លោក គឹម បញ្ញា៖ ការបង្កើតយុទ្ធនាការហ៊ាននិយាយគឺដើម្បីឱ្យកម្មករនិយោជិតអាចបង្ហាញពីក្ដីកង្វល់នៃមធ្យោបាយធ្វើដំណើរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តើអ្វីជាយុទ្ធនាការហ៊ាននិយាយ​? បើតាម​នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជាលោក គឹម បញ្ញា ការ​បង្កើត​យុទ្ធនា​ការ​ហ៊ាន​និយាយ​ គឺ​ដើម្បី​ឲ្យ​កម្មករ​និយោជិត​ហ៊ាន​និយាយ​ពី​ក្ដី​កង្វល់ និង​បញ្ហា​ប្រឈម​នៃ​មធ្យោបាយ​ធ្វើ​ដំណើរដែល​ពាំ​នាំ​បញ្ហា​នេះ​ទៅ​កាន់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ។

លោក គឹម បញ្ញា បាន​ប្រាប់​ថា​ យុទ្ធ​នា​ការ​ហ៊ាន​និយាយនេះត្រូវ​បាន​រៀប​ចំ​ឡើង​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថល ក្នុង​គោល​បំណង​សំខាន់ៗ​ដែល​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ការ​ពិចារណា សម្រាប់​ជួយ​​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​កម្មករ​ក្នុង​វិស័យ​ផលិត​ស្បែក​ជើងឲ្យ​​ទទួល​បាន​មធ្យោបាយ​ធ្វើ​ដំណើរ​សមរម្យ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សម្រាប់​បំពេញ​ការ​ងារ។

លោកបញ្ជាក់ថា៖ «អីចឹង ដូច​ដែល​បាន​ដឹង​ប្រហែល​មាន​ជាង ៦០ភាគរយនៃ​រថយន្ត​ដែល​ផ្ដល់​សេវា​ដឹក​កម្មករ​និយោជិត​របស់​យើង​ពី​ផ្ទះ​របស់​គាត់​មក​រោងចក្រឬ​ពី​រោងចក្រ​ម​ក​ផ្ទះ​វិញ​ហ្នឹងគឺ​​ជា​ប្រភេទ​រថយន្ត​ដែល​គេ​ប្រើ​សម្រាប់​​​ដឹក​ទំនិញ ហើយ​ត្រូវ​បាន​កែ​ច្នៃ ដើម្បី​យក​មក​ដឹក​កម្មករ​និយោជិត​របស់​យើង ដោយ​ដឹក​ជា​ចំនួន​ច្រើន ដែល​មាន​សភាព​ណែន​ណាន់ ហើយ​វា​ហ្នឹង​ប៉ះ​ពាល់​ដល់​ផ្នែក​សុវត្ថិភាព និង​​សុខភាព​របស់​កម្មករ​និយោជិត​យើង»។

ក្រៅ​ពី​នេះ​ទៀត​ អង្គការ​មូល​និធិប​ង្ការ​របួស​អាស៊ី បាន​ចូល​រួម​ចំណែក​លើ​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ២០១៧​មក សម្រាប់​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​កម្មករ​និយោជិត ដោយ​បាន​ដាក់​អាទិភាព​ការ​ងារ​ផ្តោត​សំខាន់​ចំនួន​៥ចំណុច គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ​ធ្វើ​ដំណើរ​មក​បំពេញ​ការ​ងារ​ប្រកប​ដោយ​សុវត្ថិភាព​ គ្រប់​ពេល​វេលា​ទាំង​អស់។

លោកបន្តថា ក្នុង​អាទិភាព​សំខាន់ៗ​ទាំង​៥ចំណុច​នេះ គឺទី១. ការធា​​នា​ឲ្យ​មាន​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ ទទួល​បាន​ជំនាញ ចំណេះដឹង អំពី​ការ​បើក​បរ​ដោយ​សុវត្ថិភាព និង​សេដ្ឋកិច្ច​ភាព។ ចំណុចទី២. ការ​ជំរុញ​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​ ពួក​គាត់អា​ច​មាន​លទ្ធភាព ក្នុង​ការ​ប្ដូរ​រថយន្ត​របស់​ពួក​គាត់​ពី​ប្រភេទ​រថយន្ត​ដឹក​ទំនិញ ទៅ​រថយន្ត​មាន​សុវត្ថិភាព ដោយ​មិន​ត្រូវ​ដឹក​លើស​ចំណុះ​ឡើយ។

​ចំណុចទី៣. ចង់​ឱ្យវិ​ស័យ​សហគ្រាស រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ត្រូវ​មាន​គោល​នយោបាយ​សម្រាប់​សុវត្ថិភាព​ចរាចរណ៍ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ និង​អនុវត្ត ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មករ​និយោជិត។ លោកបន្តថា ពីរ​ចំណុចក្រោ​យ គឺ​​ការ​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស​ក្នុង​ការ​បើកបរ​ម៉ូតូ​ទៅ​កាន់​កម្មករ​និយោជិត ហើយ​ចុង​ក្រោយ គឺ​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាពដែល​មាន​ស្ដង់ដា។

លើស​ពី​នេះ​ទៀត​លោក បញ្ញា បានបញ្ជាក់ថា នៅ​ក្នុង​ចំណុច​ទាំង​ហ្នឹង គឺ​បាន​រៀប​ចំ​យុទ្ធនាការ​ហ៊ាន​និយាយ នៅ​កម្រិត​រោចក្រ​ដែល​បាន​ជ្រើស​រើស ហើយ​បែង​ចែក​ជា​ពីរ​ក្រុម។ ទីមួយ​ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍ ដែល​ពួក​គាត់​មាន​សមាភាពជា​តំណាង​រោងចក្រ សហជីព តំណាង​កម្មករ និង​តំណាង​អ្នក​បើក​បរ ឲ្យ​ចូល​រួម​គ្នា ហើយ​និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល បង្កើត​ផែន​ការ ដើម្បី​ឱ្យ​ពួកគាត់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ។

ចំណែក​ក្រុម​ទីពីរ គឺ​ក្រុម​ជន​បង្គោល ដែល​ពួក​គាត់​ជា​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ដឹក​កម្មករ និង​ដើរ​តួ​នាទី​ជា​អ្នក​ហ៊ាន​និយាយ ដូច្នេះ​ត្រូវ​ជ្រើស​រើស និង​បណ្ដុះ​បណ្ដាល​ពួក​គាត់ ដើម្បី​ឱ្យ​ពួក​គាត់ ក្លាយ​ទៅ​ជា​អ្នក​ដែល​ហ៊ាន​និយាយ អំពី​កង្វល់ បញ្ហា​ប្រឈម​ជា​មួយ​អ្នក​បើក​បរ រួម​ទាំង​ចំណុច​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បើកបរ​ប្ដូរ​រថយន្ត​ប្រភេទ​ដឹក​ទំនិញ ទៅ​ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព។

លោក​លើក​ឡើងថា៖ «យើង​បាន​បង្កើត​យុទ្ធនាការ​ហ៊ាន​និយាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ មិន​មែន​តែ​ធ្វើ​ក្នុង​រោចក្រ​គោល​ដៅ​ទេ គឺ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​រោងចក្រ​ផ្សេងៗ ដែល​គាត់​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​ហ៊ាន​និយាយ និង​លើក​ឡើង​ពី​កង្វល់ ដើម្បី​ស្ថាបនា​ក្នុង​ការ​ស្វែង​រក​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​ប្រសើរ​ជាង»។

លោក​បញ្ញា​បន្ថែមថា​ បច្ចុប្បន្ន​យុទ្ធនាការ​នេះ កំពុង​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្ដាញ​សង្គមហ្វេកប៊ុក ដែល​មាន​ជា​ផូស្ទ័រ (Poster) ហើយ​ថ្ងៃ​មុខ​ក៏​មាន​ជា​វីដេអូ ដែល​និង​ផ្សា​ភ្ជាប់​រវាង​សកម្ម​ភាព​របស់​ក្រុម​ការ​ងារ​លោក ទៅ​កាន់​កម្រិត​រោងចក្រ ដែល​មាន​ក្រុម​ការ​ងារ​សុវត្ថិភាព​ចរាចរណ៍ និង​ក្រុម​ជន​បង្កោល កំពុង​អនុវត្ត​យុទ្ធនាការ​ហ៊ាន​និយាយ​អំពី​កង្វល់​ផ្សេង​របស់​ពួក​គាត់។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ហ៊ាន​និយាយ​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថលនេះ​ កំពុង​អនុវត្ត​នៅ​រោចក្រ​គោល​ដៅ​ចំនួន៤៣ ដែល​មាន​កម្មករ​និយោជិត​ជាង​២០ម៉ឺន​នាក់ ។នេះ​បើ​តាម​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជាបញ្ជាក់៕

​ដោយ៖ ជា សុខនី

ads banner