យុវតីមួយរូបបង្កើតវេទិកាចែករំលែកចំណេះដឹងទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានជីដូនជាជនរងគ្រោះដោយជំងឺមហារីកសុដន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ជំងឺមហារីកត្រូវបានដឹងនិងទទួលស្គាល់ជាទូទៅថាជាប្រភេទជំងឺកាចសាហាវមួយនៅក្នុងឆ្នាំ ២០២០កន្លងទៅកម្ពុជាមានករណីមហារីកថ្មីចំនួន១៨ ៣៧៥ករណី។ក្នុងនោះមានអត្រាមរណៈដោយសារជំងឺមហារីកសុដន់ចំនួន,១ភាគរយ។ ចំនួននេះបាន និងកំពុងបន្តកើនឡើងដោយសារតែ ការយល់ដឹងពីរោគសញ្ញាជំងឺនេះនៅតែមានកម្រិតនៅឡើយ

ប៉ុន្តែយ៉ាងណា ចលនាផុសផុលនៃការចែករំលែកមាតិកាពីជំងឺមហារីក​តាមបណ្ដាញសង្គម​មួយរយៈ​ចុងក្រោយ​នេះ​ ឃើញថាអាចបញ្ជាបការយល់ដឹងបានច្រើនគួរសម ជាពិសេសគឺនៅក្នុង​ពេញមួយខែ នៃខែតុលាតែម្ដង​។

បន្ទាប់ពីមានជីដូនដែលជាជនរងគ្រោះពីជំងឺមហារីកសុដន់​ និស្សិតកំពុងសិក្សាឆ្នាំទី២នៃសកលវិទ្យាល័យ ផារ៉ាហ្គនអន្តរជាតិ​ បានផ្ដួចផ្ដើមគំនិតបង្កើតជាវេទិកាមួយនៅលើបណ្ដាញសង្គមដើម្បីចែករំលែក ចំណេះដឹង​ពីជំងឺមហារីកសុដន់ឱ្យកាន់តែទូលាយទៅក្នុងស្រទាប់អ្នកលេងបណ្ដាញសង្គម​។

ក្រោយពីបានស្ដាប់លឺពីការត្អូញត្អែរពីស្ថានភាពជំងឺមហារីកសុដន់របស់ជីដូនផ្ទាល់ រហូតដល់គាត់​បានទទួល​មរណៈភាព កញ្ញាមានសេចក្ដីឈឺចាប់ដែលខ្លួនកាលណោះមិនមានចំណេះដឹងអ្វីពីជំងឺ ប្រភេទនេះ​ និងមិន​ដឹងថាត្រូវជួយជីដូនក្នុងរូបភាពណា​។ យុវតីរូបនេះបានតាំងចិត្តស្វែងយល់ និងធ្វើការចែករំលែកបន្ត​ ដើម្បីកុំឱ្យ​អ្នកផ្សេងជួបប្រទះការបាត់បង់មនុស្សជាទីស្រឡាញ់ដូចខ្លួន​។

CancerCo. ជាឈ្មោះរបស់គេហទំព័រផ្លូវការរបស់កញ្ញា សុខាច័ន្ទ សុជាតា ដែលទើបតែចាប់​កំណើត​ឡើង​នៅដើមឆ្នាំ២០២២នេះ ហើយដែលមកទល់ពេលនេះ កញ្ញាទទួលបានអ្នកគាំទ្រជិតមួយពាន់នាក់ លើបណ្ដាញ​​សង្គមហ្វេសប៊ុក។

ជារើយៗ គេហទំព័រមួយនេះបានចែករំលែកព័ត៌មានពាក់ព័ន្ធជាច្រើនក្នុងទម្រង់ជាវីដេអូ ជាអត្ថបទ និងជារូប​ភាពអមដោយសារជាដើម។ បើតាមកញ្ញា សុជាតា វេទិកាមួយនេះក៏មានផងដែរ​នូវការ​ផ្ដល់​ការប្រឹក្សាតាម​អ៊ីនធឺណិត​​ជាមួយ​អ្នកឯកទេសខាងជំងឺមហារីក និងព័ត៌មានអំពីការថែទាំ​សុខភាព​ដោយមិនគិតប្រាក់​។

វេទិកានេះទៀតសោតផ្ដោតលើផ្នែកសំខាន់ចំនួនពីរគឺ ផ្សព្វផ្សាយចំណេះដឹងអំពីជំងឺមហារីក​ដល់​ប្រជាជន​កម្ពុជា និងកសាងសហគមន៍ក៏ដូចជាកន្លែងសុវត្ថិភាពសម្រាប់អ្នកជំងឺមហារីក​តាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ។

កញ្ញារៀបរាប់បន្ថែមថា​៖ «គិតមកដល់ពេលនេះ ខ្ញុំនិងក្រុមការងារប្រមាណ២០នាក់ទៀត ខំប្រឹង​ផលិតមាតិកា​ថ្មីៗ​​​ដោយចំណាយកម្លាំង និងធនធានផ្ទាល់តែម្ដង​ ដើម្បីទាញចំណាប់អារម្ម​ប្រជាជន ជាពិសេសពីចំណោម​អ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងអាយុចន្លោះពី ១៥​ទៅ២០ឆ្នាំ»​។

ក្រៅពីនោះកញ្ញាបានស្វែងរកជំនួយសហការពីវេជ្ជបណ្ឌិតជំនាញផ្ទាល់ដើម្បីធានាថា​ រាល់មាតិកាដែល​បាន​ចេញផ្សាយទៅគឺត្រឹមត្រូវតាមវេជ្ជសាស្ត្រ​។

ក្នុងចំណោមអ្នកគាំទ្រលើបណ្ដាញសង្គមជិតមួយពាន់នាក់នោះ កញ្ញាបានធ្វើការស្ទាបស្ទង់មតិ​លើ​ការយល់​ដឹងរបស់ពួកគេក្រោយបានតាមដានគេហទំព័ររបស់ខ្លួន។ ចម្លើយរបស់ក្រុមអ្នកគាំទ្រ​ភាគ​ច្រើន បានឱ្យដឹងថា ពួកគេពីមុនមកបានដឹងតិចតួចណាស់អំពីបញ្ហាជំងឺមហារីកសុដន់ ខ្លះទៀតស្ទើរ​តែមិនធ្លាប់ដឹងសោះតែម្ដង​។

មួយក្រុមទៀតដែលជានិស្សិតពេទ្យបានកោតសរសើរកញ្ញា​ និងក្រុមការងារ ក្នុងការពុះពារ​ចំណាយ​ពេល​វេលាផ្ទាល់ខ្លួនស្រាវជ្រាវ និងចែករំលែក។ ក្រុមនិស្សិតពេទ្យដដែលបាន ប្រាប់កញ្ញា​ដែរ​ថា ព័ត៌មានអំពីជំងឺ​មហារីកគួរតែត្រូវបានសាធារណៈជនដឹងជាទូទៅ ដូចជំងឺផ្សេងដែរ​។ ដូច្នេះ ពួកគេគាំ​ ទ្រលើសកម្មភាព​ដែលក្រុម CancerCo. កំពុងតែធ្វើក្នុងពេលបច្ចប្បន្ន​។

ម៉្យាងទៀត កញ្ញាក៏បាន សម្គាល់ឃើញថា​ ៥០ភាគរយនៃអ្នកគាំទ្រគេហទំព័រហ្វេសប៊ុក គឺជាអ្នកគាំទ្រ​ដែល​តាម​ដាន​ជាប់​​ជាមួយ មាតិកាផ្សេងៗដែលត្រូវបានចែករំលែក​។

យ៉ាងណាមិញ កញ្ញា សុជាតា ក៏មិនបានចង់ធ្វើត្រឹមតែអ្វីដែលកំពុងធ្វើរាល់ថ្ងៃដែរ ពោលគឺកញ្ញាចង់ ពង្រីក​វេទិកា​​នេះបន្ថែមទៀត​ តាមរយៈការរៀបចំជាកម្រងសំណួរ និងចម្លើយនៅលើវេបសាយ ដើម្បី​កាន់តែមាន​ភាពងាយស្រួលដល់អ្នកចង់ដឹងព័ត៌មាន ឬចង់ដឹងពីស្ថានភាពសុខភាព​របស់​ខ្លួន។

លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត​ ដែលជានាយករង និងសហស្ថានិកគ្លីនិកចក្រា និងជាដៃគូសហការ និងគាំទ្រ​លើចំណេះដឹងផ្នែកវេជ្ជសាស្ត្រនៃជំងឺមហារីករបស់កញ្ញា សុជាតា បានបង្ហាញនូវ​មោទកភាព​ចំពោះក្រុមយុវជន យុវតីសម្រាប់ការរួមគ្នាធ្វើសកម្មភាពជួយសង្គមនេះឡើង​។

មិនត្រឹមតែជួយសម្រួលលើមាតិកាដែលត្រូវផ្សព្វផ្សាយចេញទេ តែលោកវេជ្ជបណ្ឌិតរូបនេះ​ក៏ជា​ចំណែក​ធំ​មួយ​ដែលរ៉ាប់រងលើការប្រឹក្សាយោបល់ ក្នុងករណីដែលមានអ្នកសង្ស័យ និងចង់តាមដានស្ថានភាពរបស់ខ្លួនជាដើម​។

លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត បាននិយាយថា៖​ «វេទិកានេះល្អ ដែលព្យាយាមធ្វើយ៉ាងណាឱ្យសិស្ស និស្សិត​មាន​ការ​យល់ដឹងតាំងពីដំណាក់កាលនេះទៅ​ ព្រោះថាកាលណាពួកគេបានយល់បែបនេះហើយ ពួកគេ​អាច​ សម្គាល់ដឹងពីការប្រែប្រួលសុខភាពរបស់ខ្លួន​ និងអាចទៅទទួលការព្យាបាលបាន​ទាន់​ពេលវេលា ក្នុងករណី​ដែលពួកគេកើតជំងឺនេះទៅថ្ងៃអនាគត»។

លោកវេជ្ជបណ្ឌិតបានបន្តលើកទឹកចិត្តឱ្យយុវជន យុវតីខិតខំស្វែងយល់បន្ថែមទៀត ចៀសវាង​ដូច​ទៅ​នឹងករណី​ភាគច្រើនរបស់អ្នកជំងឺដែលទៅទទួលការព្យាបាល ស្របពេលដែលខ្លួនស្ថិត​ក្នុង​ដំណាក់វិវត្តិធ្ងន់ធ្ងរទៅ​ហើយ​នោះ​៕

ដោយ៖ កែវ បុស្បា

ads banner