សារលិខិតថ្វាយព្រះពររបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រាបបង្គុំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ៖ ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ជាទីគោរពសក្ការៈខ្ពង់ខ្ពស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាសាទរយ៉ាងក្លៀវក្លា និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជ ហឬទ័យគង់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត និងដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវស្វាមីភក្តិឥតងាករ ដង្ហែតាមព្រះរាជកិច្ចដឹកនាំ ដ៏ភ្លឺស្វាង របស់ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងមានជំនឿយ៉ាងមុតមាំលើព្រះបញ្ញាញាណ ប្រកបដោយ ព្រះទសពិធរាជធម៌ និងព្រះសក្តានុពលយ៉ាងត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មបម្រើជាតិ មាតុភូមិអង្គរដ៏បវរ។

ឆ្លៀតឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ អស់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមជួយថែរក្សា អភិបាលនិងប្រោះព្រំព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាព ល្អបរិបូណ៌ និងមានព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាយូរអង្វែងតរៀងទៅ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner