វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍ និងអបអរសាទរ អង្គកឋិនទាន

សៀមរាប៖ ព្រះគ្រូចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតបានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណី លើកទី៥ ក្នុងគោលបំណងរឹតចំណងបង្កើនសាមគ្គីភាពរវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរនៅតាមមូលដ្ឋាន និងក៍គឺដើម្បីញ៉ាំងអង្គកឋិនសាមគ្គីឱ្យរឹងរឹតតែអឹកធិក និងជាពិសេសដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពានមកលើទឹកដីខ្មែរកាលពីអតីតកាល។ ពិធីអុំទូកលក្ខណៈប្រពៃណីនៅអារាមនេះត្រូវបានអាក់ខានអស់រយៈពេលពីឆ្នាំជាប់គ្នា ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា៖ថ្វីត្បិតតែមេរោគកូវីដ-១៩មិនទាន់សាបរលាបអស់ពីកម្ពុជានិងអស់ពីក្នុងពិភពលោកក្តី តែកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតេជោសែន បានខិតខំប្រឹងប្រែងពុះពារស្វែងរកវ៉ាក់សាំងចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃ តាំងពីដូសជំរុញរហូតដល់ដូសមូលដ្ឋាន និងបានធ្វើឱ្យស្ថានភាពនៃការឆ្លងមានការថយចុះជាលំដាប់ហើយសម្រេចបើកប្រទេសពេញលេញឡើងវិញតាមរយៈការណែនាំឱ្យបងប្អូនគ្រប់ទីកន្លែងរៀនរស់តាមបែបគន្លងថ្មីដើម្បីទប់ស្កាត់ ការពារការឆ្លងរីករាលដាលទៅក្នុងសហគមន៍ អាស្រ័យដោយគុណបំណាច់ដ៍ធំធេងនេះទើបយើងមានការជួបជុំធ្វើបុណ្យផ្សេងៗដោយរីករាយ។ព្រះចៅអធិការបន្តថា៖ពិធីប្រណាំងទូក បែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ ដើម្បីថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មានមកកុំឱ្យបាត់បង់ ដើម្បីអបអរសាទរចំពោះបុណ្យកថិនទានសាមគ្គីដង្ហែចូលវត្ត និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល រក្សានូវទីអារាមរបស់យើងនេះ ឱ្យបានសុខសាន្តនិងសម្បូរសប្បាយ។ថ្លែងបើកពិធីប្រណាំងទូក ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ព្រះធម្មធរគណខេត្ត បានចាត់ទុកការរៀបចំឱ្យមានពិធីប្រណាំងទូកឱបស្ទបជាមួយនឹងអង្គកឋិនទាន ថាជាការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់និងមានគុណតម្លៃមិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើម។

ព្រះអង្គមានសង្ឃដីកាថា៖ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និងភាពរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ឋចក្រក៍មានសន្ទុះរីកចម្រើនខ្លាំងក្លាគួរឱ្យមោទនៈភាពផងដែរ តែយ៉ាងណាក៍ដោយក៍យើងត្រូវតែធ្វើឱ្យប្រសើរឡើងថែមទៀតនូវកត្តាសំខាន់ៗ មួយចំនួន ដូចជា ពង្រឹងការអនុវត្តនូវខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសឱ្យមាន ប្រសិទ្ធភាព ការពង្រឹងតួនាទី និងភារកិច្ចមន្ត្រីសង្ឃគ្រប់ថ្នាក់ឱ្យកាន់តែប្រសើរឡើង, កាត់បន្ថយអធិករណ៍ក្នុងវត្តអារាមឱ្យកាន់តែតិចទៅៗ និងឈានទៅលុបបំបាត់ទាំងស្រុង៕ ដោយ ស៊ាន សុផាត

ads banner