ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ចំនួន ១២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោក វុធ តារា អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ មានភូមិធម្មជាតិចំនួន ៣៥០គ្រួសារ, ភូមិស្រអែមជើងចំនួន ២៣៨គ្រួសារ, ភូមិចំបក់សែនជ័យចំនួន ២០០គ្រួសារ, ភូមិសុខសែនជ័យចំនួន ២០០គ្រួសារ ភូមិតេជោបុស្បូវចំនួន ១០០គ្រួសារ, ភូមិស្ទឹងខៀវចំនួន ១០០គ្រួសារ, និងភូមិបង្គោល៨ចំនួន ១០០គ្រួសារ ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ពីកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយសម្តេចតេជោ បានអញ្ជើញទៅកាន់ខេត្តជុំវិញបឹងទន្លេសាប និងខេត្តព្រៃវែង ដើម្បីផ្តល់ពូជស្រូវ និងស្បៀងអាហារផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចថា បើទោះបីសម្តេចមមាញឹកនឹងការងារធំៗរបស់ជាតិ តែសម្តេចនៅតែឆ្លៀតពេលពីការងារដ៏មមាញឹក ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។ តាមរយៈសកម្មភាពទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរងគ្រោះដោយទឹកជំនន់។ បើទោះបីជាយ៉ាងណាឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រឹងប្រែងធ្វើស្រែឡើងវិញ សម្រាប់កន្លែងមានប្រភពទឹក ហើយកន្លែងគ្មានប្រភពទឹក ត្រូវយកចិត្តទុកដាក់ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរតាមដាន និងជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើស្រែ ដាំដុះបន្លែ ក៏ដូចជាចិញ្ចឹមសត្វក្រោយពេលទឹកជំនន់ ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាពរបស់ពួកគាត់ ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលពលរដ្ឋមានទុក្ខលំបាក។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យទទួលបាននូវភាពជោគជ័យ៕ សួនលីណា

ads banner