អាជ្ញាធរមីនគ្រោងរៀបចំសន្និបាតជាតិប្រារព្ធខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរមីនគ្រោងរៀបចំសន្និបាតជាតិប្រារព្ធខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា (១៩៩២-២០២២) ដែលនឹងមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តម លី ធុជ  អនុប្រធានទី១ អាជ្ញាធរមីនថ្លែងថា អាជ្ញាធរមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានតួនាទីនិងភារកិច្ចជាអ្នកដឹកនាំ និងសម្របសម្រួលលើវិស័យសកម្មភាពមីនទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងជាស្ថាប័ននិយ័តករក្នុងការដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន រៀបចំផែនការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម គ្រប់គ្រងទិន្នន័យសកម្មភាពមីន តាមដាន ត្រួតពិនិត្យនិងដឹកនាំការអនុវត្តវិស័យសកម្មភាពមីននៅកម្ពុជា។

លោកបន្តថា ការរៀបចំសន្និបាតជាតិប្រារព្វខួប ៣០ ឆ្នាំ នេះ នៃសកម្មភាពមីននៅកម្ពុជាក្នុង​គោលបំណងឆ្លុះបញ្ចាំងសកម្មភាពបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការដែលបានធ្វើកន្លងមកនេះ និងទិសដៅអនុវត្តបន្ត ដើម្បីបញ្ចប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលកំណត់នៅឆ្នាំ២០២៥ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនកម្ពុជា ។

ឯកឧត្តមថ្លែងថា៖ «ជាក់ស្តែង គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែលជាការបង្កើតឡើងស្របតាមការអំពាវនាវ និងចលនាជាតិរបស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីពន្លឿនការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា ក្រោយសង្គ្រាម»។

លោកបន្តថា ក្នុងទិសដៅខាងលើនេះ គម្រោងសម្តេចតេជោ បាននិងកំពុងអនុវត្តដំណាក់កាលទី១ លើខេត្តចំនួនប្រាំមួយ និងឃុំចំនួនប្រាំពីរ ក្នុងទំហំផ្ទៃដីប្រមាណ ៤២ គីឡូម៉ែត្រក្រឡា រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងស្វាយរៀង គ្រោងបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣។

បើតាមឯកឧត្តម លី ធុជ ដោយឡែកដំណាក់កាលទី២ គ្រោងនឹងចាប់ផ្ដើមពីខែធ្នូចុងឆ្នាំនេះបោសសម្អាតក្នុងទំហំផ្ទៃដីជាង ៧៤ គីឡូម៉ែត្រក្រឡា ៅក្នុងខេត្តក្រចេះ កំពង់ស្ពឺ និងស្រុកចំនួនប្រាំក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ សរុបទាំងពីរដំណាក់កាល ផ្ទៃដីមានមីន ១១៦,៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបោសសម្អាត ហើយខេត្តចំនួនប្រាំបីនឹងស្រុកចំនួនប្រាំនឹងត្រូវប្រកាសអស់មីន។

លោកបញ្ជាក់ទៀតថា ក្នុងការដោះស្រាយបញ្ហាមីនរបស់កម្ពុជា ត្រូវបានចាប់តាំងពីថ្ងៃរំដោះ ឆ្នាំ១៩៧៩ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្ដេចតេជោ បានចាត់ទុកការងារបោសសម្អាតមីន ជាធាតុមួយយ៉ាងសំខាន់ក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

របាយការណ៍របស់អាជ្ញាធរមីនបង្ហាញ គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រតិបត្តិករបោសសម្អាតមីនជាតិនិងអន្តរជាតិចំនួន៦រួមមាន CMAC NPMEC-RCAF HALO Trust MAG NPAនិងCSHD បានធ្វើការបោសសំអាតមីនសម្រេចលើផ្ទៃដី ១.៧៩៤.៨៨៩.១៤០ ម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០៦១.៧៨៥គ្រាប់ មីនប្រឆាំងរថក្រោះ ២៤.៨២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ២.៧៦៣ ១៩៧គ្រាប់។ របាយការណ៍នេះបន្តថា ដោយឡែក គិតពីឆ្នាំ១៩៩២ ដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២៨ ៤៣៤នាក់៕

ដោយ៖យុទ្ធ វីរះ

ads banner