បើកការប្រកួតថ្ងៃដំបូង អុំទូកថ្នាក់ខេត្ត នៅបន្ទាយមានជ័យមានភ្ញៀវ៣ម៉ឺននាក់ចូលរួមទស្សនា

បន្ទាយមានជ័យ ៖ ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យចំនួន២ថ្ងៃ កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ទឹងសិរីសោភ័ណ នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ មានអ្នកចូលទស្សនាប្រមាណ ៣ម៉ឺននាក់ ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ជាអធិបតីនិងមានមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនិងក្រុមការងារចម្រុះ ។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត បានឱ្យដឹងថា ទូកចម្រុះចំនួន ២៦គ្រឿងដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ មានទូកវែង មធ្យមនិងតូច ។គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ២២នាក់ ចំនួន១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន៥ទូក និងចំណុះ៣នាក់ ចំនួន២ទូក ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ដោយយោងលើកត្តាមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើង សេដ្ឋកិច្ចមានកំណើន មានស្ថិរភាពនយោបាយ មានការឯកភាពជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែប្រពៃណីជាតិ នេះឡើងនៅបណ្ដា ខេត្តនានាទៅតាមលទ្ធភាព។
ជាក់ស្ដែងខេត្តបន្ទាយមានជ័យ ក៏បានរៀបចំការប្រណាំងទូក ដែល ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅដងស្ទឹងសិរីសោភ័ណខាងក្រោយ សាកលវិទ្យាល័យជាតិមានជ័យ ៕ ឃិន គន្ធា

ads banner