លោក យង់ គឹមអេង ថា អាជ្ញាធរត្រូវសហការជាមួយមន្ទីរពេទ្យទាំងអស់ដើម្បីឱ្យការធ្វើតេស្ដស្វែងរកសារធាតុញៀនមានប្រសិទ្ធភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍ លោក យង់ គឹមអេង បានមានប្រសាសន៍ថាអាជ្ញាធរ​ត្រូវ​សហការ​ជា​មួយ​មន្ទីរ​ពេទ្យ​ទាំង​អស់ដោយ​មិន​គិត​ប្រាក់​សម្រាប់​បុគ្គល​​ធ្វើ​តេស្ត ដើម្បី​ឱ្យ​ដំណើរ​ការ​ធ្វើ​តេស្ដ​ស្វែង​រក​សារ​ធាតុ​ញៀន​​អាចមាន​ប្រសិទ្ធិ​ភាព។ការលើកឡើងនេះ ធ្វើឡើង​នៅ​ក្រោយ​ពេល​ដែលរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក​​​ឧបនាយករដ្ឋមន្ត្រី ស ខេង ​ បានប្រកាសថានាពេលខាងមុខ​ទាំងស្ថាប័នរដ្ឋ ​និង​ស្ថាប័ន​ឯកជនត្រូវតែធ្វើតេស្ត​រក​សារធាតុញៀន​ជាមុន​សិនមុននឹង​អនុញ្ញាត​ឱ្យចូល​ធ្វើការបាន​។  

លោក យង់ គឹមអេង បាន​ប្រាប់​នៅថ្ងៃសុក្រ ទី៤វិច្ឆិកានេះថា​បើ​មាន​ជា​ការ​ធ្វើ​តេស្ត​រក​សារ​​ធាតុ​ញៀន​មែន វា​ជា​រឿង​ដែល​ល្អ ពីព្រោះ​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផង​ដែរ។ មួយ​វិញ​ទៀត ការ​ធ្វើ​តេស្ដ​នេះ ទាល់​តែ​មាន​រៀប​ចំ​ខាង​មន្ទីរ​ពេទ្យ​ជា​អ្នក​ធ្វើ​ទើប​អាច​ទៅ​បាន វា​មិន​អាច​ឱ្យខាង​ស្ថាប័នជា​​អ្នក​ធ្វើ​បាន​ឡើយ។​

លោកបន្តថា នេះ​ជា​រឿង​មួយ​ដែល​សំខាន់ បើ​សិន​ជា​មន្ទីរ​ពេទ្យ​នៅ​យក​លុយ​ទេ គឺ​ប្រហែល​ជា​អត់​មាន​អ្នក​មក​ធ្វើ​តេស្ដ​ដែរ ហើយ​ក៏​វា​អត់​មាន​ប្រសិទ្ធភាព​ដែរ។ ប៉ុន្តែ​បើ​អាច​ជា​លើក​ទឹក​ចិត្ត ដោយ​ធ្វើ​តេស្ត​មិន​យក​លុយ ហើយ​វា​ក៏​ជា​ការ​តម្រូវ​របស់​ស្ថាប័ន​នីមួយៗ ការ​ធ្វើតេ​ស្ត​នេះ វា​អាច​ទៅ​បាន​ដែរ។

ក្រៅ​ពី​នេះ​ទៀត លោក​លើក​ឡើង​ថា នៅ​បណ្ដា​ប្រទេស​ខ្លះ ក៏​មាន​ការ​ធ្វើ​តេស្ដ​ដែរ ដូច​ជា​ការ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន មុន​បុគ្គល​ម្នាក់​ត្រូវ​ចូល​ធ្វើ​ការ ហើយ​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង គឺ​ស្ថាប័ន ឬ​ក្រុមហ៊ុន​ ត្រូវ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​លើ​បុគ្គលិក​របស់​ខ្លួន ដោយ​មិន​គិត​ប្រាក់។

លោក គឹមអេង បញ្ជាក់ថា ៖ «ខ្ញុំ​យល់​ថា ការ​ដែល​យើង​ត្រូ​វ​ធ្វើ​តេស្ដ គឺ​ត្រូវ​តែ​មាន​ការ​រៀប​ចំ​យន្តការ​ច្បាស់​លាស់ ហើយ​និងមាន​ការ​លើក​ទឹក​ចិត្ត ជា​ពិសេស​សេវា​របស់​រដ្ឋ​ដែល​មាន​ស្រាប់ ត្រូវ​តែ​ផ្ដល់​ឱ្យគេ​ធ្វើ​តេស្ត​ដោយ​មិន​យក​ប្រាក់ ហើយ​ខាង​អាជ្ញាធរ​ជាតិ ក៏​មិន​អាច​ទៅ​ធ្វើ​បាន​ដែរ ទាល់​តែ​សហការ​ជា​មួយ​មន្ទីរ​ពេទ្យ​រដ្ឋ ឬ​មន្ទីរ​ពេទ្យ​ឯកជន​ទាំង​អស់​ហ្នឹង ក្នុង​ការ​ធ្វើ​តេស្ត​ឱ្យទូ​លំ​ទូ​លាយ មិន​អាច​យក​តែ​មន្ទីរ​ពេទ្យ​ណា​មួយ​ទេ»។

លោកបន្ថែមថា ទាំង​មន្ទី​រ​ពេទ្យ​រដ្ឋ ទាំង​មន្ទីរ​ពេទ្យ​ឯកជន ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​សង្គម ទើប​ដំណើរ​ការ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​នេះ អាច​ទៅ​រួច​បាន។

បើ​តាម​ឧបនាយករដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តក្រសួង​មហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បាន​ប្រកាស​ថា​ទាំង​ស្ថាប័ន​រដ្ឋ និ​ង​ស្ថាប័ន​ឯកជន​ទាំង​អស់ ត្រូវ​តម្រូវ​ធ្វើ​តេស្ត​បុគ្គលិក​ស្វែង​រក​សារ​ធាតុ​ញៀន មុន​ត្រូវ​ចូល​ធ្វើកា​រ។

សម្តេចក្រឡាហោម ស ខេង ថ្លែងថា ​បើ​បុគ្គលម្នាក់ជក់​គ្រឿង​ញៀន គ្មាន​អ្នក​ណា​យក​បុគ្គលនោះកើត​ទេ ទោះ​បី​បើក​ឡាន​ឱ្យក្រុមហ៊ុន​ក៏​មិន​បាន ចូល​មន្ត្រី​រាជការ​ក៏​មិន​បាន។ មួយទៀត ទៅ​ធ្វើ​ការ​នៅ​តាម​ភោជនីយ​ដ្ឋាន សណ្ឋាគារ គឺ​ធ្វើ​តេស្ត​ទាំង​អស់។ នេះជា​វិធាន​ការរា​រាំង​មួយក្នុង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយ​នេះ​ជា​គោល​ការណ៍​មួយ​ដែរ ជា​វិធីសាស្ត្រ​មួយ​ដែលដាក់​ច្បាប់​នេះឱ្យតឹងរ៉ឹង​ ហើយ​ប្រហែល​វិសោធនកម្ម​ច្បាប់​គ្រឿង​ញៀន​បន្ថែម​ចូល​ចំណុច​នេះ។ សម្តេក្រឡាហោម ស ខេង ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​វិទ្យាល័យ​សម្ដេច​តេជោហ៊ុនសែន​ភ្នំ​សំពៅ ខេត្ត​បាត់ដំបង កាលពី​​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២៕

ដោយ៖ ជា សុខនី

ads banner