាយកាលពីថ្ងៃអាទិត្យថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១ ខែកញ្ញា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៦.០១លាននាក់ ដែលជាតួលេខខ្ពស់ជាងបន្តិច នៃគោលដៅទេសចរណ៍របស់ប្រទេសថៃ ដែលមានចំនួន ៦លាននាក់។
លោក Yuthasak Supasorn បាននិយាយទៀតថា ភាគច្រើនជាជនជាតិម៉ាឡេស៊ី ដែលមាន ៩៧២.៦៩៩ នាក់ បន្ទាប់មកគឺឥណ្ឌា ៥៦១.៦៥៦ នាក់ ឡាវ ៤១០.៥៦៣នាក់ សិង្ហបុរី ៣១១.៥៦៧នាក់ និងខ្មែរ ៣០៩.០៣៤នាក់។
លោកថា អាកាសយានដ្ឋានសុវណ្ណភូមិមានភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុត ចំនួន ៣.២៥លាននាក់ តាមពីក្រោយដោយអាកាសយានដ្ឋានភូកេត អាកាសយានដ្ឋានដុនមឿង ច្រកត្រួតពិនិត្យអន្តោប្រវេសន៍ សាដាវ នៅសុងក្លា និងច្រកត្រួតពិនិត្យអន្តោប្រវេសន៍ណុងខៃ ៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត