ក្រុមព្រះសុរិយា រៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦»ដើម្បីរំលឹក នូវការបម្រើជាតិមាតុភូមិរបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ក្រុមព្រះសុរិយាបានរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» ក្រោមប្រធានបទ «ថ្វាយព្រះរាជអាល័យ និង រំលឹកខួប ១០០ ព្រះវស្សារបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ» ដោយបានរំលឹក ក៏ដូចជាបង្ហាញនូវការបម្រើជាតិមាតុភូមិរបស់ ទ្រង់បានលះបង់គ្រប់បែបយ៉ាង និង ទាមទាររកយុត្តិធម៌គ្រប់វិស័យ ដើម្បីទទួលបានឯករាជ្យជូនប្រជាជនខ្មែរទាំងមូល។

ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦»នេះដែរ បានប្រារព្ធធ្វើឡើងកាលពីព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់ សម្តេចព្រះមហិស្សរា នរោត្តម ចកពង់្ស, លោកជំទាវ សេង សុមេត្តា តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ,សិល្បៈករ និងយុវជនជាច្រើនរូបចូលរួម។

លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយាបានបញ្ជាក់ឱ្យដឹងក្នុងពិធីនេះថា៖ការរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦» នេះ ដើម្បីថ្វាយព្រះរាជអាល័យ និង រំលឹកខួប ១០០ ព្រះវស្សារបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។

លោកបានបន្តឱ្យដឹងថា ក្នុងពិធីនេះគេបានចាក់ខ្សែភាពយន្តដែលជាស្នាព្រះហស្ថទាំង ៤ រឿងរបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋរួមមានដូចជា រឿង ឆាយាលើអង្គរ (១៩៦៧) រឿង ព្រៃប្រសិទ្ធី (១៩៦៦) រឿង សន្ធិប្រកាស (១៩៦៨) និង រឿង ផ្កាកូលាបនៃភ្នំបូកគោ (១៩៦៩)។

លោកបានថ្លែងបញ្ជាក់ថា៖ ក្រៅពីការចាក់បញ្ចាំងភាពយន្តដែលជាស្នាព្រះហស្ថរបស់ទ្រង់ហើយ ក៏មានរៀបចំពិធីផ្សេងៗទៀតដូចជា ការពិព័រណ៍ព្រះឆាយាលក្ខណ៍ដ៏កម្រនៃព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយមានការប្រគុំតន្រ្តី «រាជសង្គមនិយមខ្មែរ» ដើម្បីរំលឹកកកាយឡើងវិញនូវបទចម្រៀងក្នុងសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង ហើយបានបាត់បង់ដោយសារតែរបបខ្មែរក្រហម ដោយមានព្រះនាង នរោត្ដម ចេនណា ឡើងបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំទៀតផង។

លោកជំទាវ សេង សុមេត្តា បានថ្លែងក្នុងពិធីនេះឱ្យដឹងថា៖ ក្រុមព្រះសុរិយាបានរៀបចំកម្មវិធី «មួយម៉ឺនអាល័យលើកទី៦»នេះឡើងចាប់តាំងតែពីថ្ងៃទី២ដល់ថ្ងៃទី៤ខែវិច្ឆិកាពិតជាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់យុវជន និងពលរដ្ឋកម្ពុជាពីទស្សនៈទាននៃកម្លាំងរួមសាមគ្គីគ្នា ដែលជាការរំលឹកដល់អតីតកាលដ៏ស្រស់បំព្រងរបស់កម្ពុជា និងបានស្វែងយល់ពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងក្រោមព្រះរាជតម្រិដឹកនាំរបស់សម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋនាកន្លងមក។

ជាមួយគ្នានេះក្នុងនាមលោកជំទាវ តំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសូមសម្តែងការលើកទឹកចិត្ត និង គាំទ្រដល់ក្រុមព្រះសូរិយាក្នុងការបន្តស្រាវជ្រាវនិងផ្សព្វផ្សាយនូវបទចម្រៀងនិងភាពយន្តខ្មែរដែលទទួលរងការបាត់បង់ក្នុងរបបកម្ពុជាប្រជាធិតតេយ្យនិងពិសេសការរៀបចំកម្មវិធីនេះដែលផ្តល់ជាសារៈប្រយោជន៍យ៉ាងសំខាន់ដល់យុវជនជំនាន់ក្រោយបន្តទៀត។

មានព្រះរាជបន្ទូលក្នុងពិធីនេះដែរសម្តេចព្រះមហិស្សរា នរោត្តម ចកពង់្ស បានបង្ហាញសព្វព្រះទ័យគាំទ្រ និងលើកទឹកចិត្តដល់ក្រុមព្រះសូរិយាក្នុងការស្រាវជ្រាវនូវស្នាដៃបន្ថែមទៀតពីព្រោះថាតាមរយៈការបង្ហោះស្នាដៃ(ក្នុងយូធូប)របស់ក្រុមនេះកន្លងមកបានផ្តល់នូវចំណេះដឹង និងក៏ដូចជាបានគាស់រំលើងនូវអ្វីដែលបាត់បង់ទៅឱ្យពលរដ្ឋកម្ពុជាបានឃើញ,បានស្វែងយល់ និងសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ថាកម្មវិធី «មួយម៉ឺនអាល័យលើកទី ៦»ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃ ទី ២ ដល់ថ្ងៃសុក្រ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner