ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជានិងអ្នកសេដ្ឋកិច្ចអបអរសាទរនិងគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ”ការនាំចេញនៅនឹងកន្លែង”
ភ្នំពេញ៖ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា អ្នកសេដ្ឋកិច្ចនៅកម្ពុជា និងប្រជាពលរដ្ឋបានសាទរចំពោះ ប្រសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកទឹកចិត្ត ផងនិងជំរុញ ផងឱ្យប្រជាពលរដ្ឋឱ្យធ្វើការដាំដុះចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ៍តាម”ទស្សនទានការនាំចេញនៅនឹងកន្លែង”ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។ដោយចាត់ទុកថាទស្សនទាននៃការនាំចេញនៅនឹងកន្លែងរបស់សម្តេចតេជោ គឺដើម្បីភាពឯករាជ្យនិងម្ចាស់ការលើច្រវាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួនដើម្បីឈានទៅរកឯករាជ្យ សេដ្ឋកិច្ចផ្ទៃក្នុង ។
ការអបអរសាទរ និងគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែតុលាថ្លែងទៅ កាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅថ្មី នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយជំរុញធ្វើការដាំដុះ ចិញ្ចឹមសត្វសម្រាប់បម្រើឱ្យវិស័យទេសចរណ”ទស្សនទាននាំចេញនៅនឹងកន្លែង” ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣ ខែតុលានេះថា ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលយល់ឃើញថា វិស័យចិញ្ចឹមសត្វមានការរីកចម្រើន ហើយការរីកចម្រើននេះ ក៏ដោយសារសម្តេចកាត់បន្ថយការនាំចូលជំរុញវិស័យចិញ្ចឹមសត្វ។លោកបន្តថាការចិញ្ចឹមសត្វនៅក្នុងស្រុកសព្វថ្ងៃនេះគឺជោគជ័យហើយ បានន័យថា ហូបអត់អស់ទេនៅក្នុងប្រទេស។ ឥឡូវនេះរហូតដល់ធ្វើការនាំចេញ ទាំងអស់នេះ គឺបានមកពីអនុសាសន៍របស់សម្តេច។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋអ្នកចិញ្វឹមសត្វ ក៏ដូចជាកសិដ្ឋាន និងក្រុមហ៊ុនក្នុងស្រុកគឺមានភាពកក់ក្តៅ យ៉ាងខ្លាំងដោយសារតែសម្តេចនៅតែយកចិត្តទុកដាក់ខ្ពស់នៅក្នុងវិស័យចិញ្ចឹមសត្វក៏ដូចជាវិស័យកសិកម្មនេះ។ យើងឃើញហើយមិនមែនតែវិស័យចិញ្ចឹមសត្វមួយមុខទេ វិស័យចិញ្ចឹមសត្វ គឺយើងមានស្អីខ្លះ?ដូច្នេះកត្តា ដែលយើងទទួលបានផលប្រយោជន៍ពីវិស័យចិញ្ចឹមសត្វ គឺដូចជា ដាំពោត សណ្តែក ល្ង…នឹងហើយដែលជំរុញ ឱ្យកសិករយើងមានការងារធ្វើកាត់បន្ថយចំណាកស្រុក។ចំណុចទាំងអស់នេះដែលយើងស្វាគមន៍និងត្រេកអរយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីដឹកនាំដ៏ឈ្លាសវៃ”។
ចំណែកឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៣ ខែតុលានេះថា ការចិញ្ចឹមសត្វនៅកម្ពុជាកន្លងទៅ គឺផ្គត់ផ្គង់ខ្លួនឯងបានតែ ៥០ ទៅ ៦០ភាគរយ តែប៉ុណ្ណោះ ក្រៅពីនេះ គឺការនាំចូល។ ប៉ុន្តែដោយសារការឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែនដែលបាន ប្រកាសកាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០និងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០នៅពេលដែលសម្តេចបានជួបជាមួយនិស្សិតដែលទទួលបានសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំនិងនៅពាមរ៍កខេត្តព្រៃវែងគឺបានជំរុញនិងលើកទឹកចិត្តដល់ថ្នាក់ក្រសួងជំនាញដែលពាក់ព័ន្ធទាំងអស់ ប្រជាកសិករ និងសមាគមចិញ្ចឹមសត្វទាំងអស់គឺមានការ ពេញចិត្តពេញថ្លើមក្នុងការចូលរួមចំណែកជំរុញការចិញ្ចឹមឱ្យឈានទៅដល់ការផ្គត់ផ្គង់សត្វនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន គឺយើងធ្វើការផ្គត់ផ្គង់ជាពិសេស គឺសត្វជ្រូក ដែលកន្លងទៅគឺនាំចូល គគ្រឹកគគ្រេងជារៀងរាល់ថ្ងៃរាប់ពាន់រាប់ម៉ឺនក្បាលតែឥឡូវនេះកិច្ចដំណើរការនៃការផ្គត់ផ្គង់ក្នុងស្រុករបស់យើងបានដំណើរការជិតមួយឆ្នាំមកហើយគឺបាន១០០ភាគរយតែម្តងហើយកំពុងតែជំរុញទៅដល់វិស័យឯកជនក្នុងការត្រៀមលក្ខណៈបំពេញបែបបទដើម្បីធ្វើការនាំចេញ ព្រោះពេលបច្ចុប្បន្ននេះក្រោយពេលដែលយើងគាំទ្រទៅ ដល់ការចិញ្ចឹមក្នុងស្រុកជាមួយនឹងការលើកទឹកចិត្តផងគឺក្រោយពីចិញ្ចឹមបានល្អផ្គត់ផ្គង់ក្នុងស្រុកឈានទៅដល់ការ ប្រកួតប្រជែងនៅក្នុងស្រុកតម្លៃបានធ្លាក់ថ្លៃបន្តិច។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “នេះគឺជាសមិទ្ធផលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាន ជំរុញលើកទឹកចិត្តសមាគមចិញ្ចឹមសត្វក៏ដូចជាប្រជាជនសាទរយ៉ាងក្រៃលែងរួមជាមួយអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជាក្នុងការចូលរួមផ្គត់ផ្គង់រួមចំណែកទៅដល់ការផ្គត់ផ្គង់សាច់ទៅដល់ប្រជាជនកម្ពុជា ។ ម្យ៉ាងទៀតជួយយកនៅផលិតផលដែលជាដំណាំដំឡូង កន្ទក់ ចុងអង្ករ ពោត នៅកម្ពុជាដើម្បីយកមកកែច្នៃ បម្រើឱ្យការចិញ្ចឹមសត្វ ។នេះជាលក្ខណៈមួយ គឺយើងនាំចូលនៅក្នុងស្រុកហើយផ្គត់ផ្គង់នៅក្នុងស្រុករបស់ យើងធ្វើឱ្យចរន្តសេដ្ឋកិច្ចរបស់យើងដើរបានល្អប្រសើរ ។នេះគឺជាចំណុចឈ្នះទាំងអស់គ្នា។ឈ្នះទាំងប្រជាជន ដែលផលិតនៅផលិតផលកសិកម្ម។ឈ្នះនូវអ្វីដែលជាពាណិជ្ជករសមាគមចិញ្ចឹមសត្វអាចចិញ្ចឹមបានលក់ឱ្យប្រជាជននិងចិញ្ចឹមទេសចរណ៍ដែលមកទស្សនានៅកម្ពុជា។យើងអាចត្រួតពិនិត្យបាននូវប្រភពសត្វដែលចិញ្ចឹម។យើងអាចត្រួតពិនិត្យបានថា ប្រភពដែលចិញ្ចឹមគឺចេញពីចំណីដែលយើងបានត្រួតពិនិត្យរួចហើយ ។ចំណែកសត្វគឺយើងបានត្រួតពិនិត្យអំពីសុខភាពសត្វដែលគ្មានជំងឺឆ្លង។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថានេះជាចំណុចពិសេសដែលយើងថាជោគជ័យក្រោមការដឹកនាំនិងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកន្លងទៅនេះបានធ្វើឲ្យក្រសួងក៏ដូចជាសមាគមចិញ្ចឹមសត្វនិងប្រជាពលរដ្ឋទាំងអស់រីករាយចូលរួមចំណែកជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា”។
រីឯអ្នកសេដ្ឋកិច្ចនៅកម្ពុជាបានសាទរចំពោះប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ដោយចាត់ទុកថា ទស្សនទាននៃការនាំចេញនៅនឹងកន្លែងរបស់សម្តេចតេជោគឺដើម្បីភាពឯករាជ្យនិងម្ចាស់ការលើច្រវាក់ផលិតកម្ម ស្បៀងអាហាររបស់ខ្លួន ដើម្បីឈានទៅរកឯករាជ្យ សេដ្ឋកិច្ច ផ្ទៃក្នុង ។
នយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពនិងស្ថិរភាពនយោបាយ ដែលនាំឱ្យមានការរីកចម្រើនស្ទើរតែគ្រប់វិស័យហើយបានធ្វើឱ្យបរទេសកត់សម្គាល់កម្ពុជាថាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អជាបន្ដបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
អ្នកសេដ្ឋកិច្ចបានជំរុញថា ប្រជាកសិករកម្ពុជាគួរពង្រឹងការប្រកបកសិកម្ម ដាំដំណាំនិងចិញ្ចឹមសត្វឱ្យបានប្រសើរ ឡើងព្រោះវាមិនត្រឹមតែអាចជួយដល់សន្ដិសុខស្បៀងសំរាប់ផ្គត់ផ្គង់ដល់តម្រូវការរស់នៅរបស់គ្រួសារជួយថែរក្សាសុខភាពនិងអនាម័យដល់កូនចៅហើយក៏អាចធានានូវការរីកចម្រើននៃសេដ្ឋកិច្ចគ្រួសារដែរ។
វិស័យទេសចរណ៍ជាសេដ្ឋកិច្ចបៃតងកម្ពុជាកំពុងមានសន្ទុះឡើងវិញជាបណ្ដើរៗ។ក្រៅពីផ្គត់ផ្គង់តម្រូវការ ផ្ទាល់ខ្លួនសព្វគ្រប់ ពលរដ្ឋ តាមមូលដ្ឋានក៏អាចបែងចែកមួយផ្នែកនូវផលិតផលកសិកម្មនិងសត្វ ចិញ្ចឹមរបស់ខ្លួនសម្រាប់នាំចេញទៅតាមសណ្ឋាគារឬអាចដាក់លក់នៅតាមតំបន់ទេសចរណ៍នានាដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរក្នុងស្រុកផងដែរ ដោយនេះស្របទៅតាមទស្សនទាន “នាំចេញ នៅ នឹងកន្លែង”។
អ្នកសេដ្ឋកិច្ចបានបញ្ជាក់ថាតម្រូវការរបស់ភ្ញៀវទេសចរនឹងជួយបង្កើតការងារហើយជំរុញដល់ការដាំដុះ ដំណាំផ្សេងៗនិងការចិញ្ចឹមសត្វ នៅតាមមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាឡើង។សេដ្ឋកិច្ចគ្រួសារកម្ពុជា នឹងកាន់តែរីកចម្រើនតាមរយៈការរក្សាបាននូវភាពម្ចាស់ការលើច្រវាក់ផលិតកម្មស្បៀងអាហាររបស់ខ្លួន ហើយឈានទៅភាពឯករាជ្យ នៃសេដ្ឋកិច្ចផ្ទៃក្នុងប្រទេស។
គួរកត់សម្គាល់ផងដែរថាតាមរយៈការគាំទ្រនិងជួយជ្រោមជ្រែងពីក្រសួងបរិស្ថានបងប្អូនប្រជាសហគមន៍នៅក្នុងតំបន់ការពារបាននិងកំពុងលើកស្ទួយជីវភាពខ្លួនឯងតាមរយៈការចិញ្ចឹមសត្វ។នេះបានសេចក្តី ថាបងប្អូនបានឆ្លើយតបទៅនឹងបំណងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែល សម្តេចលោកមានប្រសាសន៍ថា «នាំចេញនៅនឹងកន្លែងមិនចាំបាច់នាំចេញទៅក្រៅប្រទេសបាន ហៅថានាំចេញទេ។» យើងដាំដុះ យើងចិញ្ចឹមសត្វ នាំចូល សណ្ឋាគារឱ្យពួកបរទេសបរិភោគចាត់ ទុកថាជានាំចេញ នៅនឹង កន្លែង ដើម្បីជំរុញសេដ្ឋកិច្ចនៅកម្ពុជា។
ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅថ្មី នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាបក៏ដូចជា ទៅកាន់ទីកន្លែងផ្សេងទៀតកាលពីព្រឹកថ្ងៃទី១ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តផងនិង ជំរុញផងឱ្យប្រជាពលរដ្ឋនៅទីនោះធ្វើការដាំដុះចិញ្ចឹមសត្វ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ដែលសម្តេចបានបញ្ជាក់ថានេះគឺជា”ទស្សនទាននាំចេញនៅនឹងកន្លែង”ជំរុញសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍ថានៅពេលនេះទេសចរកំពុងតែរើបៗឡើងវិញ។បន្តិចទៀតប្រទេសចិននឹងកាត់បន្ថយឬបញ្ឈប់ការអនុវត្តគោលនយោបាយសូន្យកូវីដ។ពេលនោះភ្ញៀវចិនក្នុងចំនួនច្រើននឹងធ្វើដំណើរមកកាន់ខេត្តសៀមរាប។សម្តេចបន្តថាខេត្តសៀមរាបមានអាកាសយានយន្តហោះអន្តរជាតិថ្មីដែលអាកាសយានដ្ឋានមុននេះអាចចុះបានតែយន្តហោះខ្នាតតូចឥឡូវយើងមានព្រលានយន្តហោះថ្មីដែលអាចចុះយន្តហោះខ្នាតយក្សបាន។ធុនណាក៏អាចចុះបានពេលនោះភ្ញៀវទេសចរនឹងសម្រុកមកខេត្ត។សម្តេចតេជោបន្តទៀតថាជួនពេលថ្ងៃណាមួយគេ(ទេសចរ)មកលេងនៅរុនតាឯកដែលជាកន្លែងអភិវឌ្ឍន៍ថ្មី។
ឈរលើទឡ្ហីករណ៍ទាំងនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយហេតុយើងត្រូវតែធ្វើការដាំដុះ ធ្វើការចិញ្ចឹមសត្វ។យើងធ្វើវិធី ហ្នឹងដើម្បីធ្វើយ៉ាងណាទាញទេសចរ,បង្កើតការងារ,បង្កើតប្រាក់ ចំណូល ។ ការដាំដុះ ការចិញ្ចឹមសត្វរបស់យើងបម្រើឱ្យ វិស័យ ទេសចរណ៍ ដែល”ខ្ញុំប្រើទស្សនទានថានាំចេញនៅ នឹង កន្លែង។មិនបាច់នាំចេញទៅក្រៅប្រទេសទើបហៅថានាំចេញទេ!។យើង ដាំដុះ យើងចិញ្ចឹមសត្វ នាំចូលសណ្ឋាគារឱ្យភ្ញៀវបរទេស បរិភោគ ចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែងដើម្បីជំរុញ សេដ្ឋកិច្ច កម្ពុជា៕ ដោយ៖ ពលជ័យ