សូមបញ្ឈប់ ការបោះចោលសំរាមពាសវាលពាសកាល បណ្ដាលឲ្យខូចបរិស្ថាន ប៉ះពាល់សុខភាព មនុស្ស សត្វ និងប៉ះពាល់សេចក្តីថ្លៃថ្នូរ

ខេត្តកំពង់ស្ពឺ ៖ លោក មុត ភន អភិបាលស្រុកសំរោងទង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស ធ្វើការសម្អាតសំរាមតាមដងផ្លូវសាធារណៈ និងបានណែនាំឲ្យតាមការិយាល័យក្នុងស្រុករួមគ្នាអប់រំការងារបរិស្ថានឲ្យបានប្រសើរ ។

លោក មុត ភន មានប្រសាសន៍ថា ការងារបរិស្ថាន គឺជាការងារដ៏សំខាន់មួយ ក្នុងកិច្ចការសម្អាតបរិស្ថាន សម្រាប់យើងទាំងអស់គ្នា ហើយក៏ទាមទាឲ្យមានការចូលរួមពីមហាជនគ្រប់ស្រទាបវណ្ណៈ ជាងនេះត្រូវសម្អាត អនាម័យជុំវិញខ្លួនរបស់យើង និងតាមទីសាធារណៈឲ្យបានប្រសើរជាប្រចាំ ។

លោកអភិបាលស្រុកបន្តថា បរិស្ថានស្អាតកើតចេញពីយើងគ្រប់ៗគ្នា បរិស្ថានស្អាត បរិយាកាសល្អ សុខភាពសាធារណៈល្អ គ្រួសារមានសុភមង្គល និងមានឱកាសជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែសំបូររុងរឿងបន្ថែមទៀត ។

លោក មុត ភន ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការតាមការិយាល័យជុំវិញស្រុក មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សទាំងអស់ដែលចំណាយពេលវេលាក្នុងការជួយសម្អាតបរិស្ថាន។

លោកអំពាវនាវស្នើឲ្យការបណ្ដុះគំនិតស្រឡាញ់បរិស្ថាន សម្អាតបរិស្ថា និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ តាមប្រភេទសំរាម ជាងនេះមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សយុវជន ប្រជាពលរដ្ឋកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាសអាជវករទាំងអស់ នៅក្នុងស្រុកសំរោងទង ជាគំរូល្អកុំបោះសំរាមចោលពាសវាលពាសកាលដែលជាហេតុបណ្ដាលឲ្យខូចបរិស្ថាន ខូចសុខភាពមនុស្ស សត្វ រុក្ខជាតិ បាត់បង់សោភ័ណ្ឌភាព ព្រមទាំងប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរផងដែរ ៕ ម៉ុន សំអាត

ads banner