ប័ណ្ណក្រីក្រពលរដ្ឋរុនតាឯក ជាគោលនយោបាយបក្សកាន់អំណាច ដែលនៅជាប់ជួយប្រជា​ជន គ្រប់កាលៈទេសៈ

ភ្នំពេញ៖ ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងតំណែងជានាយករដ្ឋមន្ត្រី សិទ្ធិក្នុងការផ្តល់ជូនដើម្បីដោះស្រាយជីវភាពប្រជាជន ហ៊ុន សែន មានសិទ្ធិនិយាយ។ នេះជាការឆ្លើយតបនឹងបុគ្គលមួយចំនួនតូច ដែលប្រដូចជាការឃោសនាបោះឆ្នោតមុនពេលកំណត់ ដែលផ្ទុយនឹងច្បាប់។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ផ្ទុយពីសម្ដេចដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការនិយាយដាក់ក្បាលមេក្រូនោះ ក្រុមអ្នកដែលរិះគន់សម្ដេចទៅវិញទេ ដែលតែងតែដើរខ្សិប ដើរនិយាយស្ងាត់ៗជាមួយប្រជាពលរដ្ឋ សន្យាបែបនេះ សន្យាបែបនោះ រហូតដល់សន្យាថា បើក្រុមគេឈ្នះធ្វើមេឃុំ គេមិនតម្រូវឲ្យសងលុយធនាគារជាដើម។ ដែលសម្ដេចថា អ្នកដែលនិយាយបែបនេះជាមុខសញ្ញាដែលធនាគារត្រូវរឹបអូសទ្រព្យ ព្រោះអ្នកនោះបានខ្ចីលុយពីធនាគារគេ។

សូមរំលឹកថា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ សម្ដេចសម្រេចប្រគល់បណ្ណសមធម៌ (បណ្ណក្រីក្រប្រភេទ១) ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមករស់នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (បណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ, រាជរដ្ឋាភិបាលបានចំណាយប្រមាណ៨០០លានដុល្លាររួចហើយ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ២០២០ រហូតដល់ ២៤ ខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋ ២,៨៥៣គ្រួសារ នៅរុនតាឯក អាចចិញ្ចឹមបាន។ បើទោះបីជា១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner