ប្រធានាធិបតីអ៊ុយក្រែនច្រានចោលការអះអាងរបស់រុស្ស៊ីដែលថាអ៊ុយក្រែនរៀបចំប្រើគ្រាប់បែកស្មោកគ្រោក
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានច្រានចោលការអះអាងរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យទី ២៣ ខែតុលានេះថា អ៊ុយក្រែនកំពុងរៀបចំប្រើប្រាស់ «គ្រាប់បែកស្មោកគ្រោក» ដើម្បីវាយប្រហារបង្កហេតុ។
លោក ហ្សេលេនស្គី បានអះអាងយ៉ាងដូច្នេះថា៖ «ប្រសិនបើរុស្ស៊ីចោទប្រកាន់ថាអ៊ុយក្រែនកំពុងតែរៀបចំអ្វី នោះមានន័យថា រុស្ស៊ីបានរៀបចំធ្វើការនោះ។ ខ្ញុំជឿថា ឥឡូវនេះពិភពលោកគួរតែមានប្រតិកម្មយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន»។
សូមបញ្ជាក់ថា ក្នុងកិច្ចសន្ទនាជាមួយសមភាគីមួយចំនួនមកពីអង្គការណាតូដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងតួកគី រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានអះអាងអំពីអ្វីដែលលោកហៅថា ជាការបង្កហេតុរបស់អ៊ុយក្រែនពាក់ព័ន្ធនឹង «គ្រាប់បែកស្មោកគ្រោក» ដែលជាឧបករណ៍ដែលប្រើសារធាតុផ្ទុះ ដើម្បីបន្សាយកាកសំណល់វិទ្យុសកម្មទោះបីជាអាវុធប្រភេទនេះ មិនមានឥទ្ធិពលបំផ្លិចបំផ្លាញដូចការផ្ទុះនុយក្លេអ៊ែរទេ។
ជុំវិញរឿងនេះ លោក ហ្សេលេនស្គី បានវាយបកទៅវិញ ដោយសំដៅលើមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថា៖ «ប្រសិនបើអ្នកណាម្នាក់ អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងផ្នែកណាមួយនៃទ្វីបអឺរ៉ុបនេះ វាអាចជាប្រភពតែមួយប៉ុណ្ណោះ ហើយប្រភពនោះគឺជាអ្នកដែលបញ្ជាឱ្យលោក Shoigu ទូរស័ព្ទទៅនេះ ឬទៅនោះ»។
លោក ហ្សេលេនស្គី បានបន្តថា៖ «ពេលរុស្ស៊ីនាំមកនូវការស្លាប់ និងការរិចរឹល យើងស្តារជីវិតរស់នៅឱ្យក្លាយជាធម្មតាឡើងវិញ។ កន្លែងណាដែលរុស្ស៊ីទៅដល់ រុស្ស៊ីនឹងបន្សល់ទុកនូវផ្នូរដ៏ធំ បន្ទប់ធ្វើទារុណកម្ម ទីក្រុង និងភូមិស្រុក និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងទៅដោយការបំផ្លាញ»។
កន្លងមក អាជ្ញាធររុស្ស៊ីបានធ្វើការចោទប្រកាន់ម្តងហើយម្តងទៀតថា អ៊ុយក្រែនអាចបំផ្ទុះគ្រាប់បែកស្មោកគ្រោកនៅក្នុងការវាយប្រហារបំភាន់គេឯង ហើយទម្លាក់កំហុសលើទីក្រុងម៉ូស្គូ។ ប៉ុន្តែអាជ្ញាធរអ៊ុយក្រែនបានចោទប្រកាន់ វិមានក្រឹមឡាំងវិញ ពីបទញុះញង់ដើម្បីធ្វើផែនការបែបនេះខ្លួនឯង។
មុនការច្រានចោលរបស់លោក ហ្សេលេនស្គី នៅថ្ងៃអាទិត្យដដែល រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌ្មីត្រូ គូឡេបា បានបរិហារការអះអាងរបស់លោក Shoigu ថាមិនសមហេតុផល និងគ្រោះថ្នាក់។ លោកបានបន្ថែមថា៖ «រុស្ស៊ីតែងតែចោទអ្នកដទៃ អំពីអ្វីដែលពួកគេគ្រោងនឹងធ្វើខ្លួនឯង។
សូមបញ្ជាក់ថា ការអះអាងរបស់រុស្ស៊ីចុងក្រោយនេះ ក៏ត្រូវបានសមភាគីណាតូច្រានចោលផងដែរ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានច្រានចោល ហើយព្រមានទីក្រុងមូស្គូកុំឱ្យប្រើវាជាលេសដើម្បីបង្កើនភាពតានតឹងនៃសង្រ្គាម។ ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានរបស់អាមេរិក លោក Adrienne Watson វិញ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍បន្ថែមពីនេះថា ការចោទប្រកាន់របស់លោក Shoigu គឺមិនពិតប្រកបដោយតម្លាភាព ប៉ុន្តែពិភពលោកនឹងមើលឃើញតាមរយៈការប៉ុនប៉ងណាមួយ ដើម្បីប្រើការចោទប្រកាន់នេះជាលេសបង្កើនភាពតានតឹង៕
ដោយ៖ហួន ឌីណា
ប្រភព៖ Ukraine updates: Zelenskyy slams Russian ‘dirty bomb’ claims dw.com
Russia’s defense chief warns of ‘dirty bomb’ provocation washingtonpost.com