អ្នកនិពន្ធចាស់វស្សាអ្នកស្រី អ៊ុក សំណាង ស្នើឱ្យអ្នកនិពន្ធវ័យក្មេងបញ្ចប់ការប្រើពាក្យអសុរោះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រហែលជាលោកអ្នកធ្លាប់បានអានប្រលោមលោកមួយចំនួនដែលមាននៅបណ្ណាល័យ ក៏ដូចជាបណ្ណាគាររួចហើយ ដែលស្នាដៃទាំងនោះលោកអ្នកអាចនឹងឃើញឈ្មោះអ្នកនិពន្ធ អ៊ុក សំណាង។ អ្នកស្រី អ៊ុក សំណាង ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធស្ត្រីខ្មែរម្នាក់ក្នុងចំណោមអ្នកនិពន្ធជាស្ត្រីខ្មែរផ្សេងទៀតដែលបានបង្កើតស្នាដៃជាប្រលោមលោក និងកំណាព្យ។

អ្នកនិពន្ធ អ៊ុក សំណាង មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ អ្នកស្រីកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៤៥។ ពីកុមារភាព រៀននៅសាលាបឋមសិក្សាបឹងកេងកង។ ក្រោយពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ ១៩៦៦ ប្រឡងជាប់ជាគិលានុបដ្ឋាយិកានិងជាឆ្មបនៅមន្ទីរពេទ្យផះង៉ាង៉ាម។ ទោះបីជាបានចូលបម្រើការងារក្ដី ក៏គាត់មិនបោះបង់ចោលការសិក្សាបន្តដែរ គឺក្នុងឆ្នាំដដែល យុវតីអ៊ុក សំណាង បានចូលរៀននៅថ្នាក់ទី១ ទំនើបជាតិនៅវិទ្យាល័យឯកជនសហវិជ្ជាភ្នំពេញ។

ក្រោយពីសង្គ្រាមស៊ីវិលបានបញ្ចប់ ស្ថានភាពប្រទេសបានល្អប្រសើរឡើងវិញ អ្នកស្រីបានចូលមកបម្រើការងារជាគិលានុបដ្ឋាយិកាមធ្យមវិញនៅក្នុងមន្ទីរមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ។ អ្នកស្រីបន្តការងារជាមន្ត្រីនៅក្រសួងសុខាភិបាលរហូតចូលនិវត្តន៍ក្នុងឆ្នាំ ២០០០។ ក្រោយពីចូលនិវត្តន៍ពីការងារ អ្នកស្រីបានបន្តការងារជាក្រុមប្រឹក្សាសង្កាត់ និងបានចាប់និពន្ធផងដែរ។

ដោយសារតែការស្រឡាញ់ចូលចិត្តអាន និងបានឆ្លងកាត់បទពិសោធជីវិតជាច្រើនសម័យកាលផងនោះ អ្នកនិពន្ធ អ៊ុក សំណាង បាននិពន្ធកំណាព្យ និងប្រលោមលោកជាច្រើន ពិសេសប្រលោមលោកមនោសញ្ចេតនាតែម្ដង។ ទាក់ទងនឹងការនិពន្ធប្រលោមលោកនេះ អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានចំណាប់អារម្មណ៍ក្នុងការតាក់តែងនិពន្ធប្រលោមលោក ទី១- ខ្ញុំស្រឡាញ់អក្សរសាស្ត្រខ្មែរ ចង់រក្សាវប្បធម៌អរិយធម៌ខ្មែរឱ្យបានស្ថិតស្ថេរចីរកាលរៀងរហូតទៅ ។ ទី២- ផ្តោតសំខាន់ទៅលើអក្ខរាវិរុទ្ធ សរសេរសម្រិតសម្រាំងទៅតាមវចនានុក្រមខ្មែរ សម្តេចជួន ណាត ពីព្រោះខ្ញុំចង់ឱ្យក្មេងជំនាន់ក្រោយចេះសរសេរ កុំឱ្យខុសច្រើនដូចសព្វថ្ងៃ»។

បន្ថែមពីលើនេះ អ្នកស្រីក៏បានបង្ហាញថាប្រលោមលោកខ្មែរយើងសព្វថ្ងែមិនសូវទទួលបានការចាប់អារម្មណ៍ពីយុវជនជំនាន់ថ្មីនេះទេ។ អ្នកនិពន្ធរូបនេះបានថ្លែងថា៖ «ប្រលោមលោកខ្មែរសព្វថ្ងៃមានការធ្លាក់ចុះក្នុងការអាន ដោយសារវប្បធម៌បរទេសហូរចូលច្រើនធ្វើឱ្យក្មេងៗភ្លេចខ្លួនងាកទៅចាប់អារម្មណ៍នឹងវប្បធម៌បរទេសច្រើន»។ ទោះបីជាយ៉ាងនេះក្ដី ក៏អ្នកស្រីនៅតែបន្តការនិពន្ធប្រលោម​លោកនេះមិនបោះបង់ឡើយ ហើយស្នាដៃអ្នកស្រីក៏នៅតែមានអ្នកគាំទ្រ។

ស្នាដៃអ្នកស្រីមានទាំងកំណាព្យ និងប្រលោមលោក ដែលក្នុងនោះជាប្រលោមលោកមាន ៤៤ ចំណងជើង ហើយស្នាដៃសំខាន់ៗមានដូចជា រឿងឈើពុកវល្លិ៍ព័ទ្ធ រឿងម៉ែជានរណា រឿងរាជនីហង្ស រឿងកម្មស្នេហ៍ព្យុះភ្លៀង រឿងផ្ការោយស្រទាប់ រឿងនិរន្តរស្នេហ៍ រឿងជម្រកអពមង្គល រឿងស្ត្រីនិងសិទ្ធិសម្រេចចិត្ត រឿងវិប្បដិសារី រឿងទឹកភ្នែកក្រពើ រឿងទឹកឃ្មុំល្វីង រឿងសែនរន្ធត់ រឿងមន្តស្នេហ៍ទន្លេមេគង្គ ជាដើម។ ចំណែកស្នាដៃជាកំណាព្យមានដូចជា ស្លាបប៉ាកកាខ្ញុំ មើលក្រោយផង ជ្រុងមួយនៃសោកនាដកម្មក្នុងរបបប៉ុល ពត ជាដើម។

ចំពោះវិស័យតែងនិពន្ធនេះ អ្នកស្រីមានប្រសាសន៍ទៅកាន់អ្នកនិពន្ធជំនាន់ថ្មីដូច្នេះថា «នាងខ្ញុំសូមអំពាវនាវឱ្យអ្នកនិពន្ធជំនាន់ក្រោយសរសេរអក្សរឱ្យបានត្រឹមត្រូវតាមវចនានុក្រមសម្តេច ជួន ណាត និងចៀសនូវពាក្យអសុរោះ ចំអេះចំអាស និងសូមសរសេរឱ្យមានការអប់រំដល់ក្មេងជំនាន់ក្រោយក្នុងសង្គមជាតិឱ្យបានល្អប្រពៃ កុំសរសេរដើម្បីតែទីផ្សារ»៕

ដោយ៖ ហ៊ួន ស៊ីឡូន

ads banner